ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២១

សេដ្ឋកិច្ចវៀតណាម អាចនឹងកើនឡើង ៥,៨% បើសិនទប់ស្កាត់កូវីដ១៩ បានល្អ

១៩ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងនយោបាយវៀតណាម បានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាម អាចនឹងមានកំណើន ៥,៨% នៅក្នុងឆ្នាំ២០២១នេះ បើសិនជា វៀតណាមអាចទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅក្នុងសហគមន៍បាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


ប្រភពដដែលបានបញ្ជាក់ថា ការព្យាករណ៍យ៉ាងដូច្នេះ គឺផ្អែកទៅលើ សេណារីយ៉ូដែល កូវីដ១៩ ត្រូវទប់ស្កាត់ និងគ្រប់គ្រងបានរហូតដល់ដំណាច់ឆ្នាំនេះ ហើយសេដ្ឋកិច្ចក្នុងស្រុក ចាប់ផ្តើមប្រសើរឡើងជាបណ្តើរៗ។


យ៉ាងណាក៏ដោយចុះ ការព្យាករណ៍របស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច និងនយោបាយវៀតណាម គឺទាបជាងការព្យាករណ៍របស់ រដ្ឋាភិបាលវៀតណាម ដែលរំពឹងនឹងមានកំណើនដល់ទៅ ៦,៥%។


នៅក្នុងសេណារីយ៉ូ មួយទៀតដែលករណីឆ្លងមេរោគកូវីដ១៩ ផ្ទុះឡើងខ្លាំងនៅក្នុងសហគមន៍ ហើយកាត់ផ្តាច់សកម្មភាពសេដ្ឋកិច្ច នោះវៀតណាម នឹងមានកំណើនសេដ្ឋកិច្ចត្រឹមតែ ១,៨% ប៉ុណ្ណោះ។


បើតាមការព្យាករណ៍របស់ ធនាគារ HSBC បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចវៀតណាម នឹងអាចស្ទុះឡើងដល់ ៨% ក្នុងឆ្នាំ ២០២១នេះ តែធនាគារពិភពលោក ព្យាករណ៍ថា នឹងមានកំណើនតែ ៦.៨% ដោយអះអាងថា ការគ្រប់គ្រងស្ថានការណ៍មេរោគកូវីដ១៩ របស់វៀតណាម គឺធ្វើបានល្អ ជាចំណុចទាក់ទាញសម្រាប់ ក្រុមហ៊ុនមកពីបរទេស ហើយវាជាឱកាសជម្រុញដល់ការនាំចេញថែមទៀតផង។


សេដ្ឋកិច្ចវិទូវៀតណាម បានគូសបញ្ជាក់ថា កំណើន ៦.៥% ឬខ្ពស់ជាងនេះ សុទ្ធតែអាចសម្រេចទៅបាន ប៉ុន្តែវាពឹងផ្អែកទៅលើ ស្ថានការណ៍កូវីដ១៩ ទូទាំងសកលលោក ព្រោះថា សេដ្ឋកិច្ចវៀតណាម ពឹងផ្អែកខ្លាំងទៅលើ ជំនួញពាណិជ្ជកម្ម។

 


សូមជម្រាបដែរថា នៅក្នុងឆ្នាំ ២០២០ ដែលមានបញ្ហាប្រឈមជាច្រើន ពាក់ព័ន្ធនឹងវិបត្តិមេរោគកូវីដ១៩នោះ ប្រទេសវៀតណាម អាចសម្រេចបានការនាំចេញប្រមាណ ២៨១ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៦% ធៀបនឹងឆ្នាំ ២០១៩៕
 

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.