ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ថៃ អាចនឹងបាត់បង់ការងារវិស័យទេសចរណ៍ ១លានកន្លែង នៅក្នុងត្រីមាសទី ១ ដោយសារកូវីដ១៩

២៨ មករា ២០២១ | សេដ្ឋកិច្ច

ប្រទេសថៃ អាចនឹងបាត់បង់ការងារប្រមាណ ១លានកន្លែងនៅក្នុងវិស័យទេសចរណ៍ អំឡុងពេលត្រីមាសទី ១ ដើមឆ្នាំ ២០២១នេះ ដោយសារតែរលកឆ្លងជម្ងឺកូវីដ១៩ ចុងក្រោយបង្អស់នេះ ខណៈវិស័យឯកជន បន្តអំពាវនាវដល់ រាជរដ្ឋាភិបាលថៃ ឲ្យដាក់ចេញនូវ វិធានការជួយសង្គ្រោះ ឲ្យបានឆាប់បំផុត។

 

នេះបើយោងតាម កាសែតក្នុងស្រុកថៃ ចេញផ្សាយនៅថ្ងៃនេះ។

 


ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃ បានលើកឡើងថា នឹងធ្វើការស្នើសុំទៅ រាជរដ្ឋាភិបាលថៃ នូវវិធានការជាច្រើន រួមមាន រដ្ឋបញ្ចេញប្រាក់ចំណាយ ៥០% សម្រាប់ប្រាក់ខែបុគ្គលិក, ការកាត់បន្ថយវិក្កយប័ត្រទឹកភ្លើង, ការផ្តល់កម្ចីការប្រាក់ទាប និងការពន្យារពេលបំណុលរយៈពេល ២ឆ្នាំជាដើម។


នៅក្នុងសំណើចំណាយថវិកា ៥០% នឹងអាចជួយដល់ កម្មករ ៨សែននាក់ ឲ្យបន្តការងាររបស់ពួកគេបាន ហើយក្រុមប្រឹក្សាទេសចរណ៍ថៃ ក៏អះអាងដែរថា មិនចង់បាត់បង់ធនធានមនុស្សទាំងអស់នេះឡើយ ហើយក៏សង្ឃឹមដែរថា ភ្ញៀវទេសចរណ៍ នឹងត្រលប់មកវិញជាក់ជាមិនខាន។


ចំនួនប្រជាពលរដ្ឋថៃ ដែលបានបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ មានជាង ១លាននាក់ស្រាប់ទៅហើយ ហើយក៏អាចបន្តបាត់បង់ ១លានកន្លែងទៀត នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១នេះ ដោយសារតែ តួលេខអំពីករណីឆ្លងមេរោគថ្មី កាន់តែអាក្រក់ឡើងៗ។


បើតាមប្រធានសមាគមភ្នាក់ងារធ្វើដំណើរតាមផ្លូវអាកាសថៃ បានគូសបញ្ជាក់ដែរថា វិស័យទេសចរណ៍ អាចនឹងប្រសើរឡើងវិញ នៅក្នុងឆមាសទី ២ ឆ្នាំនេះ ដោយសង្ឃឹមនឹងអាចទទួលបានភ្ញៀវទេសចរបរទេសជាង ១០លាននាក់ សម្រាប់ឆ្នាំ ២០២១នេះ។


យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថៃ បានប៉ាន់ប្រមាណថា ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ មកដល់ប្រទេសថៃ នឹងមានត្រឹមតែ ៥លាននាក់ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២១នេះ ដោយសារតែផលប៉ះពាល់នៃវិបត្តិមេរោគកូវីដ១៩ដល់សេដ្ឋកិច្ចសកល និងវិធានរឹតបន្តឹងលើជើងហោះហើរអន្តរជាតិរបស់បណ្តាប្រទេសជាច្រើន៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024