ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សម្ដេចតេជោ ចេញគោលនយោបាយលេខ០១ ស្ដីពី ភូមិឃុំសង្កាត់ មានសុវត្ថិភាព

០២ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

សម្ដេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញគោលនយោបាយលេខ០១ ស្ដីអំពី ភូមិឃុំសង្កាត់ មានសុវត្ថិភាព។ គោលនយោបាយនេះ បានកំណត់លក្ខណៈសម្បត្តិភូមិឃុំសង្កាត់មានសុវត្ថិភាព ចំនួន ៧ចំណុច មានកំរាស់ ១០ទំព័រ និងបានចែងយ៉ាងលម្អិតអំពីខ្លឹមសារនៃលក្ខណៈសម្បត្តិទាំង៧។

 


គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព បានកំណត់លក្ខណៈសម្បត្តិ ចំនួន៧ រួមមាន  ១ ផ្ដល់សេវាសាធារណៈ ជាពិសេសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត, ២ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ក្បែលស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ, ៣ មានសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍, ៤ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ៥ដុះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព, ៦មានអនាម័យ មានសោភណ្ឌភាពល្អ និងមានបរិស្ថានល្អ និងទី៧ ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហាន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកប​ដោយប្រសិទ្ធភាព។

 


មានកំរាស់ ១០ទំព័រ គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពដែលសម្ដេចតេជោនាយករដ្ឋមន្រ្តី បានចុះហត្ថលេខាកាលពីចុងខែមករាកន្លងទៅ បានផ្ដល់ការពន្យល់យ៉ាងពិស្ដារបន្ថែមទៀតអំពីលក្ខណៈសម្បត្តិទាំង៧។ គោលនយោបាយនេះ បានកំណត់ឱ្យក្រសួងមហាផ្ទៃជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីសហការសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ព្រមទាំងដឹកនាំ តាមដាន ត្រួតពិនិត្យ និងរំលឹកដាស់តឿន គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការចាត់តាំងអនុវត្តគោលនយោបាយ និងមានការបង្កើតលេខាធិការដ្ឋានដើម្បីរៀបចំផែនការសកម្មភាព និងតាមដានត្រួតពិនិត្យ រំលឹកដាស់តឿន ព្រមទាំងវាយតម្លៃសភាពការ និងរាយការណ៍តាមដំណាក់កាលជូនរាជរដ្ឋាភិបាលអំពីលទ្ធផលនៃការអនុវត្ត។

 


សូមបញ្ជាក់ថា គោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពនេះ ត្រូវបានកែសម្រួលដោយផ្អែកលើមូលដ្ឋាននៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរយៈពេល១០ឆ្នាំកន្លងមក។ សម្ដេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ទោះបីប្រទេសមានសន្តិភាព ស្ថិរភាពរឹងមាំយ៉ាងណាក្ដី ប៉ុន្តែសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ បញ្ហាសុខមាលភាពប្រជាពលរដ្ឋ និងការផ្ដល់សេវាចាំបាច់ នៅតែជាបញ្ហាអាទិភាពដែលត្រូវយកចិត្តទុកដាក់ដើម្បីធានាឱ្យជនគ្រប់រូប និងសង្គមទាំងមូល មានសុវត្ថិភាពយ៉ាងល្អប្រសើរ ជីវភាពរុងរឿង និងសុខដុមរមនា ដែលចាំបាច់ត្រូវចាត់តាំងអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយលេខ០១ ស្ដីពីភូមិឃុំសង្កាត់មានសុវត្ថិភាពនេះ៕

 

អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024