ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

វៀតណាម ប្រកាសឈប់ផលិត និងនាំចូលទូរស័ព្ទប្រព័ន្ធ 2G និង 3G ចាប់ពីខែកក្កដានេះតទៅ

២៦ មករា ២០២១ | សេដ្ឋកិច្ច

យោងតាមសារាចររបស់ ក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម បានគូសបញ្ជាក់ថា ការផលិត ក៏ដូចជាការនាំចូល ទូរស័ព្ទ ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា 2G និង 3G នឹងត្រូវបានបញ្ឈប់ ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១នេះតទៅហើយ។

 

នេះបើយោងតាមការចេញផ្សាយ នៅថ្ងៃនេះ ដោយសារព័ត៌មានក្នុងស្រុកវៀតណាម។


នៅក្នុងសារាចរលេខ ៤៣ ស្ពីពី បទប្បញ្ញត្តិបច្ចេកទេសជាតិ ទាក់ទងទៅនឹងបញ្ហាឧបករណ៍ទំនាក់ទំនងនេះ បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែកក្កដាតទៅ គ្រប់ផលិតផលទូរស័ព្ទ ដែលផលិតនៅក្នុងប្រទេសវៀតណាម ឬនាំចូលពីក្រៅប្រទេស ត្រូវតែប្រើប្រាស់បច្ចេកវិទ្យា យ៉ាងហោចទៅ 4G។


យ៉ាងណាក៏ដោយ ទូរស័ព្ទ ដែលផលិត និងនាំចូល មុនថ្ងៃទី ១ ខែកក្កដា នឹងត្រូវបានអនុញ្ញាតឲ្យដាក់លក់ជាធម្មតា។


មន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មាន និងទូរគមនាគមន៍វៀតណាម បានគូសបញ្ជាក់ថា ផលិតកម្មទូរស័ព្ទដែលប្រើប្រាស់បច្ចេកវិទ្យា 2G បានធ្លាក់ចុះគួរឲ្យកត់សម្គាល់រាប់លានគ្រឿង គិតចាប់ពីឆ្នាំ ២០១៩មក ហើយសារាចរណែនាំថ្មីនេះ គឺជាការបោះជំហានថ្មីមួយ ក្នុងការឈប់ប្រើប្រាស់បច្ចេកវិទ្យា 2G នៅឆ្នាំ ២០២២ខាងមុខ។

 


ទោះបីជាវៀតណាម មានគម្រោងលុបបំបាត់ចោលនូវ ទូរស័ព្ទប្រព័ន្ធ 2G ឲ្យបាន ១២លានគ្រឿងនៅក្នុងឆ្នាំ ២០២២ខាងមុខ វៀតណាម នឹងបន្តជម្រុញប្រជាជនវៀតណាមទាំងអស់ ឲ្យប្រើប្រាស់ទូរស័ព្ទទំនើប នៅត្រឹមឆ្នាំ ២០២៥ ជាមួយនឹងយុទ្ធសាស្រ្តលក់ ទូរស័ព្ទទំនើបតម្លៃទាបជាង ៥០ដុល្លារអាមេរិក និងផលិតនៅក្នុងប្រទេសវៀតណាម។

 


គួរជម្រាបដែរថា តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុន Adsota បានបង្ហាញថា ប្រជាជនវៀតណាមជាង ៤៥% ហើយ ដែលបានប្រើប្រាស់ទូរស័ព្ទទំនើប គិតត្រឹមឆ្នាំ ២០២០ ហើយវៀតណាម ក៏កំពុងតែដឹកនាំសេវា 5G និងគ្រោងនឹងដាក់ឲ្យប្រើប្រាស់ជាសកលនៅក្នុងឆ្នាំ ២០២៣៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024