ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកជំនាញសុវត្ថិភាពចរាចរណ៍ ជំរុញឲ្យរថយន្តដឹកកម្មករទាំងអស់ ផ្លាស់ប្តូរទៅជារថយន្តស្តង់ដារ ឲ្យបានឆាប់រហ័ស

២៥ មករា ២០២១ | ព័ត៌មានជាតិ

​​អ្នកជំនាញសុវត្ថិភាពចរាចរណ៍ ជំរុញឲ្យរថយន្តដឹកកម្មករទាំងអស់ ផ្លាស់ប្តូរទៅជារថយន្តស្តង់ដារ ដើម្បីការពារ និងចូលរួមបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានជាយថាហេតុលើកម្មករ។ ក្នុងនោះ បណ្តាញសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងចុះសិក្សាពីលទ្ធភាព ដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរកាន់តែឆាប់រហ័ស។

 


ប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹង សិក្ខាសាលាបណ្តុះបណ្តាលស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់មន្ត្រីសហភាពសហព័ន្ធ និងសហជីពកម្មករនិយោជិត នៅថ្ងៃទី២៥ ខែមករា នៅសាលប្រជុំមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន លោក គឹម បញ្ញា បានបន្ថែមថា នាពេលខាងមុខ នឹងអាចជំរុញការផ្លាស់ប្តូរពីការប្រើរថយន្តដឹកទំនិញមកជារថយន្តដែលមានស្តង់ដារវិញ ពីព្រោះក្រៅពីការសិក្សាស្រាវជ្រាវនៅខែកុម្ភៈខាងមុខនេះ អង្គការមូលនិធិ​បង្ការ​របួស​អាស៊ីនឹងជួបជាមួយភាគីរោងចក្រ កម្មករ និងអ្នកដឹកកម្មករដោយផ្ទាល់ ដើម្បីជំរុញបញ្ហានេះឲ្យមានដំណោះស្រាយឲ្យបានឆាប់រហ័ស។

 


ដោយឡែក លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ នឹងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអះអាងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រថយន្តដឹកកម្មករប្រហែលជាកណ្តាលដែលបានផ្លាស់ប្តូររថយន្តដែលមានសុវត្ថិភាព។

 


បើតាមលោកជំទាវ មឹន មាណវី ក្នុងឆ្នាំ២០២០កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ដែលបានកើតទៅលើរថយន្តកូរ៉េ ប្រើសម្រាប់ដឹកជញ្ជូនកម្មករមានចំនួន ១៥លើក ដោយបានសម្លាប់កម្មករ និយោជិត កំពុងធ្វើដំណើរទៅធ្វើការងារចំនួន ៤នាក់ និងរងរបួស ធ្ងន់ស្រាលសរុប ៣៥៣នាក់។

 


របាយការណ៍របស់ការិយាល័យគោលនយោបាយ នៃក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិតនៃបេឡាជាតិសន្តិសុខសង្គម កាលពីឆ្នាំ២០១៩ បានឲ្យដឹងថា  មានរថយន្តដឹកកម្មករនិយោជិតសរុបចំនួន ៤៥៣៧គ្រឿង បានចរាចរណ៍និងប្រើប្រាស់នៅកម្ពុជា ក្នុងនោះរថយន្តប្រភេទទេសចរណ៍ មានចំនួន ១៧១០គ្រឿង ស្មើនឹង ៣៨% និងរថយន្តដឹកទំនិញមានចំនួន ២៨២៧គ្រឿង ស្មើនឹង ៦២%៕

 

អត្ថបទ៖ អឿន ភារ៉ា រូបភាព៖ សុខ​ ពិសិដ្ឋ និងឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024