ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

តាមដានត្រួសៗពីដំណើរជីវិតម្ចាស់បទ “Shape of You”

១៧ កុម្ភៈ ២០២១ | កម្សាន្ដ

នៅថ្ងៃពុធទី១៧ ខែកុម្ភៈនេះ គឺជាថ្ងៃកំណើតគម្រប់ ៣០ឆ្នាំរបស់តារាចម្រៀងអង់គ្លេសដ៏ល្បីឈ្មោះគឺ Ed Sheeran (អេដ ស្ហៀរឹន) ដូចនេះយើងមកតាមដានត្រួសៗអំពីដំណើរជីវិតរបស់ម្ចាស់បទ “Shape of You” ថាមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍អ្វីខ្លះ?

 


Ed Sheeran (អេដ ស្ហៀរឹន) កើតក្នុងឆ្នាំ ១៩៩១ នៅក្រុង Halifax (ហាលីហ្វេខ) ប្រទេសអង់គ្លេស។ លោកចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍នៅអង់គ្លេសក្នុងឆ្នាំ ២០០៩ និងឆ្នាំ ២០១០ តាមរយៈការចេញផ្សាយចម្រៀងផលិតដោយខ្លួនឯងនៅលើអនឡាញ។

 

 

អំឡុងពេលនោះ Sheeran បានថតនូវអាល់ប៊ុមចម្រៀងតូចឈ្មោះថា “Loose Change” ដែលក្នុងនោះមានបទចម្រៀង “The A Team” ជាបទចម្រៀងដំបូងរបស់លោក ដែលបានចេញផ្សាយជាលក្ខណៈឌីជីថលនៅអង់គ្លេសក្នុងឆ្នាំ ២០១១ ហើយបទនេះក៏បានក្លាយជាបទចម្រៀងសំខាន់សម្រាប់អាល់ប៊ុមប្រឡូកសិល្បៈជាផ្លូវការលើកដំបូងរបស់លោក ដែលមានឈ្មោះថា “Plus” ផងដែរ។

 

 

អាល់ប៊ុមចម្រៀង “Plus” បានឈរចំណាត់ថ្នាក់លេខ១លើតារាងអាល់ប៊ុមចម្រៀងនៅអង់គ្លេស ហើយបានធ្វើឲ្យតារាសក់ពណ៌ទង់ដែងរូបនេះ ឈ្នះពានរង្វាន់តារាចម្រៀងប្រុសទោលល្អដាច់គេ និងតារាលេចធ្លោរបស់អង់គ្លេសប្រចាំឆ្នាំ ពីកម្មវិធីពានរង្វាន់ Brit Awards ឆ្នាំ ២០១២។

 

 

ចូលដល់ឆ្នាំ ២០១៤ បទចម្រៀង “Sing’ របស់ Ed Sheeran (អេដ ស្ហៀរឹន) បានជាប់ចំណាត់ថ្នាក់លេខ១លើតារាងចម្រៀងរបស់អង់គ្លេស ដែលជាលើកដំបូងសម្រាប់តារាចម្រៀងរូបនេះ។

 

បទចម្រៀង “Sing” ដកស្រង់ចេញពីអាល់ប៊ុម “Multiply” ដែលអាល់ប៊ុមនេះមិនត្រឹមតែជាប់លេខ១នៅអង់គ្លេស ប៉ុន្តែថែមទាំងជាប់លេខ១នៅសហរដ្ឋអាមេរិកទៀត។

 

ក្នុងឆ្នាំ ២០១៧ Sheeran បានជាប់ឈ្មោះជាតារាចម្រៀងដែលលក់បទចម្រៀងបានច្រើនជាងគេប្រចាំឆ្នាំ ដោយសារអាល់ប៊ុម “Divide” ដែលរួមមានបទចម្រៀង “Shape of You” ជាមួយបទ “Perfect”។
 


ងាកមកជីវិតឯកជនវិញ កាលពីខែមករា ឆ្នាំ ២០១៨ ម្ចាស់បទ “Shape of You” រូបនេះបានប្រកាសភ្ជាប់ពាក្យជាមួយមិត្តភ័ក្តិកាលពីកុមារភាព ហើយមួយឆ្នាំក្រោយមកពួកគេក៏រៀបការនឹងគ្នា និងកើតបានកូនស្រីម្នាក់ជាចំណងដៃកាលពីខែសីហាឆ្នាំ ២០២០៕

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024