ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ការនាំចេញទំនិញរបស់សិង្ហបុរី កើនឡើង ១២,៨% នៅខែមករា ដើមឆ្នាំនេះ

១៧ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

នៅខែមករា ដើមឆ្នាំ២០២១នេះ សិង្ហបុរី សម្រេចបាននូវ កំណើនការនាំចេញទំនិញមិនមែនប្រេង ១២,៨% ដែលរុញច្រានដោយផលិតផលគ្រឿងយន្តឯកទេស មាសមិនមែនរូបិយវត្ថុ គីមីឥន្ធនៈ និងគ្រឿងអេឡិចត្រូនិក។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃនេះ។

 


របាយការណ៍ផ្លូវការពី រដ្ឋាភិបាលសិង្ហបុរី បានបង្ហាញថា ការកើនឡើងនូវការនាំចេញទំនិញមិនមែនប្រេងនេះ គឺកើនឡើងដល់ទៅ ២ដង ធៀបនឹងការព្យាករណ៍ ដែលរំពឹងនឹងមានកំណើនត្រឹមតែ ៥,៤% ប៉ុណ្ណោះ។


យ៉ាងណាក៏ដោយ បើគិតពី ទំហំពាណិជ្ជកម្មរបស់សិង្ហបុរី ក្នុងខែមករា កន្លងទៅនេះ គឺសម្រេចបានជាង ៦៥ពាន់លានដុល្លារអាមេរិក មានការធ្លាក់ចុះ ១,៩% ដោយក្នុងនោះ ទំហំនៃការនាំចេញសរុប កើនឡើង ១,១% ខណៈការនាំចូល ធ្លាក់ចុះ ៥.២%។


ដោយឡែក ការនាំចេញទំនិញរបស់សិង្ហបុរី ទៅកាន់ទីផ្សារធំៗដូចជា អឺរ៉ុប អាមេរិក និងជប៉ុន គឺមានការធ្លាក់ចុះ ក៏ប៉ុន្តែ ការនាំចេញទៅកាន់ទីផ្សារកូរ៉េ ថៃ និងហុង កុង មានកំណើនរង្វង់ ៥០% ឯណោះ។


សូមជម្រាបដែរថា សេដ្ឋកិច្ចប្រទេសសិង្ហបុរី កាលពីឆ្នាំ ២០២០កន្លងទៅ បានធ្លាក់ចុះ ៥,៤% ហើយរដ្ឋាភិបាលសិង្ហបុរី ក៏បានព្យាករណ៍ដែរថា នៅក្នុងឆ្នាំ ២០២១នេះ សេដ្ឋកិច្ច អាចនឹងមានកំណើនមកវិញចន្លោះពី ៤ ទៅ ៦%៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024