ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

IMF៖ សេដ្ឋកិច្ចសកលលោក នឹងមានកំណើន ៥,៥% ក្នុងឆ្នាំ ២០២១

២៨ មករា ២០២១ | សេដ្ឋកិច្ច

អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF ព្យាករណ៍ នៅក្នុងរបាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចសកលចុងក្រោយបំផុត ឲ្យបានដឹងថា សេដ្ឋកិច្ចរបស់សកលលោក នៅក្នុងឆ្នាំ ២០២១នេះ នឹងកើនឡើងមកវិញដល់ ៥,៥% បន្ទាប់ពីបានធ្លាក់ចុះ ៣,៥% កាលពីឆ្នាំ ២០២០កន្លងទៅ។

 

 

នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន។


អង្គការ IMF បានគូសបញ្ជាក់ថា កាលពីឆ្នាំ ២០២០ សេដ្ឋកិច្ចសកលលោក ធ្លាក់ចុះ ៣,៥% ប្រសើរជាងការព្យាករណ៍កាលពីខែ តុលា ឆ្នាំ ២០២០ ដែលរំពឹងថានឹងធ្លាក់ចុះដល់ទៅ ៤,៤% ឯណោះ ហើយនេះ សបញ្ជាក់ពី ភាពប្រសើរឡើងវិញនៃសេដ្ឋកិច្ច នៅក្នុងអំឡុងឆមាសទី ២ ឆ្នាំ ២០២០។


ចូលមកដល់ឆ្នាំ ២០២១នេះ អង្គការ IMF បានតម្លើងការព្យាករណ៍ពី សេដ្ឋកិច្ចសកល ថាអាចនឹងមានកំណើន ៥,៥% ដោយផ្អែកទៅលើ ក្តីសង្ឃឹមចំពោះ វ៉ាក់សាំងដែលត្រូវបានទទួលស្គាល់ និងចាប់ផ្តើមប្រើប្រាស់ជាបណ្តើរៗហើយនៅតាមបណ្តាប្រទេសមួយចំនួន។


លើសពីនេះទៅទៀត បណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សៗ ដូចជា អាមេរិក ជប៉ុនជាដើម ក៏បានដាក់ចេញនូវគោលនយោបាយលើកស្ទួយសេដ្ឋកិច្ចជាតិ ដែលជាផ្នែកមួយនៃការជួយស្រោចស្រង់សេដ្ឋកិច្ចសកលផងដែរ។


ចំពោះសេដ្ឋកិច្ចអាមេរិក រំពឹងនឹងសម្រេចបាននូវកំណើន ៥,១% ក្នុងឆ្នាំ ២០២១នេះ ហើយវានឹងអាចកើនឡើងលើសនឹងទៅទៀត បើសិនជា សភាអាមេរិក អនុម័តលើសំណើកញ្ចប់ថវិកាជំនួយជិត ២ទ្រីលានដុល្លារអាមេរិក ដែលស្នើសុំដោយប្រធានាធិបតីអាមេរិកថ្មី លោកចូ បៃដិន។


ដោយឡែកចំពោះមហាអំណាចសេដ្ឋកិច្ចចិន ក៏រំពឹងនឹងមានកំណើនដល់ទៅ ៨,១% ក្នុងឆ្នាំ ២០២១នេះ និងបន្តរក្សាបាននូវកំណើន ៥,៦% នៅក្នុងឆ្នាំ ២០២២ខាងមុខ។


យ៉ាងណាក៏ដោយ IMF ព្រមានអំពី ភាពមិនច្បាស់លាស់នៃ រលកចម្លងមេរោគកូវីដ១៩ និងប្រភេទមេរោគថ្មី ដែលជាហានិភ័យធ្វើឲ្យ សេដ្ឋកិច្ចសកល ជាប់គាំងម្តងទៀត។


គួរជម្រាបដែរថា ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍វិញ នៅតែត្រូវការជំនួយគាំទ្រពី ម្ចាស់ជំនួយនានា ត្រូវការកម្ចីការប្រាក់ទាប និងការលើកលែងលើបំណុលជាដើម៕
 

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024