ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ការងារចរាចរណ៍ឆ្នាំ២០២០ ទទួលលទ្ធផលគាប់ប្រសើរ ប៉ុន្តែរដ្ឋមន្ត្រីមហាផ្ទៃថា កុំដកដៃ

០៣ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ការ​កាត់​បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឆ្នាំ២០២០ កន្លងទៅ បានទទួលលទ្ធផលគាប់ប្រសើរច្រើន ដ្បិតអត្រាគ្រោះថ្នាក់ អត្រាអ្នកស្លាប់ និងរងរបួស បានថយចុះច្រើន ធៀបនឹងឆ្នាំ២០១៩។ យ៉ាងណាក៏ដោយ នៅព្រឹកមិញនេះ សម្ដេចក្រឡាហោម បានទាញចំណាប់អារម្មណ៍ក្នុងពិធីរំលឹកវិញាណក្ខន្ធជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ កុំ​ឲ្យ​គ្រប់គ្នា​មើលរំលងនូវអ្វីដែលបានខិតខំចុងក្រោយនេះ។

 


តាមការខិតខំបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវ របស់យន្តការដឹកនាំសុវត្ថិភាពចរាចរណ៍ផ្លូវគោក រួមទាំងមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មន្ត្រីសាធារណៈការ និងដឹកជញ្ជូន មន្ត្រីកងរាជអាវុធហត្ថ និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើឲ្យការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២០។

 


ឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន៩៤២លើក ស្មើ២៣% ក្នុងនោះកាត់បន្ថយអ្នកស្លាប់ចំនួន៣៣៥នាក់ ស្មើ១៧% និងកាត់បន្ថយអ្នករបួសចំនួន១,៤៥៥ ស្មើ២៤% និងបានសង្គ្រោះជីវិតប្រជាពលរដ្ឋចំនួន១៧៩០នាក់ឲ្យរួចផុតពីការបាត់បងជីវិត និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

 


យ៉ាងណាក៏ដោយ បានសង្កត់ធ្ងន់ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាដែលអូសបន្លាយ និងមានកំណើនគ្រប់ពេលវេលា ប្រសិនបើប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធ មើលរំលងការអនុវត្តច្បាប់ និងមិនគិតគូពីសុខសុវត្ថភាពខ្លួនឯង និងអ្នកដទៃ។


សម្ដេច ក៏បានកត់សំគាល់អំពីអត្រាខុសគ្នារវាងអ្នកពាក់មួកសុវត្ថិភាពពេលថ្ងៃ និងពេលយប់ ដ្បិតពេលថ្ងៃមានអ្នកដំណើរប្រើប្រាស់មួកច្រើន ប៉ុន្តែពេលយប់ភាគច្រើនអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពនោះទេ ។

 


សម្ដេចអំពាវនាវអ្នកដំណើរពេលយប់សូមជួយអាយុជីវិតខ្លួនឯង កុំធ្វេសប្រហែសឱ្យសោះ ពីគ្រោះគ្រោះថ្នាក់ពេលយប់ភាគច្រើន គឺមានអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាពតែម្ដង ។


សម្ដេចនៅតែបន្តព្រមានថាជាមធ្យម កម្ពុជានៅតែមានអ្នកស្លាប់៤ទៅ៥នាក់ ទោះបីជាបានកាត់បន្ថយអត្រាអ្នកស្លាប់ជាង៣០០នាក់ធៀបនឹងឆ្នាំ២០១៩ក៏ដោយ។

 


សម្ដេចបានទាញចំណាប់អារម្មណ៍អង្គពិធីនៅក្រុងតាខ្មៅខេត្តកណ្ដាលថា ចំនួនអ្នកស្លាប់ថយចុះកាលពីឆ្នាំ២០២០ បើប្រៀបធៀបនឹងចំនួនអ្នកចូលរួមក្នុងពិធីនាថ្ងៃនេះ គឺស្មើនឹងមនុស្សប្រមាណពាក់កណ្ដាល។ ដូច្នេះការងារទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍មិនអាចដកដៃបានទេ៕

 

អត្ថបទ៖ រ៉េន រតនៈ​ រូបភាព៖ សែត ប៊ុនថាន់

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024