ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រសួងបរិស្ថាន កំពុងយកចិត្តទុកដាក់តាមដានគុណភាពខ្យល់សាធារណៈ ក្នុងរដូវប្រាំងនេះ

១៨ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ក្រសួងបរិស្ថាន បានឲ្យដឹងពីការយកចិត្តទុកដាក់តាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈជាប្រចាំ នៅក្នុងរដូវប្រាំងឆ្នាំ២០២១នេះ។ នារដូវប្រាំងនេះ ដែលក្រសួងបរិស្ថានបង្ហាញថា កំហាប់ភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលអាចបង្កការប៉ះពាល់ដល់សុខភាពរបស់មនុស្ស។

 


ឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ស្វ័យប្រវត្តិចំនួន ៤១ទីតាំងហើយ ដែលក្រសួងបរិស្ថានបំពាក់នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ តាមរយៈឧបករណ៍ទាំងនេះ ក្រសួងបរិស្ថានដែលមាននាយកដ្ឋានគ្រប់គ្រងគុណភាពខ្យល់ និងសំឡេង បានយកចិត្តទុកដាក់តាមដានត្រួតពិនិត្យគុណភាពខ្យល់សាធារណៈជាប្រចាំ នៅក្នុងរដូវប្រាំងឆ្នាំ២០២១នេះ។ 

 

 

បើតាមក្រសួងបរិស្ថាន តាមរយៈលទ្ធផលនៃការត្រួតពិនិត្យគុណភាពខ្យល់នារដូវប្រាំងនេះ បានបង្ហាញថា កម្រិត PM2.5 មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលបណ្តាលមកពីភ្លើងឆេះព្រៃ ការដុតគល់ជញ្ជ្រាំង សំណល់កសិកម្ម និងសំណល់ផ្សេងៗនៅតាមទីវាល ដូចនេះ ទាមទារឲ្យមានការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន ក្នុងការចាត់វិធានការបង្ការ និងទប់ស្កាត់ឲ្យមានប្រសិទ្ធភាព និងអប់រំប្រជាពលរដ្ឋឲ្យបញ្ឍប់ការដុតព្រៃ និងសំណល់ផ្សេងៗ។

 

 

ក្រសួងបានកត់សម្គាល់ថា ជារៀងរាល់ឆ្នាំនៅពេលចាប់ផ្តើមឈានចូលដល់រដូវប្រាំង ជាពិសេស ក្នុងអំឡុងខែធ្នូ ដល់ខែមេសា ស្ថានភាពគុណភាពខ្យល់មានការធ្លាក់ចុះគួរឲ្យបារម្ភ ជាពិសេសកំណើនកំហាប់ភាគល្អិតនិចលអណ្តែតក្នុងខ្យល់ (PM10 និង PM2.5) មានកម្រិតលើស្តង់ដាកំណត់ ដែលអាចជាហានិភ័យបង្កការប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន។

 

 

សូមជម្រាបថា កំហាប់ប៉ារ៉ាម៉ែត្រភាគល្អិតនិចល គឺជាភាគល្អិតនិចលតូចៗនៅក្នុងខ្យល់ដែលមានអង្កត់ផ្ចិតតូចជាង ២,៥មីក្រុង។ ភាគល្អិតនិចលនេះអាចស្រូបចូលទៅដល់សួត និងពេលខ្លះដល់សរសៃឈាមដែលអាចបង្កការប៉ះពាល់ដល់សុខភាពរបស់មនុស្ស ប្រសិនបើស្រូបចូលលើសកម្រិតកំណត់។

 


ជាថ្មីម្តងទៀត ក្រសួងបរិស្ថាន បានណែនាំរំលឹកដល់មន្ត្រីជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ បន្តអនុវត្តនូវវិធានអប់រំ និងផ្សព្វផ្សាយ បញ្ឈប់សកម្មភាពដុតគល់ជញ្ជ្រាំង និងវាលស្មៅនៅក្នុងរដូវប្រាំង ព្រោះសកម្មភាពនេះអាចបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ជាពិសេសផ្សែង និងល្អងធូលីពុលនៅក្នុងខ្យល់៕


អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ    
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024