ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អណ្តើក​ហ្លួង​ជិត ១០០ក្បាលហើយ ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ

២៩ មករា ២០២១ | ព័ត៌មានជាតិ

​​ថ្ងៃនេះ អណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន ១០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុត ត្រូវបានលែងចូលក្នុង​ព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។ រហូតមកដល់ពេលនេះ អណ្តើកហ្លួងជិត ១០០ក្បាលហើយ ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ។

 


អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងនាយកដ្ឋានអភិរក្សជលផលនៃរដ្ឋបាល​ជលផល សហការជាមួយឧទ្យានសត្វព្រៃសឹង្ហបុរី (WRS) នៅថ្ងៃទី២៨ មករានេះ បានលែងអណ្តើកហ្លួង ឬអណ្តើកសរសៃ ចំនួន ១០ក្បាល ដែលជាប្រភេទជិតផុតពូជបំផុត ចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតក្នុងឃុំចំការហ្លួង ស្រុកកំពុងសីលា ខេត្តព្រះសីហនុ។  នេះគឺជាការលែងអណ្តើកហ្លួងលើកទីប្រាំហើយ ចាប់តាំងពី ២០១៥មក ដែលមានចំនួនសរុប ៩៦ក្បាល។

 


លោក សោម ស៊ីថា ប្រធានគម្រោងអភិរក្សអណ្តើកហ្លួងនៃអង្គការ WCS បានថ្លែងថា អណ្តើកហ្លួងទាំង ១០ក្បាល ដែលបានលែងនៅថ្ងៃនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីវាបានញាស់នៅក្នុងសំបុករបស់វានៅតាមដងព្រែកស្រែអំបិល និងព្រែកកំពុងលើស្ថិតក្នុងខេត្តកោះកុងនិ ងខេត្តព្រះសីហនុ ចន្លោះពីឆ្នាំ២០០៦ ដល់ ២០១៥ បន្ទាប់មកបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដែលស្ថិតនៅភូមិទួលគរគី ឃុំទួលគរគី ស្រុកមណ្ឌលសីមា ចម្ងាយប្រមាណ ១៥គ.ម ពីក្រុងកោះកុង ដើម្បីចិញ្ចឹមថែទាំឲ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញ។

 


លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានសាទរចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន បងប្អូនប្រជាពលរដ្ឋ ជាពិសេស អង្គការ WCS ដែលបាននិងកំពុងស្តារប្រភេទដែលកំពុងរងគ្រោះនេះឲ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។ លោកបានស្នើឲ្យភាគីពាក់ព័ន្ធបន្តកិច្ចការស្តារប្រភេទអណ្តើកនេះ ព្រមទាំងក្រើនរំលឹកដល់ជនល្មើសមួយចំនួនដែលនៅតែបន្តជួញដូរប្រភេទសត្វនេះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

 


ដោយឡែក លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានមានប្រសាសន៍ថា ការខិតខំប្រឹងប្រែងរួមគ្នាការពារ និងអភិរក្សអណ្តើកហ្លួងទាំងនេះ បានឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃការការពារធនធានជីវៈចម្រុះដ៏សម្បូរបែបរបស់កម្ពុជា។ លោកស្រីថា សហភាពអឺរ៉ុប បាននិងកំពុងផ្តល់មូលនិធិគាំទ្រគម្រោងអភិរក្សសត្វព្រៃ ដើម្បីប្រឆាំងការជួញដូរសត្វព្រៃខុសច្បាប់ និងការពារសំបុកអណ្តើកហ្លួងនិងកន្ធាយក្បាលកង្កែប និងគាំទ្រលើការគ្រប់គ្រងធនធានជលផលសំខាន់ៗប្រកបដោយនិរន្តរភាពរបស់កម្ពុជាផងដែរ។

 


សូមជម្រាបថា អណ្តើកហ្លួង ស្ថិតក្នុងប្រភេទអណ្តើកទឹកសាប និងអណ្តើកគោកចំនួន ២៥ប្រភេទដែលជិតផុតពូជនៅលើពិភពលោក។ ប្រភេទអណ្តើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទអណ្តើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឲ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រឹត្យឆ្នាំ២០០៥។ អង្គការ WCS បានអះអាងថា ដោយសារមានការនេសា​​ទ​ខុសច្បាប់ ការធ្វើអាជីវកម្មហួសប្រមាណ ការបាត់បង់ទីជម្រក និងការធ្វើអាជីវកម្មខ្សាច់នៅតាមប្រព័ន្ធព្រែកស្រែអំបិលនៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ បានធ្វើឲ្យប៉ះពាល់ដល់ទីជម្រក និងការបង្កកំណើ​តរបស់សត្វអណ្តើកប្រភេទនេះ ខណៈដែលវាត្រូវបានគេរកឃើញថា មានវត្តមានតែនៅក្នុងប្រព័ន្ធ​ព្រែកស្រែអំបិល នៅខេត្តទាំងពីរនេះប៉ុណ្ណោះ៕

 

អត្ថបទ៖ អឿន ភារ៉ា     រូបភាព៖ ផ្តល់ដោយជំនាញ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024