ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ILO៖ ពិភពលោក បាត់បង់ការងារ ២៥៥លានកន្លែង ក្នុងឆ្នាំ២០២០

២៧ មករា ២០២១ | សេដ្ឋកិច្ច

អង្គការពលកម្មអន្តរជាតិ ហៅកាត់ថា ILO បានរកឃើញថា ក្នុងឆ្នាំ ២០២០ ការងារជាង ២៥៥លានកន្លែង ត្រូវបានបាត់បង់ ដោយសារតែផលប៉ះពាល់ពី វិបត្តិមេរោគកូវីដ១៩ ដែលតួលេខនេះ ស្មើនឹងការបាត់បង់ ៨,៨% នៃម៉ោងការងារទូទាំងសកលលោក។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានអន្តរជាតិធំៗជាច្រើន នៅថ្ងៃនេះ។


ការបាត់បង់ការងារដ៏ច្រើន ក្នុងឆ្នាំ ២០២០នេះ គឺស្មើនឹង ៤ដងនៃការបាត់បង់ការងារ អំឡុងពេលនៃវិបត្តិហិរញ្ញវត្ថុសកល ក្នុងឆ្នាំ ២០០៩កន្លងទៅ ហើយវាក៏ជា បញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយមិនធ្លាប់មាន សម្រាប់ទីផ្សារការងារសកលលោក។


ភ្នាក់ងារពលកម្មរបស់អង្គការសហប្រជាជាតិ ក៏បានពន្យល់ដែរថាពាក់កណ្តាលនៃការបាត់បង់ម៉ោងការងារទាំងអស់ គឺរាប់បញ្ចូលទាំង ការកាត់បន្ថយម៉ោងការងារបស់បុគ្គលិក ដែលកំពុងនៅធ្វើការនៅឡើយ ទោះយ៉ាងណា តួលេខនៃការបាត់បង់ការងារទាំងស្រុង គឺកើនឡើងខ្ពស់កាលពីឆ្នាំ ២០២០។


តួយ៉ាង ប្រជាជនបាត់បង់ការងារជាផ្លូវការ ក្នុងឆ្នាំ ២០២០ គឺមានជាង ៣៣លាននាក់ បន្ថែមពីលើ ២២០លាននាក់ ដែលគ្មានការងារស្រាប់ ហើយវាបានរុញច្រាន អត្រាគ្មានការងារធ្វើទូទាំងសកលលោក ឲ្យកើនឡើងដល់ ៦,៥%។


អ្នកជំនាញនៅក្នុងអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ប្រជាជនប្រមាណ ៨១លាននាក់ទៀត មិនបានចុះបញ្ជីបាត់បង់ការងារនោះទេ តែជាក់ស្តែង ពួកគេបានចាកចេញពី ទីផ្សារការងាររួចទៅហើយ ដែលមានហេតុផលជាច្រើន ដូចជា ការមិនអាចត្រលប់មកធ្វើការវិញដោយសារតែការរឹតបន្តឹងរបស់ប្រទេសនីមួយៗ ការគោរពទៅតាមគោលនយោបាយសង្គម ឬការបោះបង់ចោលការងារតែម្តង។

 


អង្គការ ILO បានពន្យល់បន្ថែមថា ការបាត់បង់ម៉ោងការងារ កាលពីឆ្នាំ ២០២០ បានធ្វើឲ្យចំណូលពីទីផ្សារការងារធ្លាក់ចុះ ៨% ពោលគឺខាតបង់ប្រមាណ ៣,៧ទ្រីលានដុល្លារអាមេរិក ឬស្មើនឹង ៤% នៃ GDP របស់សកលលោកតែម្តង។

 


ជាចុងក្រោយ អង្គការ ILO ព្រមានថា ទស្សនវិស័យ សម្រាប់ភាពប្រសើរឡើងវិញនៃទីផ្សារការងារ ក្នុងឆ្នាំនេះ គឺមានសភាពយឺត មិនប្រាកដប្រជា និងមិនច្បាស់លាស់ ហើយវាអាស្រ័យទៅលើ វិធានការគាំទ្រទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីជួយស្រោចស្រង់ដល់ទីផ្សារការងារនៅតាមប្រទេសនីមួយៗបាន៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024