ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្នុងសប្តាហ៍នេះ អាកាសធាតុនឹងចុះត្រជាក់នាពេលព្រឹក ខ្យល់កន្ត្រាក់ និងរលកសមុទ្រ មានកម្ពស់ជាមធ្យម

១៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះថា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ទ្រនុងសម្ពាធខ្ពស់ បាន និងកំពុងមានឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ។ ស្ថានភាពនេះ នឹងធ្វើឲ្យអាកាសធាតុ ចុះត្រជាក់ នាពេលព្រឹក ហើយមានខ្យល់កន្ត្រាក់ និងរលកសមុទ្រ មានកម្ពស់ជាមធ្យម។

 


ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ស្ថានភាពអាកាសធាតុ នៅក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃតី១៧ ខែកុម្ភៈ នៅតាមបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពចន្លោះពី ១៨ ទៅ ៣៣ អង្សារ។ ចំណែកនៅថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ អាចមានខ្យល់កន្ត្រាក់ល្បឿនបង្គួរ នៅទំនាបកណ្តាល។

 


ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ក៏ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា សីតុណ្ហភាពអប្បបរមា មានពី ១៧ ដល់ ៣៣អង្សារ ហើយនៅថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែកុម្ភៈ អាចមានខ្យល់កន្ត្រាក់ល្បឿនខ្លាំង នៅខ្ពង់រាបខាងកើត។

 


ក្នុងសេចក្តីប្រកាសនៅព្រឹកនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសថា នៅតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈ សីតុណ្ហភាព មានពី ១៩ ដល់ ៣២អង្សារ។ ក្នុងនោះ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែកុម្ភៈ អាចមានខ្យល់កន្ត្រាក់ល្បឿនបង្គួរ ជាមួយនឹងរលកមានកម្ពស់មធ្យម នៅខេត្តកោះកុង និងតំបន់ឆ្នេរ។

 


ចំពោះស្ថានភាពធាតុអាកាសដូច្នេះ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ និងពិសេសវិរៈកងទ័ព រស់នៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបខាងកើត និងតំបន់មាត់សមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះអាកាសធាតុត្រជាក់បន្តិចបន្តួច នាពេលព្រឹក ជាមួយនឹងខ្យល់កន្ត្រាក់ និងរលកសមុទ្រ មានកម្ពស់មធ្យម ដែលអាចកើតឡើង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះ៕

 

អត្ថបទ៖ លី ម៉េងហួរ        រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024