ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សេដ្ឋកិច្ចសិង្ហបុរី ធ្លាក់ចុះ ៥,៤% ក្នុងឆ្នាំ ២០២០

១៧ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

របាយការណ៍ផ្លូវការពី ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសសិង្ហបុរី កាលពីឆ្នាំ ២០២០កន្លងទៅ បានធ្លាក់ចុះ ៥,៤% ប្រសើរជាងការព្យាករណ៍បន្តិច ដែលរំពឹងថា នឹងធ្លាក់ចុះដល់ទៅ ៥,៨%។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃនេះ។

 


ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បង្ហាញទៀតថា កាលពីត្រីមាសទី ៤ ឆ្នាំ ២០២០ សេដ្ឋកិច្ចសិង្ហបុរី ធា្លក់ចុះ ២,៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០១៩ ខណៈនៅត្រីមាសទី ៣ ឆ្នាំ ២០២០ គឺមានការធ្លាក់ចុះដល់ទៅ ៥,៨%។


បើក្រឡេកទៅមើលវិស័យនានា ដែលមានការអភិវឌ្ឍន៍ យើងឃើញថា វិស័យឧស្សាហកម្មផលិត មានកំណើនដល់ទៅ ៧% ដោយសារតែ កំណើនដ៏ខ្លាំងក្លានៃ ផលិតកម្មជីវសាស្រ្ត គ្រឿងអេឡិចត្រូនិក និងចង្កោមវិស្វកម្ម។


ដោយឡែក វិស័យសំណង់ នៅក្នុងប្រទេសសិង្ហបុរី ធ្លាក់ចុះ ៣៦% ដោយសារតែទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពី វិបត្តិមេរោគកូវីដ១៩ ខណៈវិស័យសេវាកម្ម ធ្លាក់ចុះ ៧%។
រីឯ វិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង បែរជាមានកំណើន ៥% ហើយវិស័យព័ត៌មាន និងទំនាក់ទំនង ក៏កើនឡើង ២% ដូចគ្នា។


ទោះយ៉ាងណាក៏ដោយ ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី គូសបញ្ជាក់ថា សេដ្ឋកិច្ចសិង្ហបុរី រំពឹងនឹងអាចងើបឡើងវិញបានក្នុងឆ្នាំ ២០២១នេះ តែភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល និងហានិភ័យនានា គឺនៅតែអាចកើតមានឡើងអំឡុងពេលដ៏លំបាកនេះ។


សូមជម្រាបដែរថា រដ្ឋាភិបាលសិង្ហបុរី ក៏បានព្យាករណ៍ដែរថា អាចនឹងសម្រេចកំណើនសេដ្ឋកិច្ចចន្លោះពី ៤ ទៅ ៦% ក្នុងឆ្នាំ ២០២១នេះ៕

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024