ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ចំណូលពន្ធដារក្នុងខែមករា ធ្លាក់ចុះជាង ១៩លានដុល្លារ

១៧ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារបានគូសបញ្ជាក់ថា ត្បិតតែក្នុងខែមករា ឆ្នាំ២០២១ នេះ ការប្រមូលចំណូលពន្ធដារ មានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែនៅក្នុងចំណោមនោះក៏មានប្រភេទពន្ធបីប្រទេសនៅរក្សាកំណើនគួរឲ្យគត់សម្គាល់ ដូចជា ពន្ធលើប្រាក់ចំណូល កើនជាង ៧ភាគរយ ពន្ធអាករពិសេសកើនជាង ៥ភាគរយ និងពន្ធលើប្រាក់បៀវត្សកើនជាង ១០ភាគរយ។

 


លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា ការធ្លាក់ចុះចំណូលពន្ធដារនៅដើមឆ្នាំ២០២១ នេះ គឺដោយសារបញ្ហាជំងឺកូវីដ ១៩ ដែលធ្វើឲ្យសេដ្ឋកិច្ចសកលរងផលប៉ះពាល់ រួមទាំងកម្ពុជាផង ប៉ុន្តែសង្ឃឹមថា នៅពាក់កណ្តាលឆ្នាំ២០២១ នេះសេដ្ឋកិច្ចអាចនឹងល្អប្រសើរឡើងវិញ តាមរយៈនៃការចាប់ផ្តើមចាក់វ៉ាក់សាំង ដែលអាចធ្វើឲ្យឲ្យមានសង្ឃឹមនៃដំណើរការសេដ្ឋកិច្ចវិលមករកភាពប្រក្រតីល្អប្រសើរឡើងវិញ ដូច្នេះប្រាក់ចំណូលពន្ធក៏នឹងប្រសើរឡើងវិញទៅតាមនោះដែរ។

 


លោកឧកញ៉ាអះអាងថា នេះជារឿងល្អហើយដែលមានវ៉ាក់សាំងការពារទាំងកម្ពុជា និងសកលលោក ហើយចំពោះការធ្លាក់ចុះចំណូលពន្ធដារក្នុងខែ១ ក្នុងកម្រិតប៉ុណ្ណឹងមិនទាន់ជាក្តីបារម្ភខ្លាំងនោះឡើយ លុះត្រាកម្រិតធ្លាក់ចុះនេះពី៤០ទៅ៥០ភាគរយទើបជាក្តីបារម្ភខ្លាំងសម្រាប់ថវិកាជាតិ។

 


ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃវិបត្តិជំងឺសាកលនេះ គោលនយោបាយសារពើពន្ធគឺនៅតែសំខាន់ និងចាំបាច់ សម្រាប់ចំណូលថវិកាជាតិ ដូច្នេះការប្រមូលចំណូលពន្ធក្នុងកម្រិតមួយដែលមិនធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ប៉ុន្តែជាការរុញកំណើនសេដ្ឋកិច្ចគឺត្រូវធ្វើឲ្យបានល្អបំផុតសម្រាប់ចំណូលពន្ធដារ២០២១នេះ។

 


ឯកឧត្តមវិស្សុតអះអាងបន្តថា ចំណូលពន្ធដារ នៅឆ្នាំ២០១៩ និងឆ្នាំ២០២០ គឺល្អ ប៉ុន្តែសម្រាប់ឆ្នាំ២០២១ នេះចំណូលពន្ធដារត្រូវបានអស់ខ្យល់ទៅវិញដោយសារតែឥទ្ធិពលនៃវិបត្តិកូវីដ ១៩ ដែលភាគច្រើននៃអ្នករកស៊ីគឺមានការថយចុះនៃប្រាក់ចំណេញច្រើន ដូច្នេះចំណូលពន្ធក៏អាចនឹងធ្លាក់ទៅតាមនោះដែរ។

 


ដើម្បីធានានូវប្រសិទ្ធិភាពក្នុងការអនុវត្តន៍ការប្រមូលចំណូលពន្ធបានគ្រប់ផែនការជាង ២ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តពង្រឹងការអនុវត្តវិធានការគោលនយោបាយនិងរដ្ឋបាលសារពើពន្ធដោយនឹងបន្តពង្រឹងការចុះបញ្ជីអាជីវកម្មតាមប្រពន្ធបច្ចេកវិទ្យាឲ្យមានប្រសិទ្ធិភាព បន្តផ្សព្វផ្សាយវិធានការប្រមូលពន្ធ បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាបនរដ្ឋ និងឯកជន និងពង្រឹងការចុះពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងបន្តអនុវត្តវិធានការចាំបាច់នានាដូចមានកំណត់នៅក្នុងសារាចរណែនាំស្តីពីការអនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២១ និងបន្តអនុវត្តប្រកបដោយយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩ និង២០២៣៕

 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024