ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សភាទុយនីស៊ីអនុម័ត្តការរុះរើគណៈរដ្ឋមន្ត្រីចំពេលមានបាតុកម្មឥតឈប់

 

 

រដ្ឋសភានៃប្រទេសទុយនីស៊ី នៅថ្ងៃអង្គារបានអនុម័ត្តការរុះរើគណៈរដ្ឋមន្ត្រី ដែលជាបញ្ហាមួយដែលធ្វើអោយការប៉ះទង្គិចរវាងនាយករដ្ឋមន្ត្រី និងប្រធានាធិបតីនៃប្រទេសនេះកាន់តែ ធ្លាក់ចុះធ្ងន់ធ្ងរឡើង។ ស្របគ្នាក៏មានមនុស្សរាប់រយនាក់ធ្វើបាតុកម្មតវ៉ានៅខាងក្រៅរដ្ឋសភាទៅលើរឿងរ៉ាវវិសមភាពសង្គម និងបញ្ហាហិង្សាពីសំណាក់ប៉ូលីស។

 

 

 

 

 

 

ប៉ូលីសបង្ក្រាបបាតុកម្ម បានប្រើទឹកបាញ់បំបែកហ្វូងបាតុករនៅខាងក្រៅអាគាររដ្ឋសភាកាលពីថ្ងៃអង្គារ ដើម្បីបំបែកក្រុមតវ៉ាធំបំផុតចាប់តាំងពីបាតុកម្មបានកើតមានឡើងនៅខែនេះ។ ក្រុមបាតុករ បានដើរក្បួនជាក្រុមពីកន្លែងដែលយុវជនវ័យក្មេងប៉ះទង្គិចជាមួយប៉ូលីសជាច្រើនយប់កន្លងមកនៅខែនេះទៅកាន់អាគាររដ្ឋសភាហើយរួមគ្នាប្រមូលផ្តុំជាមួយបាតុកររាប់រយនាក់ទៀត ដែលស្ថិត នៅក្បែរអាគាររដ្ឋសភា។

 


នាយករដ្ឋមន្ត្រីទុយនីស៊ី លោក Hichem Mechichi បានតែងតាំងរដ្ឋមន្ត្រីថ្មី១១នាក់ ហើយបានថ្លែងថា លោកសង្ឃឹមការតែងតាំងនេះជាការចាក់ឈាមថ្មីចូលទៅក្នុងរដ្ឋាភិបាលរបស់លោក។  លោកបានបន្ថែមថា យុវជនដែលនៅតវ៉ាក្រៅអាគាររដ្ឋសភា ជាការដាស់តឿនមួយដល់អាទិភាពរបស់ពួកយើង។ ការតវ៉ារបស់ពួកគេគឺស្របច្បាប់ ហើយរដ្ឋាភិបាលគួរស្តាប់យុវជនដែលមាន ការខឹងសម្បារទាំងនោះ។

 


ប៉ុន្តែប្រធានាធិបតីនៃប្រទេសទុយនីស៊ី លោក Kais Saied  បានលើកឡើងនៅថ្ងៃច័ន្ទថា លោកនឹងបដិសេធការរុះរើគណៈរដ្ឋមន្ត្រី ដោយបានលើកឡើងពីអវត្តមានរបស់ស្ត្រីនៅក្នុងចំណោមរដ្ឋមន្ត្រីថ្មី ហើយបាននិយាយថា សមាជិកគណៈរដ្ឋមន្ត្រីថ្មីខ្លះមានបញ្ហាប៉ះទង្គិចផលប្រយោជន៍។

 

 

 

 

 

បាតុកម្មនៅប្រទេសទុយនីស៊ី បានចាប់ផ្តើមរាលដាលឡើងនៅដើមខែនេះ នៅថ្ងៃខួប១០ឆ្នាំ នៃបដិវត្តន៍ទុយនីស៊ីឆ្នាំ២០១១ ដែលនាំអោយមានបដិវត្តន៍អារ៉ាប់ និងនាំអោយមានកំណើតប្រជាធិបតេយ្យ ប៉ុន្តែក៏បានបន្សល់ទុកអោយពលរដ្ឋទុយនីស៊ីនូវបញ្ហាដំណើរជាប់គាំងនយោបាយ បញ្ហាសេដ្ឋកិច្ចធ្លាក់ចុះ។

 

 

ដំណើរជាប់គាំងនយោបាយនៅទុយនីស៊ី ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៩បានរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាសេដ្ឋកិច្ច ដែលអ្នកជំនាញត្រូវការអោយមានកំណែទម្រង់។

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024