ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ពេញមួយឆ្នាំ២០២០ មានរថយន្តជាង ៥៨ម៉ឺនគ្រឿង ដែលដឹកលើសទម្ងន់បំផ្លាញផ្លូវនៅកម្ពុជា

១៤ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ពេញមួយឆ្នាំ២០២០ មានរថយន្តជាង ៥៨ម៉ឺនគ្រឿង ដែលដឹកលើសទម្ងន់បំផ្លាញផ្លូវនៅកម្ពុជា។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។ ឡានដឹកទំនិញលើស ដែលរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបញ្ជាក់ថា ឡានដឹកលើសទម្ងន់ ១០តោនស្មើឡាន ១ម៉ឺនគ្រឿងដឹកទំនិញលើផ្លូវ។

 


គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានបង្ហាញរបាយការណ៍នៅចុងសប្តាហ៍កន្លងទៅនេះ ឲ្យដឹងថា ក្នុងឆ្នាំ២០២០ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបជាង ២លានគ្រឿង ដែលបើកបរលើដងផ្លូវនៅទូទាំងប្រទេស ក្នុងនោះរកឃើញរថយន្តលើសទម្ងន់កម្រិតកំណត់ចំនួនជាង ៥៨ម៉ឺន៦ពាន់គ្រឿង ស្មើនឹងជាង ២៧%។

 


ក្នុងចំណោមរថយន្តលើសទម្ងន់ទាំងជាង ៥៨ម៉ឺនគ្រឿងនោះ មានរថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួនជាង ៥៨ម៉ឺន២ពាន់គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ៥%-១០% ចំនួន ៧៩គ្រឿង, រថយន្តផ្ទុកលើសទម្ងន់ពី ១០%-២០% ចំនួនជាង ២ពាន់គ្រឿង និងរថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ១ ០៤៤គ្រឿង។  

 


យ៉ាងណាមិញរបាយការណ៍បានបញ្ជាក់ថា ចំនួនរថយន្តដែលលើទម្ងន់កម្រិតកំណត់ចំនួនជាង ២៧% នៃរថយន្តបានត្រួតពិនិត្យសរុបមានការថយចុះបន្តិច គឺថយចំនួនតែជិត ១%ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលចំនួនជាង ២៨%។

 


ជាមួយគ្នានេះ គណៈកម្មាធិការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់បានឲ្យដឹងពីវិធានការយ៉ាងតឹងរឹងបន្ថែម ក្នុងឆ្នាំ២០២០ ចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ដែលបើកបរលើបណ្តាញផ្លូវថ្នល់ ដូចជា ពង្រឹងការអនុវត្តដឹកជញ្ជូនឲ្យបានត្រឹមត្រូវ តាមបទប្បញ្ញត្តិដូចចែងក្នុងមាត្រា៦០ នៃច្បាប់ផ្លូវថ្នល់ និងក្នុងករណីយានយន្តដឹកលើសកម្រិតកំណត់ចាប់ពី ២០% ឡើងទៅ ស្ថានីយជញ្ជីងបានឃាត់ទុករថយន្តរយៈពេលមួយឆ្នាំ មានចំនួន ១៧គ្រឿង។

 


ជាទិសដៅក្នុងឆ្នាំ២០២១នេះ គណៈកម្មាធិការនឹងរៀបដាក់ឱ្យប្រើប្រាស់ស្ថានីយជញ្ជីងថ្មី ២បន្ថែមទៀត នៅផ្លូវក្រវ៉ាត់ក្រុងទី២ និងខេត្តក្រចេះ ព្រមទាំងគ្រោងសាងសងស្ថានីយជញ្ជីង២បន្ថែមទៀត នៅតាមខេត្តដែលមានតម្រូវការចាំបាច់។


គួរជម្រាបដែរថា បើតាមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ បានអះអាងថា បើឡានដឹកទំនិញលើស ១០តោនស្មើឡាន ១ម៉ឺនគ្រឿងដឹកទំនិញនៅលើផ្លូវ ដែលធ្វើឲ្យខូចខាតផ្លូវកាន់តែឆាប់មុនអាយុកាល និងខាតបង់ថវិកាជាតិរាប់រយលានក្នុងមួយឆ្នាំ ដើម្បីយកទៅជួសជុល និងថែទាំឡើងវិញ៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024