ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

និស្សិតខ្មែរក្រោម ខិតខំថែរក្សាវប្បធម៌ប្រពៃណីខ្មែរបានយ៉ាងល្អ

១៩ កុម្ភៈ ២០២១ | កម្សាន្ដ

សិស្សនិស្សិតខ្មែរក្រោម នៅតែបន្តខិតខំថែរក្សាវប្បធម៌ប្រពៃណីខ្មែរតាមយ៉ាងល្អ តាមរយៈការខិតខំរៀនរាំរបាំប្រពៃណីខ្មែរ និងបានបង្ហាញអំពីអារម្មណ៍មោទនភាពបំផុតនៅពេលបានគ្រងឈុតសំលៀកបំពាក់របាំប្រពៃណី។

 

 


ស្ថិតក្នុងសម័យបច្ចេកវិទ្យាដែលសំបូរដោយសិល្បៈបែបទំនើបស៊ីវីល័យក៏ពិតមែន ប៉ុន្តែសិស្សនិស្សិតខ្មែរក្រោម ដែលកំពុងរស់នៅតំបន់ភាគខាងត្បូងប្រទេសវៀតណាម នៅតែចាប់អារម្មណ៍រៀនសូត្រពីវប្បធម៌ ប្រពៃណីខ្មែរយ៉ាងខ្ជាប់ខ្ជួន។ 

 

 

 

ឆ្លៀតពេលពីការងារនិងការសិក្សា យុវជនខ្មែរក្រោមជាច្រើននាក់បានជួបជុំគ្នារៀនរាំរបាំប្រពៃណីខ្មែរ ជាមួយការគ្រងសម្លៀកបំពាក់ប្រពៃណីបានយ៉ាងស្រស់ស្អាត។

 

 

 

និស្សិតឈ្មោះថា Lam Diem (ឡាំដៀម) ដែលសិក្សាផ្នែកភាសាខ្មែរ នៅសកលវិទ្យាល័យ Tra Vinh (ត្រាវិញ) បាននិយាយថាខ្លួនមានមោទនភាពបំផុតនៅពេលដែលបានស្លៀកពាក់ឈុតសំលៀកបំពាក់ប្រពៃណី ដែលឈុតសំលៀកបំពាក់នេះជួយឲ្យនាងមានភាពជឿជាក់នៅពេលរាំរបាំ។ 

 

 

 

ចំណែកយុវតី THI TRANG (ធី ត្រាង) ជានិស្សិតមហាវិទ្យាល័យសេដ្ឋកិច្ចនិងច្បាប់វិញ ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា ការរៀនរបាំបុរាណនេះពិតជាមានការលំបាកខ្លាំង ប៉ុន្តែនាងមានអារម្មណ៍រំភើប និងមានមោទនភាពដែលបានរៀនសូត្រនូវក្បាច់រាំដ៏ផូរផង់របស់ខ្មែរ។

 

 

 

របាំប្រពៃណីដែលក្រុមនិស្សិតស្រីខ្មែរក្រោមកំពុងតែសម្ដែងនេះគឺជារបាំជូនពរ ជារបាំសម្រាប់សម្ដែងដល់គណៈអធិបតី និងភ្ញៀវកិត្តិយសដែលបានអញ្ជើញចូលរួមក្នុងពិធីបដិសណ្ឋារកិច្ច ឬទស្សនកិច្ចឱ្យទទួលបាននូវសិរី សួស្តី ជ័យមង្គល។ របាំមួយនេះក៏ឧស្សាហ៍ត្រូវបានសម្ដែងក្នុងពិធីបុណ្យចូលឆ្នាំផងដែរ។

 

 

 

ក្រៅពីការរៀនរាំរបាំបែបប្រពៃណី យុវជនខ្មែរក្រោមក៏មានការរៀបចំហ្វឹកហាត់រាំរបាំប្រជាប្រិយខ្មែរដូចជាចង្វាក់រាំវង់ សារ៉ាវ៉ាន់ផងដែរ ដើម្បីត្រៀមសម្រាប់កម្មវិធីចូលឆ្នាំខ្មែរខាងមុខនេះ ៕
 

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024