ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

Emma Stone បង្ហាញមុខជាគ្រូធ្មប់ Cruella ក្នុងភាពយន្ត ឆ្កែ១០១ ជំនាន់ថ្មី

១៨ កុម្ភៈ ២០២១ | កម្សាន្ដ

ភាពយន្ត “Cruella” ដែលនិយាយពីសាច់រឿងជីវិតរបស់តួអង្គគ្រូធ្មប់ដ៏ល្បីក្នុងគំនូរជីវចលឆ្កែ១០១ ទើបតែបញ្ចេញ Trailer ដំបូង និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងដោយមានការចូលរួមសម្ដែងដោយតារាស្រីអាមេរិក Emma Stone

 


តួឯកស្រីភាពយន្ត “La La Land” និង “Amazing Spider-Man” គឺតារាសម្ដែង Emma Stone (អ៊ីម៉ា ស្តូន) នឹងប្រែខ្លួនជាតួអង្គចិត្តអាក្រក់ដ៏ល្បីនិងគួរឲ្យខ្លាចបំផុតរបស់ Disney នោះគឺគ្រូធ្មប់ Cruella (គ្រូអេឡា) ក្នុងភាពយន្តឆ្កែ១០១ ជំនាន់ ២០២១។

 


មានចំណងជើងថា "Cruella"  ភាពយន្តធំប្រចាំឆ្នាំ២០២១របស់ Disney មួយនេះនឹងរៀបរាប់ពីព្រឹត្តិការណ៍កើតឡើងមុនភាពយន្តគំនូរជីវចលឆ្កែ១០១ ដោយផ្ដោតសំខាន់លើរឿងរ៉ាវជីវិតរបស់អ្នករចនាម៉ូដវ័យក្មេង Estella (អ៊ីស្តេឡា) មុនពេលដែលនាងក្លាយជាគ្រូធ្មប់ចិត្តអាក្រក់ដើរប្រមាញ់ឆ្កែយករោម។

 


វីដេអូ Trailer ខ្លីដែលទើបតែចេញផ្សាយកាលពីថ្ងៃពុធនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រភាពយន្ត Disney ជុំវិញពិភពលោក ដោយទទួលបានការចូលទស្សនា ៥លានដងលើគណនី Twitter របស់ Disney ហើយក៏បានក្លាយជាវីដេអូ Trending លេខ១លើ Youtube នៅព្រឹកថ្ងៃព្រហស្បតិ៍នេះដែរ។

 


ភាពយន្ត "Cruella" ដែលដឹកនាំដោយផលិតករជើងចាស់ Craig Gillespie (ក្រេក ហ្កីឡេស្ពី) នឹងចាប់ផ្ដើមចេញបញ្ចាំងផ្លូវការនៅចុងខែឧសភា ឆ្នាំ២០២១នេះ ៕
 

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024