ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ហ៊ុយ យ៉ាឡេង រំភើបចង់ស្រក់ទឹកភ្នែកបន្ទាប់ពីព្រឹត្តិការណ៍”១ដុល្លារសម្រាប់ចែករំលែកក្ដីស្រឡាញ់ជូនតាស៊ីក្លូ

២៦ មករា ២០២១ | កម្សាន្ដ

ដោយចាត់ទុកជាការរៀបចំកម្មវីធីសប្បុរធម៏ដ៏ធំក្នុងអាជីពជាអ្នកផលិតភាពយន្តរបស់ខ្លួនលោក ហ៊ុយ យ៉ាឡេង បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងចង់ស្រក់ទឹកភ្នែកបន្ទាប់ពីព្រឹត្តិការណ៍”១ដុល្លារសម្រាប់ចែករំលែកក្ដីស្រឡាញ់ជូនតាស៊ីក្លូ" ទទួលការគាំទ្រខ្លាំងពីទស្សនិកជន។


កម្មវិធីសប្បុរសធម៌"១ដុល្លារសម្រាប់ចែករំលែកក្ដីស្រឡាញ់ជូនតាស៊ីក្លូ" របស់ផលិតករភាពយន្ត ហ៊ុយ យ៉ាឡេង បានប្រព្រឹត្តិទៅដោយរលូន និងជោគជ័យជាមួយនឹងស្នាមញញឹមរបស់លោកតាស៊ីក្លូប្រមាណ៣០០នាក់ កាលពីចុងសប្ដាហ៍មុននេះ។

 

អ្នករៀបចំកម្មវិធីរូបនេះបង្ហាញពីក្ដីរីករាយរំភើបរហូតចង់ស្រក់ទឹកភ្នែក ដោយចាត់ទុកកម្មវីធីនេះជាព្រឹត្តិការណ៍ដ៏ធំលើកដំបូងសម្រាប់ខ្លួនតាំងពីប្រឡូកក្នុងវិស័យភាពយន្តជាអ្នកដឹកនាំរឿង និងសម្ដែង។

 


អ្នករៀបចំកម្មវិធីអះអាងថា ជោគជ័យមួយនេះអាចកើតទៅបានដោយមានការគាំទ្រ និងជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងសប្បុរជននានាប្រមាណ ១៥០០នាក់ ដោយទទួលបានទឹកប្រាក់សរុបប្រមាណ៦៤៨១.៥៤$។

 


លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ថា៖ « កាត់តបណ្តើរមើលបណ្តើររំភើបចង់រលីងរលងទឹកភ្នែក យើងខ្ញុំបាទសូមថ្លែងអំណរគុណដល់សប្បុរសជន១៥០០នាក់ដែលបានចូលរួមជួយក្នុងយុទ្ធនាការម្នាក់១ដុល្លារជួយលោកតាៗស៊ីក្លូចំនួន៣០០នាក់ ហើយចុងក្រោយសរុបលោកតាទទួលបានម្នាក់៥ម៉ឺនរៀល ដោយឈ្មោះច្រើនពេកក្រុមការងារកំពុងរៀបចំនិងបង្ហាញជូននៅថ្ងៃស្អែក សម្រាប់ថ្ងៃនេះយើងបានបញ្ចប់កម្មវិធីដោយជោគជ័យ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានខិតខំទាំងអស់គ្នាដើម្បីអោយការងារនេះសម្រេចចេញបានយ៉ាងល្អ សូមជូនបុណ្យទៅប្រជាជាតិកម្ពុជាទាំងអស់សូមជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ »។

 


នៅថ្ងៃនេះ លោក យ៉ាឡេង បញ្ជាក់ថា តាស៊ីក្លូទាំង៣០០នាក់ បានទស្សនាខ្សែភាពយន្តរឿង"ដើម្បីកូន"ជាមួយគ្នា ពិសាអាហារពេលល្ងាចជុំគ្នាចំនួន៣០តុ និងទទួលបានថវិកាចំនួន៥ម៉ឺនរៀលក្នុងម្នាក់។

 


សូមរំលឹកថា លោក ហ៊ុយ យ៉ាឡេង ដែលជាម្ចាស់ខ្សែភាពយន្តរឿង"ដើម្បីកូន" បានបង្កើតកម្មវិធីនេះឡើងតាំងពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ដើម្បីផ្ដល់ឱកាសដល់តាស៊ីក្លូទស្សនាខ្សែភាពយន្តជីវិត ពិសាអាហារឆ្ងាញ់ និងថវិកាខ្លះគ្រាន់បានសម្រាលទុក្ខលំបាករបស់ពួកគាត់។

 

 

តាស៊ីក្លូប្រមាណ៧០នាក់ ធ្លាប់ត្រូវបានលោកអញ្ជើញឲ្យចូលទស្សនាយ៉ាងជក់ចិត្ត និងទឹកភ្នែករលីងរលោងនៅក្នុងរោងភាពយន្តផ្ទាល់ដោយឥតគិតថ្លៃ ទើបក្រោយមកទៀតលោកបង្កើតកម្មវិធីនេះឡើង៕ 

 

 

 

 

អត្ថបទ និងរូបភាព៖ PNN

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024