ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

បុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ខិតជិតដល់អាជ្ញាធររាជធានីភ្នំពេញ ណែនាំអោយប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ

០៥ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

អាជ្ញាធររាជធានីភ្នំពេញ បានណែនាំអោយមានប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យ ជាពិសេសទៀនធូបនៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី គ្រឿងឆេះជាដើម។ ការណែនាំនេះធ្វើឡើងស្របពេលដែលបុណ្យចូលឆ្នាំចិន-វៀតណាម ខិតជិតដល់ជារដូវកាលមួយដែលប្រជាពលរដ្ឋ ធ្វើពិធីសែនព្រេង តាមទំនៀមទំលាប់ ហើយប្រើប្រាស់ ធូបទៀនច្រើន។  

 

 

ខណៈបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន វៀតណាម ខិតជិតមកដល់អាជ្ញាធររាជធានីភ្នំពេញ បានណែនាំអោយប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះភ្លើងទៀនធូបនៅពេលសែនព្រេន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ជាដើម ដែលអាចបង្កឲ្យមានគ្រោះអគ្គីភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនផ្សេងៗ រដ្ឋបាលរាជធានីភ្នំពេញ ក៏តម្រូវអោយប្រើធុងដែក ឬឆ្នាំងដី ដើម្បីដុត ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវឬទ្រូងផ្លូវសាធារណៈនោះឡើយ។ ការណែនាំអោយប្រជាពលរដ្ឋអោយប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យនេះ ត្រូវបានធ្វើឡើងស្របពេលដែលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នឹងមកដល់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។

 


ជាមួយគ្នានោះ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ ក៏ណែនាំដល់មន្ទីរ អង្គភាព ខណ្ឌ សង្កាត់ សមាគម ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណជនដោយហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទះគ្រប់ប្រភេទហើយចាប់ពីពេលនេះតទៅអាជ្ញាធរមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវចាត់វិធានការឱ្យម៉ឺងម៉ាត់បំផុត កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលរាជធានីភ្នំពេញ និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះដែលមានតាំងលក់នៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏ហាមដាច់ខាត មិនឱ្យលេងល្បែងគ្រប់ប្រភេទដែលមានលក្ខណៈស៊ីសង រីឯរាល់ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាតត្រូវហាមឃាត់។

 


គួរបញ្ជាក់ថា ដើម្បីត្រៀមអន្តរាគមន៍ជួយពន្លត់គ្រោះអគ្គិភ័យ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន វៀតណាម កាលពីថ្ងៃទី០៣ ខែកុម្ភៈ ម្សិលមិញ ការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានណែនាំមន្ត្រីជំនាញទាំងអស់ ត្រូវយកចិត្តទុកឲ្យបានខ្ពស់បំផុត នៅក្នុងប្រតិបត្តិការចុះអន្តរាគមន៍ពន្លត់អគ្គិភ័យ និងទទួលខុសត្រូវតាមគោលដៅរៀងៗខ្លួន ដើម្បីធានាបាននៅការទប់ស្កាត់ឲ្យបានទាន់ពេលវេលាទាំងអស់។ក្នុងនោះត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ដើម្បីត្រៀមប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារគ្រោះអគ្គិភ័យដែលអាចកើតមានឡើងដោយប្រការណាមួយ៕

 

អត្ថបទ៖ សន រដ្ឋា រូបភាព៖ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024