ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

អាជ្ញាធររាជធានីភ្នំពេញ សម្រុកស្តារប្រឡាយក្នុងខណ្ឌចំនួន៣ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង នៅរដូវវស្សាខាងមុខ

១៩ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ សម្រុកស្តារប្រឡាយ ក្នុងខណ្ឌចំនួន៣ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀវនៅរដូវវស្សាខាងមុខ។ ស្របគ្នាជាមួយការងារស្តារប្រឡាយនេះ អភិបាលរាជធានីភ្នំពេញ ក៏ណែនាំអោយបង្កើនការទប់ស្កាត់ករណីរំលោភលើចំណីផ្លូវចំណីប្រឡាយ ឬចាក់ដីរំលោកយកប្រឡាយទំាងស្រុង ដែលបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ការរំដោះទឹកជំនន់ទឹកភ្លៀង។ 

 


ប្រឡាយរំដោះទឹកក្នុងភូមិសាស្រ្តខណ្ឌចំនួន៣ រួមមាន ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ត្រូវអាជ្ញាធររាជធានីភ្នំពេញ ប្រើប្រាស់គ្រឿងចក្រសម្រុកស្ដារ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀវនៅរដូវវស្សាខាងមុខ។


ក្នុងដំណើរចុះពិនិត្យដោយថ្មើរជើង លើការស្ដារប្រឡាយ នាព្រឹកថ្ងៃទី១៨ ខែកុម្ភះនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជម្រុញអោយមន្រ្តីពាក់ព័ន្ធទំាងអស់ត្រូវ បង្កើនល្បឿនស្តារទាន់ពេលវេលាមុនរដូវវស្សាធ្វើយ៉ាងណាបើកផ្លូវទឹកឱ្យហូរបានលឿន ដើម្បីកាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន៤នៅជាយរាជធានីភ្នំពេញ។

 


ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគដីកម្មសិទ្ធិរបស់ខ្លួន ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពស្ដារប្រឡាយនេះឱ្យបានធំជាងមុន។ ឯកឧត្តម ក៏បានណែនាំដល់មន្រ្តីពាក់ព័ន្ធទំាងអស់ត្រូវបង្កើនការទប់ស្កាត់ករណីរំលោភលើចំណីផ្លូវចំណីប្រឡាយ ឬចាក់ដីរំលោភយកប្រឡាយទំាងស្រុង ដែលបង្កផលប៉ៈពាល់ធ្ងន់ធ្ងរដល់ការរំដោះទឹកជំនន់ទឹកភ្លៀង ។

 


គួរបញ្ជាក់ថា នៅទូទំាងរាជធានីភ្នំពេញ មានប្រឡាយមេសរុបចំនួន ៣៧ប្រឡាយ ក្នុងនោះប្រឡាយមេធំៗមានចំនួន១៧ខ្សែ និងប្រឡាយមេរង មានចំនួន២០ខ្សែ ខណៈប្រឡាយមួយចំនួន ត្រូវបានរងការរំលោភបំពានកាន់កាប់ដោយខុសច្បាប់។ ហើយនៅឆ្នាំ២០២១រដ្ឋបាលរាជធានីភ្នំពេញមានផែនការស្តារ ប្រឡាយមេជាច្រើនទៀតនៅភាគខាងជើង និងភាគខាងលិចបន្តទៀត ដើម្បីធានាការពារកុំឱ្យជន់លិចរាជធានីភ្នំពេញនារដូវវស្សាខាងមុខ៕


អត្ថបទ៖ សន រដ្ឋា និងរូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024