ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

អ្នកជំនាញហុងកុង គ្រោងផលិតចេញមនុស្សយន្តវៃឆ្លាតរាប់ពាន់គ្រឿងក្នុងឆ្នាំនេះ

២៦ មករា ២០២១ | កម្សាន្ដ

ក្រុមហ៊ុនហុងកុងដែលបានបង្កើតមនុស្សយន្តដ៏ល្បីល្បាញឈ្មោះ Sophia (សូហ្វៀ) បានប្រកាសអំពីចក្ខុវិស័យថ្មីមួយ ដោយចង់ផលិតមនុស្សយន្តវៃឆ្លាតបែបនេះឲ្យបានរាប់ពាន់គ្រឿងទៀត បំពាក់ដោយមុខងារមួយចំនួនទាក់ទងនឹងសុខភាព។
 

 

មនុស្សយន្តឈ្មោះថា Sophia (សូហ្វៀ) បានទទួលបានការចាប់អារម្មណ៍ជាខ្លាំងពេលដែលនាងបានបង្ហាញវត្តមានកាលពីឆ្នាំ ២០១៦។ នៅពេលនេះក្រុមហ៊ុនដែលផលិត Sophia (សូហ្វៀ) ឡើង មានចក្ខុវិស័យថ្មីមួយ ដោយចង់ផលិតរ៉ូបូតឲ្យបានរាប់ពាន់គ្រឿងនៅត្រឹមដំណាច់ឆ្នាំ ២០២១។

 


ក្រុមហ៊ុនហុងកុងឈ្មោះថា Hanson Robotics (ហានស៊ុនរូបូធីក) បាននិយាយថាមានរ៉ូបូតចំនួន ៤ម៉ូដែល រួមទាំងម៉ូដែលដូចជា Sophia (សូហ្វៀ) ផងដែរនោះ នឹងចាប់ផ្ដើមផលិតចេញពីរោងចក្រនៅឆមាសដំបូងនៃឆ្នាំ ២០២១ នេះ ស្របពេលដែលអ្នកស្រាវជ្រាវបានព្យាករថាជំងឺ កូវីដ១៩ នឹងបើកឪកាសថ្មីមួយសម្រាប់ឧស្សាហកម្មរ៉ូបូត។

 


គួរបញ្ជាក់ថាមុខងារពិសេសដែលមានលើ Sophia (សូហ្វៀ) មានដូចជា អាចធ្វើការសន្ទនា និងបញ្ចេញទឹកមុខបានតាមរយៈប្រតិកម្មនៃអារម្មណ៍ដែលនាងមាន។ 

 


អ្នកផលិតរ៉ូបូតនេះកំពុងតែធ្វើការបង្កើតមុខងារបន្ថែមទៀតសម្រាប់ Sophia (សូហ្វៀ) ដែលមានជាប់ទាក់ទងនឹងផ្នែកសុខភាព ដូចជាសមត្ថភាពអាចវាស់កម្ដៅខ្លួនប្រាណមនុស្សដោយប្រើកាមេរ៉ាវាស់កំដៅតូចមួយបង្កប់លើដើមទ្រូង និងការបង្ហាញនូវក្បាច់ហាត់ប្រាណជាដើម។

 


ក្រុមហ៊ុនហុងកុង Hanson Robotics (ហានស៊ុនរូបូធីក) បានឲ្យដឹងផងដែរថានៅឆ្នាំ ២០២១ នេះនឹងមានការបញ្ចេញរ៉ូបូតម៉ូដែលថ្មីឈ្មោះថា Grace (ហ្គ្រេស) ដែលបង្កើតឡើងជាពិសេសសម្រាប់ការថែទាំសុខភាពតែម្ដង ៕

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024