ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ស្រា និងបារី គឺជាកត្តានាំឱ្យរលាកថ្លើម B និង C ទៅជាមហារីក និង​ក្រិនថ្លើម

២៥ មករា ២០២១ | ព័ត៌មានជាតិ

​​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួងសុខាភិបាល បានអះអាងថា បារី និង​គ្រឿងស្រវឹង នៅតែជាកត្តាដ៏គ្រោះថ្នាក់បំផុត សម្រាប់សុខភាព និងសេដ្ឋកិច្ចនៅកម្ពុជា ហើយបើនិយាយចំពោះជំងឺរលាកថ្លើមវិញ ការប្រើប្រាស់គ្រឿងស្រវឹង និង​ថ្នាំ​ជក់  នៅតែជាមូលហេតុដ៏ចម្បង បណ្តាលឱ្យមានបញ្ហាជំងឺរលាកថ្លើមប្រភេទ B និង C ប្រែទៅជាជំងឺថ្លើមធ្ងន់ធ្ងរ គឺជំងឺមាហារីកថ្លើម និង​ជំងឺក្រិនថ្លើម​។

 


តាមពិតទៅជំងឺរលាកថ្លើមប្រភេទ B និង ប្រភេទ C គឺជាជំងឺដែលអាចព្យាបាលបាន ។ ប៉ុន្តែការប្រើប្រាស់គ្រឿងស្រវឹង គឺជាមូលហេតុដ៏ចម្បងបំផុតមួយ បណ្តាលឱ្យជំងឺរលាកថ្លើម B និង C វិវឌ្ឍទៅជាជំងឺថ្លើមធ្ងន់ធ្ងរ គឺជំងឺមហារីកថ្លើម ខណៈការប្រើប្រាស់ថ្នាំជក់ គឺជាមូលហេតុដ៏ចម្បងបំផុតមួយ បណ្តាលឱ្យជំងឺថ្លើមទាំង ២ ប្រភេទនេះ ក្លាយទៅជាជំងឺថ្លើមធ្ងន់ធ្ងរដែរ នោះគឺជំងឺក្រិនថ្លើម ។ នេះគឺជាការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងសុខាភិបាល នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ និង ហិរញ្ញប្បទានសម្រាប់កម្មវិធីឆ្លើយតបជំងឺរលាកថ្លើមដោយវីរុស នាព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២១ នេះ ។

 


គប្បីររំឭកថា កាលពីឆ្នាំ ២០១៧    អង្គការសុខភាពពិភពលោក WHO បានប៉ាន់ប្រមាណថា នៅប្រទេស កម្ពុជា មានអ្នកជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុស បេ ចំនួន ៣ ភាគរយ នៃ ប្រជាជនសរុប ឬ ប្រមាណជា ៤៧៥ ០០០ នាក់ និង អ្នកកំពុងរស់នៅជាមួយជំងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុស សេ មានចំនួន ១,៦ ភាគរយ នៃ ប្រជាជនសរុប ឬ ប្រមាណជា ២៥៧ ០០០នាក់ ហើយគឺជាប្រភេទជំងឺរលាកថ្លើមដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជាជំងឺក្រិនថ្លើម និង មហារីកថ្លើម ។ ម្យ៉ាងទៀតជំងឺមហារីកថ្លើម មានប្រមាណ ១៦ ភាគរយ ក្នុងចំណោមជំងឺមហារីកទាំងអស់ នៅ កម្ពុជា ។

 


ចំពោះគ្រឿងស្រវឹង ត្រូវបានទទួលស្គាល់ថាគឺជាមូលហេតុដ៏ចម្បងនាំឱ្យមានអំពើហិង្សា និង ការរំលោភបំពានផ្សេងៗ ដូចជាការរំលោភផ្លូវភេទជាដើម ហើយនៅកម្ពុជា គ្រឿងស្រវឹងគឺជាមូលហេតុចម្បងទី ២ បណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែល ក្នុងនោះប្រជាពលរដ្ឋច្រើនជាង ២ ០០០ នាក់បានស្លាប់ និង របួស និង ខាតបង់ទ្រព្យសម្បត្តិគិតជាថវិកាប្រមាណ ៤៤ លានដុល្លារ អាមេរិក ក្នុង ១ ឆ្នាំៗ  ។

 


ចំពោះ បារី វិញ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត គឺតាមរយៈការសិក្សារបស់ ការអង្គការសហប្រជាជាតិ  បានអះអាងថា ប្រជាពលរដ្ឋកម្ពុជាចំនួនប្រមាណជា ១៥ ០០០ នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺ បង្កដោយការប្រើប្រាស់ថ្នាំជក់ ។ ការប្រើប្រាស់ថ្នាំជក់ បណ្ដាលឱ្យកម្ពុជា ខាតបង់ទឹកប្រាក់ប្រមាណជា ៦៤៩ លានដុល្លាអាមេរិក ក្នុងមួយឆ្នាំ ដែលក្នុងនោះទឹកប្រាក់ប្រមាណជា ៥៨៤ លានដុល្លារ បណ្ដាលមកពីការខាតបង់ផលិតភាពសេដ្ឋកិច្ច ជំងឺ និង មរណភាពមុនអាយុជាដើម  ។

 


ការសិក្សារបស់ស្ថាប័នធំៗ ដូចជាអង្គការសុខភាពពិភពលោក និង ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ជាដើម សុទ្ធតែផ្តល់អនុសាសន៍ដូចៗគ្នាថា ដើម្បី កាត់បន្ថយការខាតបង់ដ៏ធំធេងខាងលើនេះបាន កម្ពុជា ត្រូវមានច្បាប់ច្បាស់លាស់ ខណៈបច្ចុប្បន្ន កម្ពុជា ទើបមានវិធានការ និង សារអប់រំតិចតួចនៅឡើយ ៕

អត្ថបទ៖ ខឿន សាឃាង​រូប៖ ឆិល សុភ័ស្ត និង​ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024