ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

«សហគមន៍អេកូទេចរណ៍កោះទ្រង់» មនោរម្យបំផុតសម្រាប់ទេសចរអំឡុងកូវីដ១៩

២២ មករា ២០២១ | កម្សាន្ដ

ថ្ងៃនេះកម្មវិធីសិល្បៈកម្សាន្តភីអិនអិន សូមណែនាំលោកអ្នកទៅទីតាំងទេសចរណ៍មួយដែលស្ថិតនៅបណ្តោយទន្លេមេគង្គ ទីដែលអាចផ្តល់ភាពស្ងប់ស្ងាត់ឲ្យភ្ញៀវទេសចរអំឡុងពេលកូវីដ១៩ សម្រាកលំហែកាយប្រកបដោយសុវត្ថិភាពក្នុងអំឡុងកូវីដ១៩នេះនៅលើទឹកដីខេត្តក្រចេះ។

 


លើកឡើងពី សហគមន៍អេកូទេចរណ៍កោះទ្រង់ លើទឹកដីខេត្តក្រចេះ ពិសេសអ្នកធ្លាប់បានទៅកម្សាន្តផ្ទាល់នៅទីនោះពិតជ្រាបច្បាស់ហើយថា សហគមន៍អេកូទេសចរណ៍នេះ ជាសហគមន៍ចំណាស់មួយក្នុងចំណោមសហគមន៍ជាច្រើនផ្សេងទៀតលើទឹកដីខេត្តក្រចេះភាគជើងប្រទេសកម្ពុជានេះ។

រហូតមកទល់បច្ចុប្បន្ន សហគមន៍អេកូទេចរណ៍កោះទ្រង់ នៅតែឈរជាសហគមន៍ពេញដោយសក្កានុពលទេសចរណ៍សម្រាប់ភ្ញៀវធ្វើដំណើរមកកម្សាន្ត ពេលមកលេងទឹកដីខេត្តក្រចេះ តែគួរឲ្យសោកស្តាយសហគមន៍នេះមិនខុសពីទីតាំងកម្សាន្តផ្សេងទៀតដែលរងផលប៉ះពាល់ដោយសារវិបត្តិការរាតត្បាតនៃជំងឺកូវីដ១៩។

 


យ៉ាងណាត្បិតភាពស្ងប់ស្ងាត់បានកើតឡើងជាអន្លើរ តែប្រជាសហគមន៍ជ្រកក្រោមស្លាកឈ្មោះសហគមន៍អេកូទេសចរណ៍ចំណាស់នេះ ត្រៀមខ្លួនរៀបរយហើយសម្រាប់ទទួលទេសចរជាតិ អន្តរជាតិ ដែលគ្រោងធ្វើដំណើរទៅរំសាយអារម្មណ៍ បោះចោលភាពតានតឹង ភាពតប់ប្រមល់ទាំងឡាយទាំងពួង។

 


លាតសន្ធឹងលើផ្ទៃដីប្រមាណជាង២០០ហិកតា ស្មើរ៩គីឡូម៉ែតការ៉េ សហគមន៍អេកូទេសចរណ៍កោះទ្រង់ បានបណ្តែតខ្លួន បង្អួតសម្រស់សែនស្រស់ត្រកាលនៅចំកណ្តាលផ្ទៃទឹកល្វឹងល្វើយនៃទន្លេមេគង្គផ្នែកខាងលើ ជាលំហូរទឹកដែលអំបូរផ្សោតទន្លេមេគង្គ អ៊ីរ៉ាវ៉ាឌី កំពុងជ្រកកោន។ 

 


គិតមកទល់ពេលនេះ សហគមន៍អេកូទេសចរណ៍កោះទ្រង់ បានចូលរួមបម្រើសេវាកម្មទេសចរណ៍ រយៈពេលជាង១ទសវត្សមកហើយ។ សេវាកម្មនាំឲ្យសហគមន៍មួយនេះសាងភាពល្បីល្បាញ ក្លាយជាកន្លែងដែលគ្រប់គ្នាមិនគួរមើលរំលង គឺការយកចិត្តទុកដាក់ថែទាំអនាម័យ បរិស្ថានស្អាត អមដោយបរិយាកាសបែបស្រុកស្រែចម្ការ។

 

 

ងាកទៅទិសណាៗពោរពេញដោយកសិផលិតផលរបស់បងប្អូនប្រជាសហគមន៍កំពុងដាំដុះ ចម្រើនលូតលាស់។ 

 


អស្ចារ្យជាងនេះ គឺបទពិសោធន៍ការជិះរទេះសេះដែលបច្ចុប្បន្នគេពុំសូវឃើញមាននៅទីណាៗឡើយ លើកលែងតែសហគមន៍អេកូទេសចរណ៍កោះទ្រង់ ដែលនៅអភិរក្ស រក្សាបានយ៉ាងល្អដើម្បីឲ្យភ្ញៀវបានរីករាយ ក្នុងការសាងអនុស្សាវីរយ៍ពេលមកកម្សាន្តនៅទីនេះ។

 


ក្រៅពីរទេះសេះ ទីនេះមានមានកង់សម្រាប់ជួលជិះកម្សាន្តក្នុងតម្លៃសមរម្យផងដែរ។ លោកអ្នកអាចរីករាយគយគន់ដើមក្រូចថ្លុងដែលដុះអមសងខាងផ្លូវ កំពុងតែធ្លាក់ផ្លែរណេងរណោងមានតូចមានធំតាមទំហំធម្មជាតិផ្តល់ដោយរស្មីសំយោគព្រះអាទិត្យ និងការថែមទាំ។

 

 

បន្ថែមពីលើនេះ លោកអ្នកក៏នឹងបានឃើញចម្ការបន្លែចម្រុះមុខដាំដុះតាមផ្ទះប្រជាសហគមន៍នីមួយៗទៀតផង។

 

 

បន្លែបង្ការនេះហើយ ដែលប្រជាសហគមន៍នឹងយកមកធ្វើម្ហូបចំអាបសម្រាប់ទទួលភ្ញៀវទេសចរតាមពេលវេលា និងចំណងនៃការទទួលទានរបស់ភ្ញៀវ។

 


ភាពស្ងប់ស្ងាត់ រួមជាមួយជីវចម្រុះដ៏រស់រវើក កាន់តែមើលកាន់តែដូចផ្ទាំងគំនូរ ជម្រុញឲ្យសហគមន៍អាយុចំណាស់ការនេះកំពុងតែក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកស្វែងរកទីតាំងសម្រាកកម្សាន្តនាអំឡុងពេលកូវីដ១៩។

 


អស់ក្តីកង្វល់ចំពោះទេសចរមានបំណងមកកម្សាន្តទីនេះ ព្រោះប្រជាសហគមន៍នៅសហគមន៍អេកូទេសចរណ៍កោះទ្រង់ តាមរយៈមន្ទីរទេសចរណ៍ខេត្តក្រចេះ បានយល់ដឹង និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននៅវិធានគោលការណ៍ក្នុងការការពារវីរ៉ុសកូវីដ១៩ ដែលកំពុងកើតមាននៅពេលនេះ។

 



ទោះបានកំពុងអនុវត្តតាមសេចក្តីណែនាំយ៉ាងខ្ជាប់ខ្ជួនក៏ពិតមែន ក៏លោកប្រធានសហគមន៍ ទទូចស្នើរឲ្យមន្ទីរទេសចរណ៍ខេត្តឲ្យចុះមកបណ្តុះបណ្តាលពីវិធានការពារ និងរបៀបបដិសណ្ឋារកិច្ចផ្សេងៗបន្ថែមទៀតដល់ប្រជាសហគមន៍ដែលមានចន្លោះខ្វះខាតលើរឿងនេះ។ 

 


សហគមន៍អេកូទេចរណ៍កោះទ្រង់ ជាកោះមួយដែលស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខទីរួមខេត្តក្រចេះ ទិសខាងលិចប្រមាណ១គ.ម។ ទេសចរអាចឈ្លៀតពេលទស្សនាសម្រស់ដ៏ត្រកាល ប្រៀបបានផ្ទាំងគំនូរពិតៗកំពុងតែមានជីវិត នៅពេលជិះទូក ឬសាឡាង១០នាទី មុនឆ្លងទៅដល់ដែនដីកោះទ្រង់។

 


ដើម្បីភាពសម្បួរបែបរបស់ទេសចរដែលមកកម្សាន្តទីនេះ ប្រធានសហគមន៍អេកូទេសចរណ៍កោះទ្រង់ បានកំពុងរៀបចំកញ្ចប់ខ្សែទេសចរណ៍ថ្មីមួយទៅកាន់ទីទួលវត្តពន្លឺពេជ្រគីរីរាម ហៅភ្នំស្រលាញ់ ដោយទេសចរអាចធ្វើដំណើរទៅទីនោះបានតាមរយៈមធ្យោបាយដែលសហគមន៍គ្រោងរៀបចំឡើង។

 

 

ភ្នំស្រលាញ់ អាចឲ្យអ្នកគយគន់សម្រស់ព្រៃព្រឹក្សា ភ្នំ និងលំហូរទឹកផ្នែកខាងលើ និងរូបរាងដែនដីកោះទ្រង់យ៉ាងច្បាស់។ ទីនោះទៀតសោធន៍ ក៏មានទីទួលសក្ការៈសម្រាប់ពុទ្ធសានិកធ្វើការអុជធូប បួងសួងសុំសេចក្តីសុខថែមទៀតផង។

 

 

ប្រសិនលោកអ្នកកំពុងស្វែងរកទីតាំងដំណើរកម្សាន្តក្នុងអំឡុងកូវីដ១៩ សហគមន៍អេកូទេចរណ៍កោះទ្រង់ សាកសមហើយមនោរម្យបំផុតសម្រាប់ទេសចរចូលចិត្តភាពស្ងប់ស្ងាត់នារដូវកាលកូវីដ១៩នេះ។

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024