ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

មន្ត្រីជាន់ខ្ពស់ GMAC ថា ការអនុញ្ញាតឲ្យមានការនាំចេញម៉ាស និងសម្ភារពេទ្យ នឹងជួយលើកកម្ពស់ការនាំចេញវិស័យកាត់ដេរ

១៥ ឧសភា ២០២០ | សេដ្ឋកិច្ច

បើតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ការលើកទឹកចិត្ត និងគាំទ្រឲ្យមានការផលិតម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកពាក់ការពារជំងឺឆ្លង ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅលក់នៅក្រៅប្រទេសនេះ គឺជាការឆ្លើយតបទៅនឹងសំណើររបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក្នុងបរិកាណ៍នៃការរាតត្បាតមេរោគកូវីដ-១៩  ដែលកម្ពុជា និងសកលលោកកំពុងមានតម្រូវការសម្ភារទាំងនេះ។


លោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអះអាងថា ការគាំទ្រ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលនាពេលនេះ គឺជាការគិតគូរល្អមួយដែលនឹងអាចចូលរួមចំណែកក្នុងការរក្សាការងារខ្លះៗសម្រាប់កម្មករនិយោជិតរោងចក្រកាត់ដេរ និងជួយលើកកម្ពស់ការនាំចេញររបស់វិស័យនេះផងដែរ ខណៈដែលការបញ្ជាទិញសម្លៀកបំពាក់នាពេលបច្ចុប្បន្ននេះ បាននិងកំពុងមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

 


យ៉ាងណាក៏ដោយចុះ លោក កាំង ម៉ូនីកា គូសបញ្ជាក់ថា មកទល់និងពេលនេះ មិនទាន់មានរោងចក្រច្រើនទេ ដែលបានពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម លើមុខទំនិញសម្លៀកបំពាក់ដែលមានស្រាប់ ហើយកិច្ចការនេះពឹងអាស្រ័យលើការបញ្ជាទិញពីខាងក្រៅផងដែរ។ លើសពីនេះទៅទៀត ជានីតិវិធី ដើម្បីពង្រីកបន្ថែមមុខសញ្ញាផលិតកម្ម រោងចក្រត្រូវបំពេញនីតិវិធីស្នើសុំការអនុញ្ញាតដំបូងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហើយបន្ទាប់មកមានក្រសួងពាក់ព័ន្ធផ្សេងទៀត ដូចជាក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងក្រសួងសុខាភិបាល។ លោក កាំង ម៉ូនីកា បន្ថែមថា ជាមួយនិងការលើកទឹកចិត្តនេះ សមាគមរោងចក្រកាត់ដេរ សង្ឃឹមថា និតិវិធីស្នើសុំដែលត្រូវបំពេញនិងចំណាយពេលកាន់តែឆាប់ ដោយមានការសម្រួលជាពិសេសពីស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ។


សូមបញ្ជាក់ថា បើតាមការអះអាងរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា កាលពីទី ១២ ខែឧសភានេះបានឲ្យដឹងថា ចំនួនរោងចក្រដែលបានព្យួរការងារ មានការកើនឡើងដល់ទៅជាង ១៩០ រោងចក្រហើយ និងបានប៉ះពាល់ដល់ការងារកម្មករនិយោជិតជាង ១៣ម៉ឺននាក់៕


អត្ថបទ៖ ចាន់ ភារម្យ 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024