ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ការសាងសង់ផ្លូវជាតិលេខ១០ ​កាត់​ខេត្តកោះកុង ពោធិ៍សាត់ ​ដល់​បាត់ដំបង ត្រូវបានរក្សាព្រៃធម្មជាតិ ជាអេកូទេសចរណ៍

២៦ មករា ២០២១ | ព័ត៌មានជាតិ

​ផ្លូវជាតិ​​លេខ​១០ លាតសន្ធឹង​កាត់​ខេត្តកោះកុង ពោធិ៍សាត់ រហូត​ដល់​ខេត្តបាត់ដំបង បាន និងកំពុងដំណើការសាងសង់ ដែលរហូតមកដល់ពេលនេះ សម្រេចបានជាង ៤០ភាគរយហើយ។ អ្វីដែលគួរឲ្យកត់សម្គាល់ ព្រៃធម្មជាតិដ៏ស្រស់ស្អាត ដែល​ស្ថិតនៅ​ស្របតាម​ផ្លូវ​ជាត​លេខ១០ ថ្មីនេះ ត្រូវបានរក្សាទុកជាអេកូទេសចរណ៍ ដែលអាចជាផ្នែកមួយ ទាក់ទាញអ្នកទេសចរផងដែរ​។

 


ផ្លូវជាតិលេខ១០ ដែលកំពុងដំណើរការសាងសង់កាត់ខេត្តចំនួន៣ គឺខេត្តកោះកុង ពោធិ៍សាត់ បាត់ដំបង​ មិនត្រឹមតែជាផ្លូវ ដែលផ្តល់អត្ថប្រយោជន៍ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនឆ្លងកាត់ប៉ុណ្ណោះទេ ផ្លូវនេះ ក៏អាចជាផ្នែកមួយទាក់ទាញអ្នកទេសចរបានដែរ ដោយសារតែនៅស្របតាមបណ្តាយផ្លូវថ្មីនេះ មានតំបន់​ធម្មជាតិមួយចំនួនជាពិសេសព្រៃឈើក្រាស់ៗ យ៉ាងស្រស់ស្អាត។

 


ដើម្បីឲ្យកិច្ចការងារសាងសង់ឲ្យមានប្រសិទ្ធភាព និងស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នាពេលថ្មីៗនេះ បានដឹកនាំក្រុមការងារ បច្ចេកទេសចុះត្រួតពិនិត្យផ្លូវជាតិលេខ១០ ដោយមានការសហការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងគ្រប់ផ្នែកពាក់ព័ន្ធផងដែរ។

 


ឯកឧត្តមបានបញ្ជាក់ថា រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់សម្រេចបានជាង ៤០ភាគរយហើយ។ ឯកឧត្តមបានជំរុញឲ្យក្រុមហ៊ុនសាងសង់ចិន CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ត្រូវធានាបានគុណភាពក្នុងការអនុវត្តស្របតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ និងប្រសិទ្ធភាពកិច្ចការងារត្រូវតាមផែនការ ដោយត្រូវធ្វើបែបណាក្លាយជាផ្លូវដែលផ្តល់អត្ថប្រយោជន៍ក្នុងការដឹកជញ្ជូនឆ្លងកាត់។

 


មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការរូបនេះ ក៏បានរំលឹកដល់ក្រុមហ៊ុនសាងសង់ ត្រូវរក្សាអេកូទេសចរណ៍ធម្មជាតិជុំវិញតំបន់ផ្លូវនេះ ដែលជាកត្តាអាចទាក់ទាញអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តគយគន់ធម្មជាតិនៅតំបន់ទាំងនោះបានផងដែរ។

 


សូមបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ មានប្រវែងសរុបប្រមាណ ១៩៨គីឡូម៉ែត្រ តភ្ជាប់ពីស្រុកសំឡូតក្នុងខេត្តបាត់ដំបង កាត់ចុះតាមស្រុកវាលវែង ខេត្តពោធិ៍សាត់ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សាងសង់ឡើងក្រោមទំហំវិនិយោគប្រមាណ ១៨៨លានដុល្លារ ជាជំនួយពីប្រទេសចិន និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា។ ផ្លូវនេះ ត្រូវសាងសង់ស្របទៅតាមស្តង់ដារ ផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋានបច្ចេក​ទេសរបស់ប្រទេសចិន មានទទឹងតួផ្លូវសរុប ៩ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ដែលបានប្រកាស​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ដោយគ្រោងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០២៣៕

 

អត្ថបទ៖ អឿន​ ភារ៉ា​ រូបភាព៖ ផ្តល់​ដោយ​ជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024