ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

សិង្ហបុរី គ្រោងនឹងជម្រុញវិស័យឧស្សាហកម្មផលិត ឲ្យកើនឡើងដល់ ៥០% ក្នុងរយៈពេល ១០ឆ្នាំ

២៧ មករា ២០២១ | សេដ្ឋកិច្ច

ប្រទេសសិង្ហបុរី បានបង្ហាញពី គោលដៅជម្រុញវិស័យឧស្សាហកម្មផលិតរបស់ខ្លួន ឲ្យកើនឡើងដល់ទៅ ៥០% នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីធានាឲ្យបានថា វិស័យមួយនេះ នឹងនៅតែបន្តចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រមាណ ២០% ក្នុងរយៈពេលមធ្យម។

 

នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះដោយ សារព័ត៌មាន Channel News Asia។


រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី បានគូសបញ្ជាក់ថា គោលដៅដែលបានកំណត់នេះ គឺមិនមែនត្រឹមតែជា តួលេខធម្មតានោះទេ តែវាជាការបង្កើតគន្លងថ្មី សម្រាប់ការផ្លាស់ប្តូរប្រកបដោយគុណភាព ព្រោះវិស័យឧស្សាហកម្មទំនើប នឹងកាន់តែចំណែកកាន់តែធំនៅក្នុងសេដ្ឋកិច្ចជាតិ។


លោកពន្យល់ថា កាលពីជំនាន់មុន វិស័យឧស្សាហកម្មផលិត ប្រកួតប្រជែងគ្នាទៅលើ តម្លៃ តែវាត្រូវបានជំនួសដោយ ផលិតផលថោកៗ មកពីប្រទេសដទៃ ផ្ទុយទៅវិញ ការកំណត់គោលដៅលូតលាស់ ៥០% នៅពេលនេះ គឺសិង្ហបុរី ចង់រុញច្រានវិស័យឧស្សាហកម្មនេះ ឲ្យក្លាយទៅជា វិស័យឧស្សាហកម្មទំនើប ដែលការប្រកួតប្រជែង មិនមែនស្ថិតនៅលើតម្លៃទៀតនោះទេ គឺផ្អែកទៅលើ កម្មសិទ្ធិបញ្ញា គុណភាពផលិតផល និងភាពច្បាស់លាស់នៅក្នុងវិស័យនេះ។


យ៉ាងណាមិញ ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលសិង្ហបុរី សង្ឃឹមថា នឹងអាចទាក់ទាញប្រជាជនសិង្ហបុរី ឲ្យចូលមកវិនិយោគក្នុងវិស័យនេះ ហើយក៏បន្តទាក់ទាញ ការវិនិយោគសក្តានុពលពីក្រៅប្រទេស និងជម្រុញក្រុមហ៊ុនក្នុងស្រុក ឲ្យចូលរួមវិស័យឧស្សាហកម្មទំនើប ឲ្យបានកាន់តែច្រើន។

 


សូមជម្រាបដែរថា បច្ចុប្បន្ន វិស័យឧស្សាហកម្មសិង្ហបុរី មានតម្លៃប្រមាណ ៨០ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ២១% នៃ GDP របស់ប្រទេសសិង្ហបុរី ដោយមានបុគ្គលិកជាង ៤៥ម៉ឺននាក់ និងមានប្រាក់បៀវត្សជាមធ្យមប្រមាណ ៣៥០០ដុល្លារអាមេរិក៕

 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024