ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

JICA សន្យាជួយជ្រោមជ្រែងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ នៅកម្ពុជា

១៨ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ប្រធានថ្មីនៃការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ប្រចាំនៅកម្ពុជា ហៅកាត់ថា JICA បានសន្យានឹងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជាថា JICA នឹងសហការជួយជ្រោមជ្រែងអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ឱ្យទទួលបានជោគជ័យ។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងឱកាសលោកស្រីប្រធានថ្មី JICA បានចូលជួបពិភាក្សាការងារជាមួយសម្ដេចក្រឡាហោម ស ខេង។

 


ក្នុងជំនួបពិភាក្សាការងារនៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃអង្គារម្សិលមិញ លោកស្រី កាម៉េអ៊ី ហារុកុ ប្រធានថ្មីនៃការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជប៉ុន ហៅកាត់ថា JICA បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកែសម្រួលគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដើម្បីលើកកម្ពស់ប្រសិទ្ធិភាពនៃការបំរើសេវាសាធារណៈជនប្រជាពលរដ្ឋ។

 


លោកស្រី ហារុកុ បានជម្រាបសម្ដេចក្រឡាហោមថាតាមរយៈគម្រោងសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ លើការងារបណ្ដុះបណ្ដាលធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលសំដៅមន្រ្តីរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ និងឃុំសង្កាត់នោះ JICA នឹងមានឱកាសបានជួយជ្រោមជ្រែងបន្ថែមទៀតដល់ការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។

 


សម្ដេចក្រឡាហោម បានបង្ហាញភាពរីករាយចំពោះឆន្ទៈជួយកម្ពុជារបស់រាជរដ្ឋាភិបាលជប៉ុននិយាយជារួម និងនិយាយដោយឡែកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដោយសម្ដេចបានសង្កត់ធ្ងន់ថា គម្រោងបណ្ដុះបណ្ដាលធនធាមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលJICAជួយមកក្រសួងមហាផ្ទៃ បានរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

 


ថ្លែងដល់កំណែទម្រង់នេះ សម្ដេចបានរំលឹកថា JICA បានជួយជ្រោមជ្រែងក្រសួងមហាផ្ទៃរៀបចំការបោះឆ្នោតឃុំសង្កាត់ជាប្រវត្តិសាស្រ្តតាំងពីឆ្នាំ២០០២ ដែលជាព្រឹត្តិករណ៍ប្រវត្តិសាស្រ្តនៃកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនៅកម្ពុជា ដ្បិតពលរដ្ឋនៅមូលដ្ឋានគឺជាអ្នកមានសិទ្ធិបោះជ្រើសរើសថ្នាក់ដឹកនាំពួកគាត់ដោយខ្លួនឯង និងធ្វើអាជ្ញាធរមូលដ្ឋានកាន់តែបង្កើនការយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋ។

 


សូមបញ្ជាក់ថា នៅដើមឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកែសម្រួល និងដាក់ឱ្យអនុវត្តគោលនយោយបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ដោយមានបន្ថែមនូវកិច្ចការអាទិភាពថ្មីៗមួយចំនួន ដូចជា ការផ្ដល់សេវាសាធារណៈ ការងារបរិស្ថាន និងអនាម័យ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាដើម៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ សែត ប៊ុនថាន់
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024