ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្រទេស ណេប៉ាល់ ចាប់ផ្ដើមចាក់វ៉ាក់សាំងបង្ការជំងឺ ខូវីដ១៩ សម្រាប់បុគ្គលិកសុខាភិបាលជួរមុខ


កាល​ពី​ថ្ងៃពុធនេះ ប្រទេស ណេប៉ាល់ បានចាប់ផ្ដើមបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺ ខូវីដ១៩ នៅក្នុងទ្រង់ទ្រាយធំ ដោយផ្ដល់អាទិភាព​មុនគេ​សម្រាប់បុគ្គលិកសុខាភិបាល។ យុទ្ធនាការនេះប្រកាសជាផ្លូវការដោយនាយករដ្ឋមន្ត្រី ណេប៉ាល់ តាមប្រព័ន្ធវីឌីអូពីចម្ងាយ ស្របពេលដែលប្រទេសនេះមានអ្នកឆ្លងសរុបជាង២៧ម៉ឺននាក់ និងស្លាប់ជាង២ពាន់នាក់។

 

 

 

នៅក្នុងដំណាក់កាលទី១នៃ​ការ​ផ្ដល់វ៉ាក់សាំងនេះ​គឺមាន​មនុស្សជាង៤៣ម៉ឺននាក់ ហើយ​ពួកគេជាបុគ្គលិកសុខាភិបាល អ្នកធ្វើការស្ម័គ្រចិត្តនៅតាមមណ្ឌលចាស់ជរា បុគ្គលិកសន្តិសុខ បុគ្គលិកអនាម័យ មនុស្សចាស់ និងអ្នកជាប់ឃុំ​។ យុទ្ធនាការនេះផ្ដើមឡើងជាមួយនឹង​វ៉ាក់សាំង ១លាន​ដូស នៅក្នុងដៃរបស់ ណេប៉ាល់ ដែលផ្ដល់ដោយប្រទេសឥណ្ឌាកាលពីអាទិត្យមុន។ នេះជាវ៉ាក់សាំងរបស់ក្រុមហ៊ុន អាស់ស្ត្រាហ្សេនេកា សហការជាមួយសាកលវិទ្យាល័យអក់ហ្វដ (Oxford) ដែលប្រទេសឥណ្ឌាយករូបមន្តទៅផលិតនៅវិទ្យាស្ថានស្រាវជ្រាវរបស់ខ្លួន។

 

 

នៅពេលនេះ រដ្ឋាភិបាល ណេប៉ាល់ កំពុងស្វះស្វែងរកទិញវ៉ាក់សាំង៤លានដូស​នៅក្នុងអំឡុងពេល១ខែទៅមុខទៀត ពីប្រទេសមួយ​ចំនួន។ ប៉ុន្តែ ណេប៉ាល់ ទំនងជាចង់បានវ៉ាក់សាំងដែលផលិតនៅរោងចក្ររបស់ប្រទេសឥណ្ឌា​តាមរូបមន្តរបស់អាស់ស្ត្រាហ្សេនេកា។ រដ្ឋាភិបាល​ដាក់ផែនការចាក់វ៉ាក់សាំងពលរដ្ឋរបស់ខ្លួនឲ្យបាន​៧២%។ ការចាក់ឲ្យបាន១០០%​មិនអាចទៅរួចទេ ព្រោះវ៉ាក់សាំងនេះអាចចាក់បានចាប់​ពីអាយុ១៤ឆ្នាំឡើងទៅ​៕

 

ប្រែ​សម្រួល​៖ អន សំអាង

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024