ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ថៃ រំពឹងនឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចចន្លោះ ២,៥% ទៅ ៣,៥% ក្នុងឆ្នាំ ២០២១នេះ

១៧ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានទម្លាក់ការព្យាករណ៍របស់ខ្លួន អំពីកំណើនសេដ្ឋកិច្ចជាតិក្នុងឆ្នាំ ២០២១នេះ ថាអាចនឹងសម្រេចបានចន្លោះពី ២,៥% ទៅ ៣,៥% ដែលទាបជាងការព្យាករណ៍កាលពីខែវិច្ឆិកា ឆ្នាំ ២០២០កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកថៃ នៅថ្ងៃនេះ។


មន្រ្តីជាន់ខ្ពស់នៃ ភ្នាក់ងារផែនការរាជរដ្ឋាភិបាលថៃ បានពន្យល់ថា ការទម្លាក់ការព្យាករណ៍យ៉ាងដូច្នេះ គឺដោយសារតែ ករណីឆ្លងមេរោគកូវីដ១៩ថ្មី ចាប់ផ្តើមរីករាលដាលម្តងទៀត នៅដើមឆ្នាំ ២០២១នេះ ដែលបានសាយភាយឥទ្ធិពលយ៉ាងឆាប់រហ័សដល់ សេដ្ឋកិច្ចថៃ ហើយករណីឆ្លងនៅក្រៅប្រទេស ក៏បន្តកើនឡើងឥតឈប់ឈរ។


សេដ្ឋកិច្ចវិទូថៃ នៅក្នុងវិស័យហិរញ្ញវត្ថុ អះអាងថា កំណើនសេដ្ឋកិច្ចថៃ ក្នុងឆ្នាំ២០២១នេះ គឺនៅតែទន់ខ្សោយដោយសារតែ គ្មានចលករច្បាស់លាស់និងអាចទុកចិត្តបាន ដែលអាចជម្រុញកំណើនសេដ្ឋកិច្ចជាតិនោះទេ ហើយកំណើន GDP របស់ថៃ កំពុងរកសម្ពាធពី កត្តាខាងក្រៅច្រើនជាង។


តាមពិតទៅ សេដ្ឋកិច្ចប្រទេសថៃ កាលពីត្រីមាសទី ៤ ឆ្នាំ២០២០ គឺធ្វើបានល្អជាងការរំពឹងទុក ដោយសារតែ តម្រូវការទំនិញប្រើប្រាស់នៅតាមទីផ្សារ ចាប់ផ្តើមកើនឡើងវិញ ហើយរាជរដ្ឋាភិបាលថៃ ក៏បានបញ្ចេញនូវ កញ្ចប់ជំនួយ គួបផ្សំនឹង បរិយាកាសវិនិយោគ និងនាំចេញទំនិញ មានលក្ខណៈប្រសើរផងដែរ។


រាជរដ្ឋាភិបាលថៃ ក៏បានទម្លាក់ការព្យាករណ៍ពី កំណើនការវិនិយោគទាំងអស់ មកនៅត្រឹម ៥,៧% ក្នុងឆ្នាំ ២០២១នេះ ដោយការវិនិយោគសាធារណៈ មានកំណើនត្រឹមតែ ១០% ហើយការវិនិយោគឯកជន មានកំណើន ៣,៨%។


ដោយឡែក ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បង្ហាញ ការនាំចេញទំនិញរបស់ថៃ រំពឹងនឹងមានកំណើន ៥,៨% ក្នុងឆ្នាំ២០២១នេះ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចជាតិថៃឡើងវិញ។

 


សូមជម្រាបដែរថា សេដ្ឋកិច្ចប្រទេសថៃ កាលពីឆ្នាំ ២០២០កន្លងទៅ គឺបានធ្លាក់ចុះ ៦,១% ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ២២ឆ្នាំចុងក្រោយនេះ៕

 

 

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024