ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

វិស័យទេសចរណ៍ថៃ កាន់តែធ្លាក់ចូលទៅក្នុងបញ្ហាលំបាក ដោយសារតែ កូវីដ១៩

២០ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ និងសណ្ឋាគារជាច្រើន បានសង្កត់ធ្ងន់ថា ស្ថានការណ៍វិស័យទេសចរណ៍នាពេលនេះ កាន់តែលំបាក ធ្ងន់ធ្ងរជាងមុនទៅទៀត ហើយពួកគេសង្ឃឹមថា នឹងទទួលបានជំនួយពី រាជរដ្ឋាភិបាលថៃ នាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមសារព័ត៌មានក្នុងស្រុកថៃ ចេញផ្សាយ នៅថ្ងៃនេះ។

 

លោក តាសាផុន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia បានលើកឡើងថា នៅពេលមួយ ដែលភ្ញៀវទេសចរណ៍អន្តរជាតិ អាចវិលត្រលប់មកកម្សាន្តនៅក្នុងប្រទេសថៃវិញបាន ថៃ អាចនឹងមិនមានក្រុមហ៊ុនអាកាសចរណ៍គ្រប់គ្រាន់ ដើម្បីបម្រើការដល់ពួកគេទៀតនោះឡើយ ព្រោះឥឡូវនេះ ក្រុមហ៊ុនជាច្រើន បានក្ស័យធនរួចទៅហើយ ដោយសារតែវិបត្តិហិរញ្ញវត្ថុ។


លោក តាសាផុន ពន្យល់បន្ថែមថា នៅពេលរាជរដ្ឋាភិបាលផ្តល់កញ្ចប់ជំនួយដល់ ប្រជាពលរដ្ឋថៃ ពួកគេសម្រចចិត្ត មិនប្រើប្រាស់ជើងហោះហើរនោះទេ ដោយផ្លាស់ប្តូរទៅជា ការធ្វើដំណើរកម្សាន្តទៅកាន់ តំបន់ជិតៗនោះទៅវិញ។


ជាក់ស្តែង ការសម្រាកនៅបន្ទប់សណ្ឋាគារ ៦លានកន្លែង នៅក្នុងកញ្ចប់ជំនួយរបស់រាជរដ្ឋាភិបាលថៃ គឺត្រូវបានប្រើប្រាស់ទាំងអស់ ដោយឡែកកញ្ចប់ជំនួយសំបុត្រយន្តហោះ ២លានកន្លែង គឺប្រើប្រាស់បានតែជាង ៦សែនសន្លឹកតែប៉ុណ្ណោះ។


លើសពីនេះ ភ្ញៀវទេសចរអន្តរជាតិ ក៏មានការចំណាយតិចជាងមុន គួបផ្សំនឹង ការរឹតបន្តឹងលើជើងហោះហើរនៅតាមបណ្តាប្រទេសនីមួយៗ ដែលធ្វើឲ្យ អនាគតរបស់ក្រុមហ៊ុនអាកាសចរណ៍ កាន់តែស្រអាប់ជាងនេះទៅទៀត ខណៈជើងហោះហើរក្នុងមួយថ្ងៃៗ កាន់តែថយចុះជាងមុន។


អាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ បានបង្ហាញនៅក្នុងរបាយការណ៍របស់ខ្លួនថា ចំនួនអ្នកដំណើរក្នុងស្រុក ដែលបានប្រើប្រាស់ជើងហោះហើរក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០កន្លងទៅ គឺធ្លាក់ចុះ ២៧% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយចំពោះជើងហោះហើរអន្តរជាតិ ធ្លាក់ចុះដល់ទៅ ៩៩%។


លោកស្រី ម៉ារីសា ប្រធានសមាគមសណ្ឋាគារថៃ បានគូសបញ្ជាក់ថា ៥០% នៃសណ្ឋាគារទូទាំងប្រទេសថៃ គឺបានបិទទ្វារអាជីវកម្មរួចទៅហើយ ខណៈអាជីវកម្មដែលនៅសេសសល់ គឺកំពុងតែព្យាយាមធ្វើយ៉ាងណា ដើម្បីអាចរស់រ៉ានបាន។


លោកស្រី បន្តថា ស្ថានការណ៍នៅពេលនេះ គឺពិបាកដោះស្រាយណាស់ ហើយមិនអាចប៉ាន់ស្មានថា នៅពេលណា ដែលអាចត្រលប់មករកសភាពដើមវិញបានណាស់។


ទោះយ៉ាងណា សណ្ឋាគារមួយចំនួន នៅតែរក្សាការងារ សម្រាប់បុគ្គលិក បើទោះបីជា ពួកគេទទួលបានប្រាក់ឧបត្ថម្ភទាបជាងមុនក៏ដោយ ហើយសណ្ឋាគារខ្លះ ក៏ផ្តល់កន្លែងស្នាក់នៅដល់ បុគ្គលិក ដែលមិនមានលទ្ធភាពបង់ថ្លៃឈ្នួលផងដែរ។

 


ជាចុងក្រោយ វិស័យឯកជន រំពឹងនឹងទទួលបានការគាំទ្របន្ថែមពី រាជរដ្ឋាភិបាលថៃ បើមិនដូច្នោះ វិស័យទេសចរណ៍ទាំងមូល នឹងដួលរលំ មុននឹងស្ថានការណ៍អាចត្រលប់មករកសភាពដើមវិញបាន៕
 

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024