ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

វៀតណាម បង្ហាញក្តីរំពឹងខ្ពស់លើ គោលដៅនាំចេញអង្ករ ក្នុងឆ្នាំ ២០២១នេះ

១៧ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ប្រទេសវៀតណាម បានដាក់ក្តីសង្ឃឹមខ្ពស់ទៅលើ គោលដៅនាំចេញអង្ករ ក្នុងឆ្នាំ២០២១នេះ បន្ទាប់ពី ទីផ្សារនាំចេញអង្ករសំខាន់ៗដូចជា ហ្វីលីពីន និងអាហ្រ្វិក បន្តចុះកិច្ចព្រមព្រៀងទិញអង្ករពី វៀតណាម បន្ថែមទៀត ខណៈទីផ្សារដទៃទៀត ក៏មានតម្រូវការអង្ករក្រអូប និងអង្ករស្អិតរបស់វៀតណាមផងដែរ។ នេះបើយោងតាមការចុះផ្សាយ នៅថ្ងៃនេះ ដោយសារព័ត៌មាន Vietnam News។


សមាគមចំណីអាហារវៀតណាម បានលើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីរវាង វៀតណាម នឹងដៃគូសហការ បានបង្កើតជាបរិយាកាសអំណោយផល សម្រាប់អង្ករវៀតណាម ក្នុងការចូលទៅប្រកួតប្រជែងទៅលើឆាកអន្តរជាតិ ជាមួយបណ្តាប្រទេសជាដៃគូប្រកួតប្រជែងសក្តានុពល។


បើតាមទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសអង់គ្លេស បានបង្ហាញថា ការនាំចូលអង្ករវៀតណាម មកកាន់ប្រទេសអង់គ្លេស នឹងមានកំណើនខ្ពស់ក្នុងឆ្នាំ ២០២១នេះ ដោយសារតែ ក្រុមហ៊ុនសហគ្រាសអង់គ្លេសជាច្រើន នឹងធ្វើការបញ្ជាទិញអង្ករវៀតណាម ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-អង់គ្លេស ហើយវាក៏ជាការបើកឱកាសសម្រាប់អង្ករវៀតណាម ពង្រីកចំណែកទីផ្សារនៅក្នុង អង់គ្លេសផងដែរ។


ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានគូសបញ្ជាក់ថា នឹងធ្វើការផ្តល់ព័ត៌មានអំពី តម្រូវការទីផ្សារសកល ទៅដល់ក្រុមហ៊ុននាំចេញអង្ករវៀតណាម នៅពេលវេលាសមស្របណាមួយ ហើយក្រសួង នឹងបន្តអនុវត្តសកម្មភាពជម្រុញពាណិជ្ជកម្ម ដើម្បីឲ្យឈ្មួញវៀតណាម អាចជួបអតិថិជនរបស់ពួកគេ កាន់តែងាយស្រួល។


ក្រសួង ក៏បានស្នើដល់ អ្នកនាំចេញអង្ករវៀតណាម ឲ្យផ្តោតទៅលើ ទំនិញមានគុណភាព ធានាសុវត្ថិភាព និងអនាម័យចំណីអាហារ ដើម្បីអាចទៅរកទីផ្សារថ្មីបន្ទាប់គឺ អឺរ៉ុប អាមេរិក និងកាណាដា។


អ្នកជំនាញក៏បានលើកឡើងដែរថា បើសិនជាវៀតណាម ចង់សម្រេចបាននូវកំណើននាំចេញអង្ករក្នុងឆ្នាំ ២០២១នេះ ចាំបាច់ត្រូវតែពង្រឹងទៅលើ ការបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់ដែលមានភាពពេញលេញ និងគ្រង់គ្រងយ៉ាងដិតដល់ចំពោះ គុណភាពនៅក្នុងផលិតកម្ម ការកែច្នៃ និងការចែកចាយ។

 

 

សូមជម្រាបថា វៀតណាម សម្រេចបាននូវការនាំចេញអង្ករជាង ៦លានតោន កាលពីឆ្នាំ ២០២០ ដែលគិតជាទឹកប្រាក់ប្រមាណ ៣ពាន់លានដុល្លារអាមេរិក ហើយទីផ្សារហ្វីលីពីន នៅតែជាអ្នកទិញអង្ករវៀតណាមច្រើនជាងគេបំផុតដល់ទៅ ២លាន ២សែនតោន៕
 

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024