ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ប្លែកភ្នែកនឹងគម្រោងការតុបតែងភ្លើង LED នៅចម្ការដំណាំ

២២ មករា ២០២១ | កម្សាន្ដ

សិល្បករសញ្ជាតិហូឡង់ឈ្មោះ Daan Roosegaarde (ដាន រ៊ូសហ្គាដេ) បានចាប់ផ្ដើមគម្រោងការពិសេសមួយឈ្មោះថា “Grow” ដើម្បីតុបតែងតំបន់ចម្ការដំណាំជនបទឲ្យមានសម្រស់ទាក់ទាញពេលរាត្រីជាមួយពន្លឺភ្លើងពណ៌ LED

 


សិល្បករសញ្ជាតិហូឡង់ឈ្មោះ Daan Roosegaarde (ដាន រ៊ូសហ្គាដេ) បានបង្កើតគម្រោងការថ្មីមួយដោយបានប្រើប្រាស់សម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃដំណាំ តុបតែងបន្ថែមដោយពន្លឺភ្លើង LED ដែលមើលទៅពិតជាប្លែកភ្នែកបំផុត។

 


គម្រោងការពិសេសមួយនេះមានឈ្មោះថា “Grow” ដែលត្រូវបានបង្កើតឡើងមកក្នុងគោលបំណងបង្ហាញនូវការគោរពដល់កសិករ និងជំរុញទឹកចិត្តពួកគេឲ្យសាកល្បងពិសោធន៍នូវពន្លឺសិប្បិនិម្មិតជាមួយការធ្វើការកសិកម្មផងដែរ។

 


ការប្រើប្រាស់ពន្លឺភ្លើង LED សម្រាប់ដាំដុះដំណាំនៅឯទីក្រុងនៃប្រទេសហូឡង់ បានក្លាយជាទំនោរពេញនិយមមួយ។ ប៉ុន្តែសិល្បករឈ្មោះ Daan (ដាន) រូបនេះបាននិយាយថាការប្រើប្រាស់ពន្លឺភ្លើង LED នៅតាមស្រែចម្ការនៃតំបន់ជនបទ ប្រហែលជាអាចជួយផ្ដល់នូវផលប្រយោជន៍ដូចគ្នា។

 


គម្រោងការរបស់ Daan (ដាន) ក៏មានធ្វើការពិសោធន៍មើលដែរថាការទទួលរងនូវពន្លឺភ្លើង LED បែបនេះអាចជួយកាត់បន្ថយការប្រើប្រាស់ថ្នាំសម្លាប់ល្អិតបានដែរឬយ៉ាងណា។

 


ដោយសារតែជំងឺកូវីដ១៩ ដូចនេះវីដេអូបង្ហាញអំពីគម្រោងការ “Grow” បានយកចាក់ផ្សាយលើវិបសាយរបស់ Daan (ដាន) ជាជាងការបើកទ្វារទទួលសាធារណជនឲ្យចូលទស្សនាចម្ការដែលស្ថិតនៅទីក្រុង Lelystad (ឡេលីស្ទេត) នៃប្រទេសហូឡង់មួយនេះ។


យ៉ាងណាក្ដី Daan (ដាន) មានគោលដៅក្នុងការនាំយកគម្រោងការ “Grow” ទៅអនុវត្តន៍នៅប្រទេសចំនួន ៤០នៅលើពិភពលោក ដោយនៅទីតាំងនីមួយៗនឹងមានការរួមបញ្ចូលនូវដំណាំប្រចាំតំបន់ ឬប្រចាំប្រទេស ជាមួយពន្លឺភ្លើង LED ខុសប្លែកពីគ្នា៕
 

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024