ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

អ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ថា មានសុខភាពធម្មតា និងមានទំនុកចិត្តជាងមុន   

១៨ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

អ្នកដែលបានចាក់វ៉ាក់សាំងកូវីត១៩ រួចហើយ បានលើកឡើងថា សុខភាពរបស់ពួកគេមានសភាពធម្មតា ដោយមិនមានប្រតិកម្មណាមួយកើតឡើងនោះទេ។ ផ្ទុយទៅវិញ ក្រោយពីចាក់វ៉ាក់សាំងរួច បានធ្វើឲ្យពួកគាត់ មានសន្តិភាពផ្លូវចិត្ត និងទំនុកចិត្តខ្លាំងជាងមុន ពេលមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ឬទៅកាន់តំបន់ ដែលអាចមានមនុស្សម្នាច្រើន។ ប៉ុន្តែពួកគាត់ ក៏នៅតែបន្តវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា លាងដៃឲ្យបានញឹកញាប់ ពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ជាដើម។

 


មានរយៈពេលមួយសប្តាហ៍ហើយ នៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន មកកាន់រាជរដ្ឋាភិបាលកម្ពុជា នៅតាមមូលដ្ឋានសុខាភិបាលមួយចំនួនដែលរៀបចំឡើងដោយក្រសួងសុខាភិបាល។ ក្រុមបុគ្គលអទិភាព ដែលបានទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 រួចហើយមួយចំនួនបានកត់សម្គាល់ឃើញថា សុខភាពរបស់ពួកគេមិនមានការប្រែប្រួលអ្វីនោះទេ។ 

 


ផ្ទុយទៅវិញ វាបានបង្កើតនូវសន្តិភាពផ្លូវចិត្ត និងទំនុកចិត្តខ្លាំងជាងមុន រាល់ពេលមានការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ហើយមិនបាននាំយកជំងឺកូវីត១៩ចូលផ្ទះចម្លងដល់ក្រុមគ្រួសារនោះទេ ស្របជាមួយវិធានការសុវត្ថិភាពនៅតែត្រូវបានអនុវត្តន៍ជាប្រចាំ។


បើតាមក្រសួងសុខាភិបាល ការចាក់វ៉ាក់សាំងកូវីត១៩ធ្វើឡើងនៅមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យកុមារជាតិ មន្ទីរពេទ្យព្រះកុសមៈ និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយត្រូវបន្តធ្វើជារៀងរាល់ថ្ងៃធ្វើការ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច  លើកលែងតែថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យឈប់សម្រាកផ្លូវការប៉ុណ្ណោះ។ 

 


បើតាមលិខិតជូនដំណឹងរបស់ក្រសួងសុខាភិបាល ចំពោះឥស្សរជន និងអ្នកដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីត១៩ដូសលើទី១រួចហើយ សូមទៅចាក់ដូសលើកទី២ នៅតាម ទីកន្លែងដែលខ្លួនបានចាក់លើកទី១ ចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី ២៨ ខែកុម្ភៈនេះ។

 


សូមបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់ជំនួយវ៉ាក់សាំងប្រឆាំងកូវីត19 ឈ្មោះថា Sinopharm ចំនួន៦០ម៉ឺនដូសមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្ត។ ក្រៅពីវ៉ាក់សាំងខាងលើ ថ្មីៗនេះក្រសួងសុខាភិបាលកម្ពុជា ក៏ទើបបានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង Sinovac ផលិតដោយប្រទេសចិន និង Astreneca's ផងដែរ។ វ៉ាក់សាំង ទាំងពីរនេះ ត្រូវបានអះអាងថា ប្រើប្រាស់ប្រកបដោយសុវត្ថិភាព នៅក្នុងប្រទេសចិន និងចក្រភពអង់គ្លេស ព្រមទាំងបណ្តា ប្រទេសមួយចំនួនក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់៕


អត្ថបទ: សំ ជំនាញ រូបភាព: និន សុខលី
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024