ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករឡើងវិញថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ នឹងមានកំណើនងើបឡើងវិញ ៤ភាគរយ

២៨ មករា ២០២១ | សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានវាយតម្លៃជាថ្មីថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១នេះ នឹងមានកំណើនងើបឡើងវិញ ៤ភាគរយ ខណៈកាលពីឆ្នាំ២០២០សេដ្ឋកិច្ចកម្ពុជា បានធ្លាក់ចុះ៣ភាគរយ ដោយសាបញ្ហាជំងឺកូវីដ ១៩។

 

 

ក្រសួងសេដ្ឋកិច្ចព្យាករដូច្នេះដោយ សម្អាងរំពឹងថា វិស័យដែលជាសរសរស្តម្ភទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចកន្លងមក នឹងមានកំណើនជាវិជ្ជមាននៃការងើបឡើងវិញនៅក្នុងឆ្នាំ២០២១នេះ។


ថ្លែងនៅក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ការព្យាករពីកំណើនសេដ្ឋកិច្ចចំនួន ៤ភាគរយនៅឆ្នាំ២០២១ អាចនឹងសម្រេចទៅបាន ដោយសាតែកម្ពុជាមានឱកាសទីផ្សារធំ ជាមួយចិនតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបន្តបន្ទាប់ទៀតគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េខាងត្បូង និងព្រមជាមួយគ្នានេះកម្ពុជានឹងទទួលបន្ត នូវ EBA ពីសហគមអឺរ៉ុបបន្តទៀត ហើយជាងនេះទៀតទីផ្សារអាមេរិកនឹងមានការងើបឡើងវិញលឿនផងដែរ។


ឯកឧត្តមបន្តអះអាងទៀតថា ជាការរំពឹងទុកផងដែរ នៅឆ្នាំ២០២១ នេះលំហូរចូលត្រឡប់មកវិញនៃទុនវិនិយោគ និងតម្រូវការសកល និងវិធានការអន្តរាគមរបស់រាជរដ្ឋាភិបាល ដែលនឹងជំរុញកំណើនវិស័យកាត់ដេរ វិស័យសំណង់ និងអចលនទ្រព្យ និងវិស័យកម្មសាល មិនមែនកាត់ដេរ និងរួមទាំងវិស័យទេសចរណ៍ និងកសិកម្ម។

 


ជាមួយគ្នានេះតាមរយៈបទបង្ហាញ របស់ឯកឧត្តម ឈាង វណ្ណរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងផងដែរថា នៅក្នុងឆ្នាំ២០២១ នេះវិស័យទេសចរណ៍ព្យាករណ៍ថា នឹងបន្តមានកំណើនងើបឡើងវិញ ០.៣ភាគរយ ដោយរុញច្រានកំណើនភ្ញៀវក្នុងស្រុកត្រូវបានព្យាករថា នឹងការកើនឡើងពី៧លាន ទៅ១០លានទ្រីប។

 

ខណៈវិស័យកាត់ដេរនឹងមានកំណើនឡើងវិញជុំវិញ ៤.៦ ភាគរយ ក៏ព្រោះតែមានតម្រូវការកើនឡើងនៃប្រទេសដែលជាដៃគូ និងការដាក់ចេញ អនុវត្តយុទ្ធសាស្រ្តវិស័យកាត់ដេរនៅឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ខណៈកាលពីឆ្នាំ២០២០ វិស័យកាត់ដេរធ្លាក់ចុះជាង ៦ភាគរយ។

 


ឯកឧត្តមបន្តថា វិស័យសំណង់ និងអចលនទ្រព្យក៏ត្រូវបានព្យាករថានឹងងើបឡើងបន្តិចវិញដូចនឹងវិស័យផ្សេងៗទៀតដែរ ដោយសារតែមានការកើនឡើងខ្លាំងនូវតម្រូវការលំនៅដ្ឋានតម្លៃ ទាប និងមធ្យម និងការកើនឡើងខ្លាំងនៃសកម្មភាពសេដ្ឋកិច្ច។

 

 

ខណៈវិស័យកសិកម្មក៏ត្រូវបានរំពឹងថា សម្រេចបានក្នុងកំណើន ១.៣ភាគរយ ដោយសារតែការកើនឡើងនៃការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធកសិកម្ម និងការបន្តឡើងថ្លៃនៃផលិតផលកសិកម្ម។

 


ជាមួយគ្នានេះ វិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថា នឹងរក្សាបានកំណើនខ្ពស់ ក្នុងរង្វង់១២. ៥ភាគរយ ក៏ព្រោះតែមានការរុញច្រានចន្តរនៃការផ្លាស់ប្តូររោងចក្រផលិតកម្មពីប្រទេសក្នុងតំបន់មកកម្ពុជា និងការជំរុញពន្លឿនកែទម្រង់បរិយាកាសវិនិយោគក្នុងស្រុក ដូចជាការដាក់ចេញនៅច្បាប់វិនិយោគជាដើម។


ការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានបញ្ជាក់ទៀតថា ជារួមសេដ្ឋកិច្ចកកម្ពុជាពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា ជាមធ្យមអាចសម្រេចបានជុំវិញ៦ភាគរយ ដែលការសម្រេចបានកំណើនបែបនេះដោយសារតែការរំពឹងទុកនៃការងើបឡើងវិញនៃតម្រូវការសកល និងការអន្តរាគមសំខាន់ៗពីរាជរដ្ឋាភិបាលក្នុងការជួយទ្រទ្រង់សកម្មភាពសេដ្ឋកិច្ច ហើយក្នុងនោះរំពឹងថា វិស័យកសិកម្មអាចសម្រេចបានកំណើនជាមធ្យមក្នុងរវង្វង់ ១.២ ភាគរយរយៈពេល៤ឆ្នាំ ខណៈវិស័យឧស្សាហកម្មសម្រេចបាន ៧ទៅ៨ភាគរយ សេវាកម្ម ៥ភាគរយ៕

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាព៖ អ៊ិន អាត

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024