ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សេដ្ឋកិច្ចមីយ៉ាន់ម៉ា អាចនឹងខាតបង់ច្រើនបំផុត ដោយសារតែរដ្ឋប្រហារយោធា និងកូវីដ១៩

១៩ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា ត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងធ្លាក់ចុះខ្លាំងបំផុត នៅក្នុងឆ្នាំ ២០២១នេះ ដោយសារតែ ករណីរដ្ឋប្រហារយោធា បានប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន និងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានអន្តរជាតិធំៗ នៅថ្ងៃនេះ។

 


ក្រុមអ្នកជំនាញនៅក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម បានអះអាងថា សកម្មភាពរដ្ឋប្រហារ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានធ្វើឲ្យប៉ះពាល់ដល់ ការវិនិយោគពីក្រៅប្រទេសរបស់ខ្លួន។


តួយ៉ាងសហរដ្ឋអាមេរិក បានប្រកាសថា នឹងពិចារណាទៅលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតទៅលើ ប្រទេសមួយនេះ ទោះយ៉ាងណា អ្នកជំនាញ ពន្យល់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក នៅមានកម្រិត ពីព្រោះការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ភាគច្រើនជាការវិនិយោគរបស់បណ្តាប្រទេសក្នុងតំបន់អាស៊ី។


បើតាមធនាគារពិភពលោក បានបង្ហាញថា កាលពីឆ្នាំ ២០២០កន្លងទៅ មីយ៉ាន់ម៉ា ទទួលបានការវិនិយោគផ្ទាល់ពីបរទេសប្រមាណ ៥ពាន់ ៥រយលានដុល្លារអាមេរិក ដែលក្នុងនោះ សិង្ហបុរី ជាវិនិយោគិនធំជាងគេបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលកាន់កាប់ចំណែកដល់ទៅ ៣៤% នៃការវិនិយោគសរុប ហើយក្រៅពីនោះ គឺ ហុង កុង កាន់កាប់ចំណែក ២៦%។


លើសពីនេះ វិនិយោគិនបរទេស ក៏ត្រូវការពេល ២ ទៅ ៣ខែ ដើម្បីសិក្សាវាយតម្លៃអំពី ផលប៉ះពាល់ និងដំណោះស្រាយរបស់ របបយោធាមីយ៉ាន់ម៉ានេះ ខណៈបច្ចុប្បន្ន ស្ថានការណ៍នៅក្នុងប្រទេសនេះ បានសបញ្ជាក់យ៉ាងច្បាស់អំពី ភាពមិនច្បាស់លាស់នៃនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាកត្តាសំខាន់សម្រាប់ការសម្រេចចិត្តរបស់ វិនិយោគិន។


ក្រៅពីនេះ គម្រោងវិនិយោគសំខាន់ៗ នៅក្នុងមីយ៉ាន់ម៉ា អាចនឹងជាប់គាំង ហើយកិច្ចចរចាពាណិជ្ជកម្មអន្តរជាតិ អាចនឹងត្រូវបានសើរើឡើងវិញដែរ។


សូមជម្រាបដែរថា បើតាមការព្យាករណ៍ចុងក្រោយបំផុតរបស់ធនាគារពិភពលោក គឺបង្ហាញថា សេដ្ឋកិច្ចប្រទេសមីយ៉ាន់ម៉ា អាចនឹងមានកំណើនទាបត្រឹម ២% ក្នុងឆ្នាំ២០២១នេះ តែយ៉ាងណានៅពេលនេះ ករណីរដ្ឋប្រហារយោធា គួបផ្សំនឹង បញ្ហាមេរោគកូវីដ១៩ អាចនឹងទាញទម្លាក់សេដ្ឋកិច្ចមីយ៉ាន់ម៉ា ឲ្យធ្លាក់ចុះមកវិញ៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ  

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024