ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ផលលំបាកធំមួយដែល សាយ ជួបក្នុងដំណើររត់ជុំវិញប្រទេសកម្ពុជាដើម្បីមន្ទីរពេទ្យ កុមារអង្គរ

២៧ មករា ២០២១ | កម្សាន្ដ

យុទ្ធនាការ «រត់ជាមួយសាយ» របស់តារាចម្រៀង សាយ ជារឿងដ៏អស្ចារ្យ និងជាសកម្មភាពគំរូមួយដល់ប្រជាជនដ៏ទៃទៀតកំពុងទទួលការកោតសរសើរ និងស្ងប់ស្ងែងជាខ្លាំងពីមកជន។

 

 

យ៉ាងណាទម្រាំមកដល់ដំណាក់កាលនេះ សាយ បានជួបរឿងជាច្រើន ក្នុងនោះមានផលលំបាកធំមួយដែល សាយ ជួបក្នុងដំណើររត់ជុំវិញប្រទេសកម្ពុជានេះ។

 


មួយរយៈពេលចុងក្រោយនេះ មនុស្សជាច្រើនបានស្គាល់រហ័សនាម និងកិត្តិសព្ទរបស់ម្ចាស់បទ «ងប់ងល់»  សាយ បន្ទាប់ពីលោក និងក្រុមការងារលះបង់កម្លាំងកាយចិត្តធ្វើរឿងដ៏ធំមួយដើម្បីតបស្នងដល់សង្គម នោះគឺ យុទ្ធនាការ «រត់ជាមួយសាយ» ដែលជាយុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។

 


សាយ បានប្រើពេលប្រមាណជាង៣ខែ រត់ឆ្លងកាត់ប្រមាណ២១ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានចម្ងាយជាង ២.៤០៨គីឡូម៉ែត្រ។

 


ជារឿងគួរឲ្យស្ងប់ស្ងែងបំផុត យុទ្ធនាការ «រត់ជាមួយសាយ» ដែលតារាចម្រៀងរូបនេះ ជាអ្នកផ្តួចផ្តើម ផ្ទុះការគាំទ្រយ៉ាងខ្លាំងពីមហាជន ដោយទទួលការបរិច្ចាគជាទឹកប្រាក់ច្រើនលើសលុបពីប្រជាជនកម្ពុជា ដែលតួលេខនេះច្រើនលើសការរំពឹងទុករបស់តារាចម្រៀងរូបនេះមួយទ្វេជាពីរ ពោលទឹកប្រាក់ដែលលោកបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ សរុបចំនួន ២,០២៥,៦០៩,៧១០រៀល ស្មើរប្រមាណជា ៥០ម៉ឺនដុល្លារអាមេរិក ខណៈការរំពឹងរបស់លោកពេលចាប់ផ្តើមយុទ្ធនាការនេះ ត្រឹម២៥ម៉ឺនដុល្លារតែប៉ុណ្ណោះ។

 


តួលេខខាងលើនេះទទួលបានពីការបង្ហោះជាសាធារណៈរបស់ទំព័រហ្វេសប៊ុករបស់តារាចម្រៀង សាយ កាលពីពេលថ្មីៗនេះ។

 


ផ្តល់កិច្ចសម្ភាសន៍ជាមួយភីអិនអិនក្នុងថ្ងៃទទួលទឹកប្រាក់១ម៉ឺនដុល្លាររបស់ប្រតិបត្ដិករ ទូរគមនាគមន៍ ចល័ត ឈាន មុន គេនៅកម្ពុជា កាលពីពេលថ្មីៗនេះ សាយ បានអោយដឹងពីផលលំបាកដ៏ធំមួយដែលលោក និងក្រុមការងារបានជួបប្រទះក្នុងដំណើររត់ជុំវិញប្រទេសកម្ពុជានេះ។

 


សាយ ឲ្យដឹងបន្ថែមថា ទោះយុទ្ធនាការនេះបានបញ្ចប់ទៅហើយក្តី ក៏លោកនៅតែបន្តចូលរួមជួយការសង្គមផ្សេងៗទៀតតាមដែលអាចធ្វើ។ ក្នុងនោះដែរ សាយ ក៏បានបង្ហើបឲ្យដឹង គម្រោងបន្ទាប់របស់លោកផងដែរ។

 


សូមជម្រាបថា បន្ទាប់ពីបញ្ចប់យុទ្ធនាការ «រត់ជាមួយសាយ» តារាចម្រៀងរូបនេះ ទទួលបានការស្ងប់ស្ងែង ការកោតសរសើរយ៉ាងគគ្រឹកគគ្រេងពីប្រជាជនកម្ពុជា។ គ្រប់គ្នាបានកោតសរសើរទឹកចិត្តដ៏ធំធេងរបស់លោក និងក្រុមការងារដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងរូបសម្រស់ធ្វើសកម្មភាពមនុស្សធម៌យ៉ាងដូច្នេះ។

 


ថ្មីៗនេះទៀតសោធន៍បន្ទាប់ពីបញ្ចប់យុទ្ធការនេះ នៅដើមខែមករា ឆ្នាំ២០២១នេះ សាយ ទើបត្រូវគណៈកម្មការរៀបចំពានរង្វាន់វីរយុវជនឆ្នាំ២០២០ ធ្វើការវាយតម្លៃ និងជ្រើសរើសតារាចម្រៀងរូបនេះជាបុគ្គលដែលមានគុណលក្ខណៈសម្បតិ្តគ្រប់គ្រាន់ក្នុងការទទួលបានពាន់រង្វាន់នេះ។

 

 

សមាគមអន្តរជាតិ និងសិស្សនិស្សិតដើម្បីសន្តិភាព បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ វីរយុវជន ឆ្នាំ២០២០ទៅឲ្យ សាយ កាលពីរសៀលថ្ងៃទី២៦ ខែកមរា ឆ្នាំ២០២១ម្សិលមិញនេះ ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសំខាន់ៗប្រមាណជាង៤០រូប។

 

 

នេះបើតាមការសេចក្តីប្រកាសពត៌មានរបស់ទំព័រហ្វេសប៊ុកផ្លូវការ International Association of Youth & Students for Peace- Cambodia (IAYSP Cambodia) កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។
 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024