ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាង ចិន និងអាមេរិក ពុំអាចសម្រេចគោលដៅដំណាក់កាលទី ១

២៦ មករា ២០២១ | សេដ្ឋកិច្ច

តាំងពីមានវិបត្តិមេរោគកូវីដ១៩មក ជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន ហាក់បីដូចជាស្ងប់ស្ងាត់បន្តិច ដោយក្នុងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ពុំអាចសម្រេចទៅតាមគោលដៅ ២០០ពាន់លានដុល្លារអាមេរិក ដែល ចិន ត្រូវបញ្ជាទិញពីអាមេរិកនោះទេ ហើយគោលដៅនៅក្នុងឆ្នាំ ២០២១នេះ ក៏មិនរំពឹងថាអាចសម្រេចបាននោះដែរ។

 

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីពេលថ្មីៗនេះ។


បើតាមការវិភាគរបស់ វិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិ Peterson ដែលបានធ្វើការវាយតម្លៃទៅលើ ទិន្នន័យរបស់ រដ្ឋបាលគយចិន បានបង្ហាញថា ចិន ពុំបានសម្រេចទៅតាមគោលដៅបញ្ជាទិញដំណាក់កាលទី ១ នៅក្នុងឆ្នាំ ២០២០ ដែលបានចុះកិច្ចព្រមព្រៀងជាមួយអាមេរិកនោះទេ ដោយសម្រេចបានត្រឹមតែ ៥៨% នៃផែនការប៉ុណ្ណោះ។


ដូចដែលយើងបានដឹងហើយថា ចិន ត្រូវបញ្ជាទិញទំនិញ និងសេវាកម្មអាមេរិក ដែលមានតម្លៃ ២០០ពាន់លានដុល្លារអាមេរិក ដោយរួមមានទាំង ទំនិញកសិកម្ម ទំនិញជាថាមពល និងសេវាកម្មជាដើម ក៏ប៉ុន្តែដោយសារតែវិបត្តិមេរោគកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់ តម្រូវការទីផ្សារយ៉ាងធ្ងន់ធ្ងរ។


អ្វីដែលប្រទេសចិន អាចសម្រេចបានគឺ ការបញ្ជាទិញទំនិញបានត្រឹមតែ ៧៧ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៦០% នៃផែនការ ខណៈការបញ្ជាទិញថាមពល គឺមានត្រឹមតែ ៥២ពាន់លានដុល្លារអាមេរិក ស្មើនឹង ៣៩% នៃផែនការប៉ុណ្ណោះ។


បើទោះបីជា ចិន បញ្ជាទិញ ផលិតផលកសិកម្ម ដូចជាសណ្តែក សាច់មាន់ សាច់ជ្រូក សាច់គោ ច្រើនយ៉ាងណា ក៏ពុំអាចសម្រេចទៅតាមគោលដៅបានដែរ ដោយលទ្ធផលវិភាគ បានគូសបញ្ជាក់ថា ការកំណត់គោលដៅបញ្ជាទិញ តាំងពីដំបូងឡើយ គឺមិនអាចទៅរួចស្រាប់ទៅហើយ។


ទោះយ៉ាងណាក៏ដោយ វានៅមានភាពស្រពិចស្រពិលច្រើន ទាក់ទងនឹងប្រធានាធិបតីអាមេរិកថ្មី លោក ចូ បៃដិន ថាតើគាត់នឹងបន្តរឹតបន្តឹងទៅលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ ដែលបន្សល់ទុកដោយ លោកដូណាល់ ត្រាំ ឬយ៉ាងណា។

 


ដោយឡែក ក្រសួងពាណិជ្ជកម្មចិន នៅដើមឆ្នាំ ២០២១នេះ បានធ្វើការផ្លាស់ប្តូរក្រុមចរចាពាណិជ្ជកម្មរបស់ខ្លួន ដែលធ្លាប់បានសម្រេចការងារចរចាជាមួយអាមេរិក កាលពីឆ្នាំ ២០២០កន្លងទៅ។

 


គួរជម្រាបដែរថា តាមការវិភាគ នៅតែមិនទាន់មានភាពច្បាស់លាស់អំពី កិច្ចចរចាជាថ្មី រវាងអាមេរិក និងចិន ក្នុងពេលឆាប់ៗខាងមុខ ហើយគេនៅតែរង់ចាំមើលថាតើ លោក ចូ បៃដិន នឹងចាប់យកគោលនយោបាយបែបណា ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មមួយនេះ៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024