ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនបរទេស ចាកចេញពីការវិនិយោគនៅអាមេរិក ហើយបែរទៅរក ប្រទេសចិនវិញ

២៧ មករា ២០២១ | សេដ្ឋកិច្ច

នៅក្នុងអំឡុងពេលនៃវិបត្តិមេរោគកូវីដ១៩ កាលពីឆ្នាំ ២០២០កន្លងទៅ ពិភពលោកបានចាត់ទុក ប្រទេសចិន ជាប្រទេសដ៏ជោគជ័យមួយ ក្នុងការគ្រប់គ្រងស្ថានការណ៍មេរោគឆ្លងកូវីដ១៩នេះ និងអាចរក្សាបាននូវ កំណើនសេដ្ឋកិច្ច ជាវិជ្ជមានថែមទៀតផង។

 

ដូចគ្នានេះដែរ ក្រុមហ៊ុនវិនិយោគបរទេសជាច្រើន បានសម្លឹងឃើញឱកាសនេះ ហើយក៏សម្រេចចាកចេញពីការវិនិយោគនៅក្នុងសហរដ្ឋអាមេរិក បែរមករកប្រទេសចិនវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។

 

បើតាមរបាយការណ៍ចុងក្រោយបំផុតមួយរបស់ អង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២០ ការវិនិយោគដោយផ្ទាល់ពីបរទេស នៅក្នុងអាមេរិក គឺមានត្រឹមតែ ១៣៤ពាន់លានដុល្លារអាមេរិក ដែលមានការធ្លាក់ចុះដល់ទៅ ៤៩% ផ្ទុយទៅវិញ ចិន ទទួលបានការវិនិយោគដោយផ្ទាល់ពីបរទេសប្រមាណ ១៦៣ពាន់លានដុល្លារអាមេរិក កើនឡើង ៤%។


អង្គការសហប្រជាជាតិ បន្ថែមថា ឆ្នាំ ២០២០ គឺជាប្រវត្តិសាស្រ្តថ្មីមួយ សម្រាប់ប្រទេសចិន ដែលបានក្លាយជាប្រទេសទទួលបានការវិនិយោគពីបរទេសច្រើនជាងគេបំផុត វ៉ាដាច់អាមេរិកថែមទៀតផង។


ទោះបីជាវិបត្តិមេរោគកូវីដ១៩ ជាកត្តាសំខាន់មួយ ដែលធ្វើឲ្យការវិនិយោគពីបរទេសរបស់ អាមេរិក ធ្លាក់ចុះក៏ដោយ ការថមថយចុះនេះ កើតមានតាំងពីឆ្នាំ ២០១៥មកម្ល៉េះ ដែលពេលនោះ អាមេរិក ទទួលបានការវិនិយោគពីបរទេសដល់ទៅ ៤៤០ពាន់លានដុល្លារអាមេរិក។


បើតាមនាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃការវិនិយោគនេះ គឺកើតមានឡើងនៅពេលដែល អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឡើងកាន់អំណាចនាពេលនោះ ហើយគោលនយោបាយពាណិជ្ជកម្មរបស់គាត់ បានធ្វើឲ្យប៉ះពាល់ដល់ ការវិនិយោគពីបរទេស ជាពិសេសគឺការវិនិយោគមកពីប្រទេសចិន។


ក្នុងឆ្នាំ ២០២០ ការវិនិយោគដោយផ្ទាល់ពីបរទេស នៅអាមេរិក ភាគច្រើនគឺធ្លាក់ចុះនៅក្នុងវិស័យលក់ទំនិញបោះដុំ សេវាកម្មហិរញ្ញវត្ថុ និងឧស្សាហកម្មផលិត។


ដោយឡែកប្រទេសចិន រក្សាបាននូវ កំណើនសេដ្ឋកិច្ចវិជ្ជមាន ២,៣% ក្នុងឆ្នាំ ២០២០ ហើយទាក់ទាញការវិនិយោគពីក្រៅប្រទេស បានយ៉ាងឆាប់រហ័ស ដោយរដ្ឋាភិបាលចិន គ្រប់គ្រងការរាតត្បាតនៃមេរោគកូវីដ១៩ បានយ៉ាងល្អ និងបានចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗថែមទៀតផង។

 


ជាចុងក្រោយ អង្គការសហប្រជាជាតិ ក៏បានបន្ថែមថា អាមេរិក គឺជាកន្លែងដ៏ទាក់ទាញ និងមានសុវត្ថិភាព សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនបរទេស អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយកាលៈទេសៈប្រែប្រួលចុងក្រោយនេះ បានធ្វើឲ្យ លំហូរវិនិយោគពីបរទេសទៅកាន់ អាមេរិក ធ្លាក់ចុះ ខណៈប្រទេសដទៃទៀតផ្សេងៗ ស្ថិតនៅក្នុងចំណាត់ថ្នាក់ដដែល៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024