ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

កំពូល Monster ទាំងពីរនឹងប្រយុទ្ធគ្នាលើកដំបូងក្នុងភាពយន្ត “Godzilla vs Kong

២៦ មករា ២០២១ | កម្សាន្ដ

កំពូលតួអង្គដ៏ល្បីល្បាញទាំងពីររបស់ចក្រវាឡសត្វចម្លែក MonsterVerse នឹងត្រូវមកជួបប្រយុទ្ធតស៊ូគ្នាលើកដំបូងក្នុងភាពយន្ត "Godzilla vs Kong" ដែលជាវគ្គបន្តនៃភាពយន្ត "Godzilla: King of Monsters"។

 


តួអង្គសត្វចម្លែកដ៏ល្បីល្បាញទាំងពីរគឺ Godzilla និង King Kong នឹងមកជួបប្រយុទ្ធតស៊ូគ្នាលើកដំបូងក្នុងភាពយន្តទី ៤ នៃសែស្រឡាយភាពយន្ត MonsterVerse និងជាវគ្គបន្តនៃភាពយន្ត "Godzilla: King of Monsters" កាលពីឆ្នាំ ២០១៩ ។

 


វីដេអូឈុតខ្លីដំបូងនៃភាពយន្ត "Godzilla vs Kong" (ហ្កដស៊ីឡា វើសើស ខុង) ដែលទើបចេញផ្សាយក្នុងសប្ដាហ៍នេះ បានបង្ហាញរូបភាពដ៏ទាក់ទាញជាច្រើនពីសត្វចម្លែកខ្នាតយក្សទាំង ២ នៅពេលប្រយុទ្ធតស៊ូគ្នាយ៉ាងស្វិតស្វាញនៅក្នុងសមុទ្រ។

 


ក្នុងវគ្គថ្មីនេះ តារាសម្ដែង Millie Bobby Brown (មីលី បុបប៊ី ប្រោន) ដែលដើរតួជាកូនស្រីរបស់អ្នកវិទ្យាសាស្ត្រ Monarch ក្នុងវគ្គមុន បានវិលត្រឡប់សាជាថ្មី ជាមួយតួអង្គថ្មីៗមួយចំនួនដូចជា Alexander Skarsgard (អេឡិកសាន់ឌើ ស្កាហ្កាដ) និង Rebecca Hall (រ៉េប៊ីខា ហល) ដែលដើរតួជាអ្នកវិទ្យាសាស្ត្រឈ្មោះ Nathan Lind (ណាថាន ឡាញ) និង Ilene Andrews (អ៊ីលីន អេនឌ្រូ) ។

 


គួរបញ្ជាក់ដែរថា វគ្គថ្មីនេះគឺជាស្នាដៃដឹកនាំរបស់ផលិតករភាពយន្តរន្ធត់ល្បីឈ្មោះ លោក Adam Wingard (អាដាម វីនហ្កាដ) ដែលត្រូវបានគេស្គាល់តាមរយៈស្នាដៃភាពយន្តល្បីៗដូចជា "You're Next" និង "Blair Witch" (ប្ល៊ែរ វីឆ) ជាដើម។

 

ភាពយន្ត "Godzilla vs Kong" នឹងចាក់បញ្ចាំងព្រមគ្នាលើបណ្ដាញ HBO Max និងនៅតាមរោងភាពយន្តមួយចំនួនចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ៕
 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024