ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ផ្លូវកង់ជាផលិតផលទេសចរណ៍ថ្មី សម្រាប់ឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអង្គរ

២៥ មករា ២០២១ | ព័ត៌មានជាតិ

​ផ្លូវ​កង់​ដាច់ដោយឡែក​ពី​ផ្លូវ​ឡាន​ និង​ម៉ូតូ​ នៅក្នុង​រមណីយដ្ឋាន​អង្គរ​ ជាផលិតផលទេសចរណ៍ថ្មីសម្រាប់ឆ្នាំ២០២១។ ផ្លូវកង់ថ្មីនេះ ក៏នឹងក្លាយជារបៀបវារៈក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ និងពិនិត្យវាយតម្លៃពីអ្នកជំនាញអន្តរជាតិនៃគណៈកម្មាធិការ ICC អង្គរ នៅថ្ងៃទី២៦ និង២៧ ខែមករានេះផងដែ​រ​។

 


ផ្លូវកង់ថ្មីដែលត្រូវបានបានស្ថាបនាឡើងនាឆ្នាំ២០២០កន្លងទៅនេះ ត្រូវបានឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាឲ្យដឹងថា ធ្វើឡើងដើម្បីជួយសម្រួលចរាចរណ៍ និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងអ្នកទេសចរណ៍។ ផ្លូវថ្មីនេះ ក៏រំពឹងថា នឹងអាចចូលរួមចំណែកថែរក្សាបរិស្ថានក្នុងតំបន់អង្គរ និងទាក់ទាញទេសចរណ៍កីឡា អ្នកជិះកង់កម្សាន្ត អ្នកជិះកង់ហាត់ប្រាណដើម្បីសុខភាពជាដើម។

ក្នុងពេលដឹកនាំក្រុមការងារជិះកង់សាកល្បងលើផ្លូវកង់ថ្មីនេះ កាលពីថ្ងៃអាទិត្យ ឯកឧត្តម ហង់ ពៅ បានបញ្ជាក់ថា ផ្លូវកង់នេះ ជាផលិតផលទេសចរណ៍ថ្មីសម្រាប់ឆ្នាំ២០២១នៅក្នុងរមណីយដ្ឋានអង្គរ។

 

 

យ៉ាងណាមិញ ផ្លូវកង់ថ្មីនេះ នឹងត្រូវរងចាំអ្នកជំនាញរបស់ ICC អង្គរ ដែលនឹងមកពិនិត្យ និងដកបទពិសោធន៍កម្រិតសប្បាយពេញចិត្តចំពោះគម្រោងនេះយ៉ាងណា ហើយថាតើនៅមានចំណុចណាខ្លះទៀតដែលត្រូវកែសម្រួល ដើម្បីឲ្យស្របតាមគោលការណ៍រមណីយដ្ឋានដែលជាបេតិកភណ្ឌពិភពលោក។

 


គម្រោងផ្លូវកង់ថ្មីនេះ ក៏ទំនងជាអាចនឹងត្រូវក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា​ លើកយកទៅពិភាក្សាក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៣៤ និងកិច្ចប្រជុំពេញអង្គលើកទី២៧ របស់គណៈកម្មារធិការអន្តរជាតិ ហៅកាត់ អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី២៦ និង២៧ ខែមករានេះផងដែរ។

 


គួរជម្រាបថា ផ្លូវ​កង់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ មាន​ចម្ងាយ​សរុប​២៣​គីឡូម៉ែត្រ។ ផ្លូវ​កង់នេះ ​ត្រូវបាន​សាធារណជន​បង្ហាញ​ការគាំទ្រ​ជាខ្លាំង​ ដោយសារជាផ្លូវថ្មីដាច់ដោយឡែក​ពី​ផ្លូវ​ឡាន​ និង​ម៉ូតូ​ និងមានភាពបត់បែន​តាម​ធម្ម​ជាតិ ​បត់បែន​តាម​ដើមឈើ​តូចធំ និងកាត់​តាម​តំបន់​ប្រាសាទ​សំខាន់ៗក្នុង​រមណីយដ្ឋាន​អង្គរ​។ អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរ អ្នកជិះកង់កម្សាន្ត និងអ្នកជិះកង់ហាត់ប្រាណទាំងអស់ចូលរួមថែរក្សាអនាម័យ បរិស្ថាន ដោយកុំបោះសំបកដបទឹក និងសំរាម នៅតាមបណ្តោយផ្លូវកង់ថ្មីនេះ៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ ផ្តល់ដោយជំនាញ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024