ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ការប្រគំតន្រ្តីដ៏អធិកអធមត្រូវប្រារព្ធឡើងដើម្បី អបអរការសម្ពោធប្រធានបទនៃភាពជាដៃគូកម្ពុជា- អាមេរិក សម្រាប់ឆ្នាំ ២០២១ 

២២ មករា ២០២១ | កម្សាន្ដ

ដើម្បីរឹតចំណងមិត្តភាព និងអបអរសម្ពោធប្រធានបទនៃភាពជាដៃគូកម្ពុជា- អាមេរិក សម្រាប់ឆ្នាំ ២០២១ ក្រុមតន្ត្រីល្បីៗចំនួន៣ បានពួតដៃគ្នាប្រគំយ៉ាងអធិកអធម នៅបរិវេនស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា។

 

 

ពិធីប្រគំតន្រ្តីសម្ពោធប្រធានបទនៃភាពជាដៃគូកម្ពុជា- អាមេរិក សម្រាប់ឆ្នាំ ២០២១ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅបរិវេនស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

 


មិនត្រឹមសម្ភោធជាផ្លូវការនូវប្រធានបទប្រចាំត្រីមាសស្តីពីភាពជាដៃគូរវាងគ្នានិងគ្នានោះទេ ពិធីនេះក៏មានការបើកបង្ហាញឡូហ្គោថ្មីសម្រាប់ឆ្នាំ ២០២១ គឺ AmCam2021 ផងដែរ។ 

 


ថ្លែងក្នុងពិធីសម្ពោធរូបសញ្ញាភាពជាដៃគូរបស់អាមេរិក ដល់ការអភិវឌ្ឍន៍នៅកម្ពុជាលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២១នេះទំនាក់ទំនងរវាងអាមេរិក និងកម្ពុជា បានផ្ដោតទៅលើវិបុលភាព និរន្តរភាព, គោលការណ៍, គុណតម្លៃ, សន្តិភាព, សន្តិសុខ និងកិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងពេលដែលកម្ពុជារៀបចំខ្លួនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២២ ដែលបណ្ដាមេដឹកនាំពិភពលោក និងអាមេរិក ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។ លោកសង្ឃឹមថាកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២អាមេរិក-កម្ពុជានឹងនាំមកនូវភាពជោគជ័យបន្តទៀត។

 

 

ទោះជាមានជំងឺរាតត្បាតប៉ះពាល់ដល់សេដ្ឋកិច្ច ក៏យើងនៅបន្តការងារទៅតាមកម្មវិធី, ការផ្ដល់ជំនួយសិក្សាអប់រំ និងជំនួយជាច្រើនទៀត។ 

 


លោកបញ្ជាក់បន្ថែមថា ប្រធានាធិបតីថ្មីរបស់អាមេរិក លោកចូ បៃដិន និងអ្នកស្រីអនុប្រធានាធិបតី មានការចាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

 

 

ក្នុងនោះប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសអាស៊ាន គឺជាទីចាប់អារម្មណ៍ខ្លាំងដែលអាមេរិកបន្តធ្វើជាដៃគូយុទ្ធសាស្ត្រ និងទំនាក់ទំនងជាបន្តទៀត។

 


ក្នុងពិធីដ៏ឱឡារិកនេះទៀតសោធន៍ ឯកឧត្ដម ចែម វិដ្យា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានបញ្ជាក់ថា ទំនាក់ទំនងកាទូតរវាងប្រទេសទាំង២អាមេរិក-កម្ពុជា មានវ័យចំណាស់យូរមកហើយ ដែលអាមេរិកបានជួយដល់កម្ពុជាលើផ្នែកមនុស្សធម៌ រហូតដល់វិស័យសេដ្ឋកិច្ច ធ្វើឲ្យកម្ពុជាមានការរីកចម្រើន និងវិបុលភាព សុខសន្តិភាព អភិវឌ្ឍន៍រីកចម្រើនរហូតដល់សព្វថ្ងៃ។ 

 

 

ចំណងការទូតរវាងប្រទេសទាំង២ បានប្រកាន់ខ្ជាប់នូវចំណងមិត្តភាព សាមគ្គីភាព, ការស្រឡាញ់ និងគោរពគ្នាទៅវិញទៅមក។ នៅឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន ហើយសង្ឃឹមថាមេដឹកនាំនៃប្រទេសទាំង២ នឹងផ្លាស់ប្ដូរទស្សនកិច្ចរវាងគ្នាទៅវិញទៅមក។

 


ដើម្បីរឹតចំណងមិត្តភាព និងអបអរសម្ពោធប្រធានបទនៃភាពជាដៃគូកម្ពុជា- អាមេរិក សម្រាប់ឆ្នាំ ២០២១នេះ ក្រុមតន្ត្រីល្បីៗចំនួន៣ ដូចជា ក្រុមតន្រ្តី Small World Small Band, Medha  និង KlapYaHandz បានពួតដៃគ្នាប្រគំយ៉ាងអធិកអធមញាុំងឲ្យពិធីនេះកាន់តែឱឡារិកថែមមួយកម្រិតទៀត។

 

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024