ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

បេក្ខសមណៈ បេក្ខជនដាក់ពាក្យសុំអាហាររូបករណ៍ព្រះសីហនុរាជ មានច្រើនលើសរំពឹងទុក

១៨ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ទទួលពាក្យស្នើសុំអាហារូបករណ៍ នៅពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ត្រូវបានបញ្ចប់ទៅហើយ ដោយមន្ត្រីទទួលបន្ទុកការងារនេះ បានអះអាងថា មានបេក្ខសមណៈ និង បេក្ខជន បេក្ខនារី បានដាក់ពាក្យសុំអាហារូបករណ៍នេះ ច្រើនលើសពីការរំពឹងទុក ហើយការប្រឡងសម្រិតសម្រាំងសម្រាប់ទទួលឱ្យចូលរៀន គ្រោងនឹងធ្វើនៅចុងខែ មីនា ខាងមុខនេះ ។

 


អាហារូបករណ៍ដែលត្រូវបានប្រកាសសម្រាប់ឆ្នាំ ២០២១ នេះ មាន ៨ ឯកទេស ដោយក្នុង ១ ឯកទេស ត្រូវការសមណនិស្សិត និង និស្សិតពី ២៥ ទៅ ៣០ អង្គនាក់ ពោលគឺជាសរុបត្រូវការត្រឹមតែប្រមាណជា ២៤០ អង្គ នាក់ប៉ុណ្ណោះ សម្រាប់ទីតាំងភ្នំពេញ ដែលជាទីតាំងកណ្តាល ហើយដោយសារតែស្ថានភាពជំងឺកូវីដ ១៩ ទើបថ្នាក់ដឹកនាំ នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ មិនរំពឹងថា នឹងមានបេក្ខសមណៈ និង បេក្ខជនជ បេក្ខនារី ដាក់ពាក្យសុំអាហារូបករណ៍នេះ គ្រប់ចំនួនផងទេ ។ ប៉ុន្តែជាក់ស្តែងបេក្ខសមណៈ និង បេក្ខជន បេក្ខនារី បានដាក់ពាក្យសុំអាហារូបករណ៍ដល់ទៅប្រមាណជា ៤០០ អង្គ និង នាក់ ពោលគឺលើសពីផែនការ និង ការរំពឹងទុកប្រមាណជា ២០ ទៅ ៣០ ភាគរយឯណោះ ។ នេះបើតាមការអះអាងរបស់លោក ព្រើន សុវង្ស ព្រឹទ្ធបុរសរងទទួលបន្ទុកថ្នាក់ឆ្នាំសិក្សាមូលដ្ឋាននៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ។

 


ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គ្រោងនឹងរៀបចំប្រឡងជ្រើសរើសបេក្ខសមណៈ និង បេក្ខជន បេក្ខនារីទាំងនោះ នៅចុងខែ មីនា ខាងមុខនេះ ។ ទោះយ៉ាងណា កាលបរិច្ឆេទនេះ មិនទាន់ជាផ្លូវការនៅឡើយទេ ព្រោះត្រូវរង់ចាំការពិនិត្យអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ ហើយការដែលត្រូវបានអនុញ្ញាតដែរ ឬ អត់នោះ គឺទំនងជាគ្មានអ្វីក្រៅតែពីស្ថានភាពជំងឺកូវីដ ១៩ ទេ ព្រោះអ្វីៗត្រូវបានរៀបចំត្រៀមរួចរាល់អស់ហើយ ។ នេះបើតាមការឱ្យដឹងរបស់លោក ព្រើន សុវង្ស ដដែល ហើយក្នុងន័យនេះ លោក ព្រើន សុវង្ស បានក្រើនរំឭកដល់បេក្ខសមណៈ និង បេក្ខជន បេក្ខនារីទាំងអស់ ក៏ត្រូវត្រៀមខ្លួនឱ្យបានល្អ ។

 


សូមជម្រាបថា សម្រាប់ ឆ្នាំ ២០២១ នេះ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានប្រកាសផ្តល់អាហារូបករណ៍ ១០០ ភាគរយ ថ្នាក់បរិញ្ញាបត្រ  ចំនួន ៤៥០ កន្លែងសម្រាប់សាខាទាំង ៣ នៅទូទាំងប្រទេស ទៅលើឯកទេសចំនួន ៨ មានដូចជាភាសា បាលី ទស្សនវិជ្ជាពុទ្ធសាសនា អក្សរស្ត្រខ្មែរ អក្សរសាស្ត្រអង់គ្លេស និង គ្រប់គ្រងទូទៅជាដើម ។

 


ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានពុទ្ធិកឧត្តមសិក្សា ដ៏មានវ័យចំណាស់ និង កិត្តិនាមជាងគេនៅ កម្ពុជា ហើយបើទោះជាដើមឡើយពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ព្រះសង្ឃក៏ពិតមែន ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំ នៃ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ បានធ្វើកំណែងទម្រង់មួយចំនួន និង បានទទួលនិស្សិតដែលជាគ្រហស្ថ ទាំងប្រុស ទាំងស្រី ហើយជាលទ្ធផល បច្ចុប្បន្ននេះ មាននិស្សិតជាគ្រហស្ថប្រមាណជា ៦០ ភាគរយ កំពុងសិក្សានៅទីនោះប្រកបដោយសុដុមរមនា ហើយក្នុងចំណោមនិស្សិតជាគ្រហស្ថទាំងនោះទៀតសោត មាននិស្សិតជាស្ត្រីប្រមណជា ៥៥ ទៅ ៦០ ភាគរយ ពោលគឺនិស្សិតជាស្ត្រី ច្រើនជាងនិស្សិតជាបុរស ដែលកំពុងសិក្សានៅ ពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ៕


អត្ថបទ៖ ខឿន សាឃាង រូបភាព៖ ឯកសារ និង ព្រះសីហនុរាជ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024