ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

លោកប្រាយុទ្ធចាន់អូចាអាចប្រឈមមុខនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្តពីរដ្ឋសភា

២០ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

 

នៅថ្ងៃសៅរ៍ស្អែកនេះ នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធចាន់អូចា នឹងឆ្លងកាត់វិញ្ញាសាដ៏លំបាកមួយ។ នោះគឹការបោះឆ្នោតដកសេចក្ដីទុកចិត្តពីសំណាក់រដ្ឋសភា។ ការប្រឈមមុខនេះកើតមានឡើងនៅក្នុងពេលដែលប្រទេសជាតិកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ចដោយសារជំងឺខូវីដ១៩ រួមទាំងបញ្ហាដែលពាក់ព័ន្ធនឹងការហែបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលកាលពីឆ្នាំ២០២០។

 

 

 

 

 

 

ទោះបីជាមានការជជែកដេញដោលនៅក្នុងរដ្ឋសភាយ៉ាងណាក្ដី, ក៏លោកប្រាយុទ្ធចាន់អូចាទំនងជាអាចឆ្លើយដោះបន្ទុករួច ហើយនៅតែបន្តកាន់អំណាចជានាយករដ្ឋមន្ត្រីថៃដដែល។ នេះបើយោងតាមការប្រមើលមើលរបស់អ្នកវិភាគ។ តាមពិត នេះមិនមែនជាលើកទី១ទេ ដែលលោកប្រាយុទ្ធជួបនឹងការកោះប្រជុំសភាដើម្បីដកហូតតំណែង។

 

 

 

កាលពីជិត១មួយឆ្នាំមុន, លោកធ្លាប់ត្រូវរដ្ឋសភាបោះឆ្នោតដកសេចក្ដីទុកចិត្តម្ដងហើយ។ ប៉ុន្តែលោកអាចឆ្លងកាត់ដំណាក់កាលនោះរួច។ កាលនោះ តុលាការកំពូលបានហាមឃាត់អ្នកតំណាងរាស្ត្របក្សប្រឆាំងចំនួន១១រូប មិនឲ្យចូលរួមបោះឆ្នោតដកសេចក្ដីទុកចិត្ត។ ជាថ្មីម្ដងទៀត រដ្ឋាភិបាលចម្រុះក្រោមការដឹកនាំរបស់លោកប្រាយុទ្ធចាន់អូចា កំពុងរងការរិះគន់យ៉ាងខ្លាំងចំពោះបញ្ហាអសកម្មមួយចំនួនដូចជាបញ្ហាខូវីដ១៩ និងបញ្ហាវ៉ាក់សាំង។

 

 

 

អ្នកតំណាងរាស្ត្របក្សប្រឆាំងចោទប្រកាន់ថារដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំងយឺតយ៉ាវពេក និងពឹងផ្អែកខ្លាំងពេកទៅលើវ៉ាក់សាំងរបស់ក្រុមហ៊ុនតែមួយ។ នៅពេលនេះ លោកប្រាយុទ្ធចាន់អូចាមានអ្នកតំណាងរាស្ត្រគ្រប់គ្រាន់សម្រាប់បោះឆ្នោតគាំទ្រលោកឲ្យកាន់តំណែងនាយករដ្ឋមន្ត្រីជាបន្តទៀត។ ប៉ុន្តែអ្វីដែលសំខាន់ គឺការឡើងបកស្រាយនៅក្នុងរដ្ឋសភា ដើម្បីផ្ដល់ភាពសមហេតុផលដែលសភាត្រូវបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត។

 

 

 

គណបក្សប្រឆាំងក៏ចង់និយាយពីការកែទម្រង់របបរាជានិយមផងដែរ។ ប៉ុន្តែសំណើនេះទំនងជាត្រូវលោកប្រាយុទ្ធចាន់អូចាជំទាស់។ ដូច្នេះ គេគិតថាការហែបាតុកម្មតវ៉ានៅតាមដងផ្លូវអាចនឹងកើតមាន ដោយយោងតាមការព្យាកររបស់អ្នកវិភាគ៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024