ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ធនាគារជាតិ ប្រកាសដាក់ឲ្យដំណើរការផ្លូវការប្រព័ន្ធទូទាត់ រីធែលផេ នៅកម្ពុជា

២៧ មករា ២០២១ | សេដ្ឋកិច្ច

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៦ ខែមករានេះ បានប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធទូទាត់ថ្មីមួយទៀត ឈ្មោះថា រីថែលផេ បន្ថែមលើប្រព័ន្ធទូទាត់តាមរយៈអេឡិចត្រូនិកដែលមានស្រាប់ កន្លងមកដូចជាប្រព័ន្ធ សិនត្រាល់ ស៊ែរស្វីច និងប្រព័ន្ធបាគងជាដើម។

 

 

ប៉ុន្តែយ៉ាងណាអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុអះអាងថា ប្រព័ន្ធទូទាត់ថ្មី រីថែលផេ គឺមានលក្ខខណ្ឌនៃការប្រើប្រាស់ទូលំទូលាយជាង ប្រព័ន្ធបាគង ដែលប្រជាពលរដ្ឋនៅតាមទីជនបទ ក៏អាចប្រើប្រាស់ប្រព័ន្ធនេះបាន ដោយពុំចាំបាច់ទាល់តែមានទូរស័ព្ទស្មាតហ្វូននោះឡើយ។

 


ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការប្រព័ន្ធ រីថែលផេ លោកជំនាវ ជា សេរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ប្រព័ន្ធទូទាត់ថ្មី រីថែលផេ នេះ គឺបើកឲ្យប្រើប្រាស់មធ្យោបាយនៃការនៃការទូទាត់កាន់តែទូលំទូលាយដូចទៅនឹងប្រព័ន្ធទូទាត់បាគង ដែរ ហើយសង្ឃឹមថា នឹងមានកំណើនអ្នកប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកកាន់តែមានចំនួនច្រើនជាងពេលមុនបន្ថែមទៀត។

 


លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និងជាអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា ការអភិវឌ្ឍន៍បង្កើតឲ្យមានប្រព័ន្ធទូទាត់សម័យថ្មីនេះក៏ជាការផ្តល់ជម្រើសបន្ថែមសម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលអាចធ្វើការតភ្ជាប់គ្នាបាន ជាមួយអតិថិជន និងជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ច ដោយនឹងអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចផ្នែកឌីជីថល និងការជួយកាត់បន្ថយការប្រើប្រាស់ក្រដាសប្រាក់កាន់តែតិច និងចំនាយកាន់តែទាប។

 


សូមជម្រាបថា ប្រព័ន្ធទូទាត់ថ្មីនេះត្រូវបានបង្កើតឡើងក្រោមការផ្តល់ជំនួយឥតសំណងពីទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិកូរ៉េ ហើយនៅពេលនេះធនាគារជាតិនៃកម្ពុជាកំពុងធ្វើការអភិវឌ្ឍន៍ប្រព័ន្ធរីថែលផេនេះជាអទិភាពដើម្បីកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងជំរុញការប្រើប្រាស់ការទូទាត់តាមអេឡិចត្រូនិកក្នុងសេដ្ឋកិច្ច ក៏ដូចជាការដាក់បញ្ចូលហិរញ្ញវត្ថុស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល៕
 

 

 

 

 

អត្ថបទ និងរូបភាព៖ ស៊ឺន សុន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024