ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចជប៉ុន ធ្លាក់ចុះ ៤,៨% ក្នុងឆ្នាំ ២០២០

១៦ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

សេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចជប៉ុន ធ្លាក់ចុះដល់ទៅ ៤,៨% ក្នុងឆ្នាំ ២០២០កន្លងទៅ ដែលជាការធ្លាក់ចុះដំបូងបំផុត គិតចាប់តាំងពីឆ្នាំ ២០០៩មក ហើយទិន្នន័យពី រដ្ឋាភិបាលជប៉ុន បង្ហាញថា វិបត្តិមេរោគកូវីដ១៩ ជាការដាក់សម្ពាធដ៏ធ្ងន់ទៅលើ ប្រទេសមហាអំណាចសេដ្ឋកិច្ចទី ៣ របស់សកលលោកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។


សេដ្ឋកិច្ចប្រទេសជប៉ុន អាចសម្រេចបានកំណើនឡើងវិញ នៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០២០ ដែលមានកំណើន ៣% ទាបជាងការរំពឹងទុក ហើយការថមថយចុះនូវ សេដ្ឋកិច្ចជប៉ុន ត្រូវបានគេជឿជាក់ថា បណ្តាលមកពី វិបត្តិមេរោគកូវីដ១៩ គួបផ្សំនឹង ការតម្លើងពន្ធលើការប្រើប្រាស់។


ការិយាល័យគណៈរដ្ឋមន្រ្តីជប៉ុន បានបង្ហាញថា តម្រូវការប្រើប្រាស់ទំនិញក្នុងស្រុក និងការនាំចេញទំនិញ ជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ចជប៉ុន នៅក្នុងត្រីមាសទី ៤នោះ ហើយការចំណាយលើការទិញផ្ទះ និងការវិនិយោគលើ សាជីវកម្ម ក៏មានកំណើនដូចគ្នាដែរ។


យ៉ាងណាក៏ដោយ សេដ្ឋកិច្ចវិទូជប៉ុន បានគូសបញ្ជាក់ថា សេដ្ឋកិច្ចជប៉ុន ក្នុងត្រីមាសទី ១ ដើមឆ្នាំ២០២១នេះ នឹងទទួលរងផលប៉ះពាល់ម្តងទៀតពី វិបត្តិមេរោគកូវីដ១៩ ដោយសារតែករណីឆ្លង បានចាប់ផ្តើមរីករាលដាលជាថ្មី។

 

 

ទោះយ៉ាងណា រដ្ឋាភិបាលជប៉ុន រំពឹងថា វិធានការទប់ស្កាត់មេរោគកូវីដ១៩ នឹងអាចជួយស្រោចស្រង់ស្ថានការណ៍នេះបាន ហើយសេដ្ឋកិច្ច នឹងមិនធ្លាក់ចុះច្រើន ដូចការព្យាករណ៍សម្រាប់ត្រីមាសទី ១នេះឡើយ៕
 

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024