ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

វៀតណាម ក្លាយជា គោលដៅលេចធ្លោជាងគេលើសកលលោក ខាងផលិតកម្មគ្រឿងអេឡិចត្រូនិក

២៦ មករា ២០២១ | សេដ្ឋកិច្ច

ប្រទេសវៀតណាម បានក្លាយទៅជា គោលដៅលេចធ្លោជាងគេ នៅលើសកលលោក ខាងផ្នែកផលិតកម្មគ្រឿងអេឡិចត្រូនិក ដោយមានពិន្ទុលើសប្រទេសចិន និងប្រទេសឥណ្ឌា ទៅទៀត ហើយអ្នកជំនាញអះអាងថា នេះក៏ដោយសារតែ កម្លាំងពលកម្មក្នុងប្រទេសវៀតណាម មានតម្លៃទាប និងមានគោលនយោបាយលើកទឹកចិត្តពិសេសជាច្រើនទៀតផង។

 

នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។


បើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Fitch Solutions បានគូសបញ្ជាក់ថា ការកើនឡើងនូវវត្តមានរបស់រោងចក្រសហគ្រាសក្នុងវិស័យបច្ចេកវិទ្យាធំៗ នៅក្នុងប្រទេសវៀតណាម បានបង្កើតការងារជាច្រើន គាំទ្រដល់ការនាំចេញផលិតផលអេឡិចត្រូនិក និងធ្វើឲ្យប្រសើរឡើងនូវ ខ្សែចង្វាក់ផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិករបស់វៀតណាម។


ចាប់ផ្តើមឆ្នាំ ២០២១ វៀតណាម សម្រាប់ការវិនិយោគរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Foxconn ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន Apple បានបោះទុនសាងសង់រោងចក្រតម្លៃ ២៧០លានដុល្លារអាមេរិក ដែលមានសមត្ថភាពផលិតកុំព្យូទ័រយួរដៃ ៨លានគ្រឿងក្នុងមួយឆ្នាំ។


បើតាមរដ្ឋាភិបាលវៀតណាម បានគូសបញ្ជាក់ថា ក្រុមហ៊ុន Foxconn មកទល់ពេលនេះ បានបោះទុនវិនិយោគជាង ១ពាន់ ៥រយលានដុល្លារអាមេរិកហើយ ក្នុងប្រទេសវៀតណាម នឹងមានគម្រោងបន្ថែមដើមទុន ៧០០លានដុល្លារអាមេរិកទៀត និងបង្កើតការងារ ១ម៉ឺនកន្លែងក្នុងឆ្នាំ ២០២១នេះ។


លើសពីនេះទៅទៀត ក៏មានក្រុមហ៊ុន គ្រោងនឹងផ្លាស់ប្តូរខ្សែចង្វាក់ផលិតកម្ម iPad និង MacBook ចេញពីប្រទេសចិន មកកាន់ប្រទេសវៀតណាម តាមការស្នើសុំរបស់ក្រុមហ៊ុន Apple ហើយគ្រោងនឹងវិនិយោគ ១ពាន់ ៣រយលានដុល្លារអាមេរិក បន្ថែមទៀត។


ក្រៅពីនេះ ក៏មានក្រុមហ៊ុនអេឡិចត្រូនិក Panasonic របស់ជប៉ុន ដែលគ្រោងនឹងតម្លើងគ្រឿងបង្គុំ សម្រាប់ម៉ាស៊ីនបោកខោអាវ និងទូទឹកក ដើម្បីនាំចេញ និងបញ្ចប់ផលិតកម្មនៅក្នុងប្រទេសថៃ។


បើតាមក្រុមសេដ្ឋកិច្ចវិទូមកពី អង្គភាព Economist Intelligence Unit ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានគូសបញ្ជាក់ថា វៀតណាម មានគោលនយោបាយលើកទឹកចិត្តសម្រាប់ ក្រុមហ៊ុនអន្តរជាតិ ដែលបង្កើតរោងចក្រសម្រាប់ផលិតផលបច្ចេកវិទ្យាទំនើប គួបផ្សំនឹងកម្លាំងពលកម្មតម្លៃទាប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន បានធ្វើឲ្យ វៀតណាម ក្លាយជាទីតាំងដ៏អំណោយផលបំផុតមួយ ក្នុងចំណោម អាស៊ាន។

 


គួរជម្រាបដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ បានបង្ហាញអំពីចំណុចខ្លាំងនៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរបស់វៀតណាម ហើយវាបានជួយកាត់បន្ថយចំណាយលើការនាំចេញ រួមជាមួយកម្លាំងពលកម្មដែលមានតម្លៃទាប នឹងធ្វើឲ្យ វៀតណាម នៅតែជាទីផ្សារដ៏ប្រកួតប្រជែងមួយ ក្នុងរយៈពេលវែង៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024