ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

អាជ្ញាធររាជធានីភ្នំពេញ ពិនិត្យសិក្សាទីតាំងដាក់សាឡាងចម្លងពីតំបន់ច្បារអំពៅ ទៅកោះពេជ្រ ដើម្បីរំដោះការកកស្ទះចរាចរណ៍ នៅលើផ្លូវជាតិលេខ១

១៨ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ បានចុះពិនិត្យលទ្ធភាពទីតាំងជាក់ស្តែង ដើម្បីដាក់សាឡាងចម្លងអ្នកដំណើរ ពីកោះនរា ក្នុងខណ្ឌច្បារអំពៅ ទៅកោះពេជ្រ ក្នុងខណ្ឌចំការមន។ ការសិក្សាដាក់អោយដំណើរការសាឡាងចម្លងអ្នកដំណើរនេះ ក្នុងគោលដៅ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ជាបណ្តោះអាសន្ន ខណៈដែលស្ពានបេតុងខ្សែកាប ដែលតភ្ជាប់តំបន់កោះពេជ្រ ទៅកោះនរា កំពុងដំណើរការសាងសង់។ 

 


ដើម្បីដោះស្រាយភាពកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ជាបណ្តោះអាសន្ន មុនពេលស្ពានបេតុងខ្សែកាបដែលតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងរណបកោះនរាសាងសង់រួចរាល់ អាជ្ញាធររាជធានីភ្នំពេញ បានចុះពិនិត្យលទ្ធភាពទីតាំងជាក់ស្តែង គ្រោងដាក់សាឡាងចម្លងអ្នកដំណើរពីកោះនរាក្នុងខណ្ឌច្បារអំពៅ ទៅកោះពេជ្រក្នុងខណ្ឌចំការមន។

 

 

ក្នុងដំណើរចុះពិនិត្យទីតាំងដាក់សាឡាងឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មិនបានកំណត់ពីពេលវេលាជាក់លាក់នៃការចាប់ផ្ដើមដំណើរការសាឡាងចម្លងអ្នកដំណើរនេះទេ ប៉ុន្កែឯកឧត្តម បានបង្ហើបពីគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់មួយទៀតនៅភាគខាងត្បូងផ្លូវជាតិលេខ១ ភ្ជាប់ពីតំបន់ព្រែកប្រា ក្នុងខណ្ឌច្បារអំពៅ មកផ្លូវជាតិលេខ២ ក្នុងខណ្ឌមានជ័យ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១ ភ្ជាប់មកផ្លូវជាតិលេខ២ ។

 

 

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានចាត់ទុកថា គម្រោងសាងសង់ស្ពាននៅតំបន់ព្រែកប្រានេះ គឺជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតក្នុងទឹកដីខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ដែល នឹងដើរតួនាទីយ៉ាងសំខាន់ជួយសម្រួលដល់ការថ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពកកស្ទះចរាចរណ៍ និងចំណេញពេលវេលាក្នុងការធ្វើដំណើរ។

 


គួរបញ្ជាក់ថា មុននឹងមានការសិក្សាគម្រោងដាក់សាឡាងចម្លងពីកោះនរាទៅកោះពេជ្រ កាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២០ ស្ពានបេតុងខ្សែកាបដែលតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងរណបកោះនរាក្នុងខណ្ឌច្បារអំពៅក៏បានបើកការដ្ឋានសាងសង់ជាផ្លូវការផងដែរ ក្រោមអធិបតីភាពសម្ដេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរំដោះភាពកកស្ទះចរាចរណ៍នៅលើផ្លូវជាតិលេខ១។ ស្ពានបេតុងខ្សែកាប្លិ៍ ដែលគ្រោងចំណាយថវិកា ៣៨លានដុល្លារអាមេរិក និងរយៈពេលសាងសង់ចំនួន ៣៥ខែនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ជាពិសេសជួយកាត់បន្ថយភាពកកស្ទះនៅចំណុចស្ពានព្រះមុនីវង្ស៕


អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024