ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២០ ការនាំចេញទៅជប៉ុនរបស់កម្ពុជាធ្លាក់ចុះជាង ៧ភាគរយ

២៦ មករា ២០២១ | សេដ្ឋកិច្ច

អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងរយៈពេល ១១ខែដំបូងដើមឆ្នាំ ២០២០ កម្ពុជា សម្រេចការនាំចេញទៅកាន់ប្រទេសជប៉ុន ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជិត ១ពាន់ ៥០០លានដុល្លារធ្លាក់ចុះជាង ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

 

ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅជប៉ុនចាប់ពីខែមករា ដល់បំណាច់ខែវិច្ឆិកា ឆ្នាំ២០២០បង្ហាញពីការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ប៉ុន្តែយ៉ាងណាតួលេខនាំចេញនេះនៅតែខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ា ដដែលនោះទេ សម្រាប់ប្រទេសដែលជាសមាជិកអាស៊ានដែលបានធ្វើការនាំចេញទៅជប៉ុនដូចគ្នា។


លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានគូសបញ្ជាក់ថា មានបញ្ហាធំតែមួយកត់ដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅប្រទេសជប៉ុនមានការធ្លាក់នាពេលនេះគឺបញ្ហាកូវីដ ១៩ ដែលធ្វើឲ្យជប៉ុនកាត់បន្ថយការប្រើប្រាស់សម្ភារៈមិនចាំបាច់ ដូចជាគ្រឿងអេឡិចត្រូនិច សំលៀកបំពាក់ កង់ និងរថយន្តជាដើម។


លោកឧកញ៉ាបន្តទៀតថា ការធ្វើពាណិជ្ជកម្មជាមួយជប៉ុនកន្លងមកមានភាពរលូនជាមួយគ្នាដោយភាគច្រើនការនាំចេញរបស់កម្ពុជាទៅជប៉ុនមានការកើនជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ប៉ុន្តែបញ្ហាដែលធ្វើឲ្យការនាំចេញរបស់កម្ពុជាទៅជប៉ុននៅដើមឆ្នាំនេះមានការធ្លាក់ចុះនេះគឺដោយសារតែបញ្ហាជំងឺកូវីដ ១៩តែប៉ុណ្ណោះ និងសង្ឃឹមផងដែរថា ការធ្វើពាណិជ្ជកម្មជាមួយប្រទេសជប៉ុននៅតែដំណើរការល្អជាធម្មតាក្រោយវិបត្តិកូវីដ នេះត្រូវដោះស្រាយបាន ខណៈជប៉ុនបានសម្រេចយកកម្ពុជាជាគោលដៅវិនិយោគ ពិសេសគឺផ្តោតសំខាន់វិនិយោគក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មបែបទំនើប។


ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមប្រឹក្សាសេដ្ឋកិច្ចជាតិបានគូសបញ្ជាក់ដែរថា ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានការកើនឡើង បើទោះបីតួលេខបង្ហាញថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសជប៉ុនជាទូទៅមានការធ្លាក់ក៏ដោយ តែឧទាហរណ៍នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញការនាំចេញទៅកាន់ប្រទេសជប៉ុនមានការកើនឡើងគួរឲ្យកត់សម្គាល់ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប៉ុន្តែតួលេខជាក់លាក់នៃកំណើនលោកមិនអាចប្រាប់បានឡើយ។

 


ឯកឧត្តមអះអាងបន្តថា ទីតាំងផលិតដើម្បីនាំចេញទៅកាន់ប្រទេសជប៉ុននៅតែបង្ហាញពីភាពខ្លាំង ហើយសបញ្ជាក់ឲ្យឃើញថា នេះជារូបរាងមួយដ៏ច្បាស់លាស់របស់ជប៉ុនសម្រាប់ការវិនិយោគនៅកម្ពុជាដោយនឹងពង្រឹងគុណភាពផលិតនាំចេញកាន់តែខ្លាំងជាងមុន ខណៈកម្ពុជាផ្តល់អំណោយផលល្អចំពោះបរិស្ថានវិនិយោគ ដោយរាប់បញ្ចូលទាំងកម្លាំងពលកម្មជំនាញផង។

 


ឯកឧត្តមបន្តថា ជំងឺកូវីដ ១៩ បានក្លាយជាឧបសគ្គមួយយ៉ាងធំចំពោះកំណើនវិនិយោគនៅកម្ពុជា ប៉ុន្តែបើគ្មានបញ្ហានេះទេ ពិតណាស់នឹងមានការវិនិយោគជាបន្តបន្ទាប់ពីប្រទេសជប៉ុន ជាក់ស្តែងថ្មីៗនេះក៏មានក្រុមហ៊ុនរបស់ប្រទេសជប៉ុនដែលមានការវិនិយោគនៅប្រទេសថៃបាននឹងកំពុងពង្រីកការវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរ ដែលទាំងអស់នេះជាសញ្ញាល្អសម្រាប់កម្ពុជា។

 


ឯកឧត្តមម៉ី កល្យាណបន្តថា មូលដ្ឋានគ្រឹះដែលជាការទាក់ទាញវិនិយោគជប៉ុនគឺកម្ពុជាមានរួចជាស្រេចអស់ហើយ នៅឡើយតែបញ្ហាកូវីដ១៩ មិនដឹងថា នឹងត្រូវបញ្ចប់ទៅវិញនៅពេលណានោះឡើយ តែយ៉ាងណាការវិនិយោគរបស់ជប៉ុននៅកម្ពុជានៅតែល្អសម្រាប់អនាគត។

 


សូមជម្រាបថា គិតមកដល់ត្រឹមបំណាច់ខែវិច្ឆិកា ជប៉ុនបាននាំចូលមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ៤៣២ លានដុល្លារ ដែលតួលេខនេះគឺទាបជាងកម្ពុជានាំចេញទៅជប៉ុន ជាង១ពាន់លានដុល្លារ។  

 

 

ក្នុងនោះផលិតផលសំខាន់ៗដែលកម្ពុជាបាននំាចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គំម៉ាស៊ីនអគ្គិសនី ចំណែកឯកម្ពុជាមានតម្រូវការនាំចូលពីជប៉ុនវិញគឺផលិតផលគ្រឿងម៉ាស៊ីនសម្រាប់ដំណើរការរោងចក្ររថយន្ត គ្រឿងអេឡិចទ្រូនិច គ្រឿងចក្រសម្រាប់វិស័យកសិកម្ម និងគ្រឿងបរិក្ខាសម្រាប់លំនៅដ្ឋានជាដើម៕
 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024